កម្ពុជា​ទទួលបាន​ជំនួយ​បរិក្ខារ​ផ្នែក​សន្តិសុខ​ជាតិ​ពី​ចិន​
ជាតិ
កម្ពុជា​ទទួលបាន​ជំនួយ​បរិក្ខារ​ផ្នែក​សន្តិសុខ​ជាតិ​ពី​ចិន​
11, Sep 2019 , 1:39 pm        
រូបភាព
លោកនាយ​ឧត្ដមសេនីយ៍ នេត សាវឿន (ឆ្វេង) អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ ទូ ហាងហៃ្វ អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ នៅ​​ទី​ក្រុង​ប៉េកាំង​កាល​ពី​ដើម ខែកញ្ញា ឆ្នាំ២០១៩។ (រូបភាព​ពី​​គេហទំព័រ​​នគរបាល​ជាតិ)
លោកនាយ​ឧត្ដមសេនីយ៍ នេត សាវឿន (ឆ្វេង) អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ ទូ ហាងហៃ្វ អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ នៅ​​ទី​ក្រុង​ប៉េកាំង​កាល​ពី​ដើម ខែកញ្ញា ឆ្នាំ២០១៩។ (រូបភាព​ពី​​គេហទំព័រ​​នគរបាល​ជាតិ)
ដោយ: VOA
​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បានស្នើ​ប្រទេស​ចិន​ឲ្យ​ជួយ​បំពាក់​មធ្យោបាយ និង​សម្ភារៈ​សម្រាប់​ធានា​ដល់​ការការពារ​សុវត្ថិភាព​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នៅ​ឆ្នាំ​២០២០ និង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​២០២៣ ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

 
​សំណើ​នេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ លោក នេ​ត សាវឿន ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​សប្ដាហ៍​មុន​។​
 
 
​ក្នុងជំនួប​ទ្វេភាគី​ជាមួយ លោក ទូ ហាង​ហៃ្វ អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន លោក នេ​ត សាវឿន  បានស្នើ​ភាគី​ចិន​ឲ្យ​បន្ត​គាំទ្រ​ទាំង​បទពិសោធន៍ និង​ការបំពាក់​មធ្យោបាយ​សម្ភា​រៈ​សម្រាប់​ការរៀបចំ​ផែនការ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ឆ្នាំ​២០២០ និង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅថា​ស៊ី​ហ្គេម​២០២៣​។​
 
​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ឲ្យ​ដឹងថា​ភាគី​ចិន «​ទទួលយក និង​សន្យា​ជួយ​គាំទ្រ​អស់ពី​ចិត្ត​ពី​ថ្លើម​» ដល់​ប្រទេស​កម្ពុជា​។​
 
​យ៉ាងណាក្តី​លើ​គេហទំព័រ​អគ្គស្នងការ​ដដែល​នោះ​មិនបាន​បញ្ជាក់ថា តើ​មធ្យោបាយ និង​សម្ភារៈ​ដែល​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​ចិន​ជួយ​សម្រាប់​ការពារ​កម្មវិធី​ធំៗ​ទាំងពីរ​នោះ មាន​អ្វីខ្លះ​នោះទេ​។​
 
VOA មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម ខឿន បានទេ រហូតដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ ដោយ​លោក​ទាំងពីរ​ប្រាប់ថា​លោក​ទាំងពីរ​កំពុង​ជាប់​ប្រជុំ​។​
 
​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) គឺជា​វេទិកា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​បណ្ដា​ប្រទេស​មកពី​តំបន់​អឺរ៉ុប​។ ប្រមុខ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ទាំងនោះ នឹងចូលរួម ពិភាក្សា​ដោយ​ឈរលើ​សសរស្ដម្ភ​ចំនួន​៣ គឺ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង ដោយមាន​ប្រទេស​ដែល​ទទួលបន្ទុក​រៀបចំ​វេទិកា​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​រៀបចំ​។​
 
​ដោយឡែក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​គឺជា​ការប្រកួត​កីឡា​កម្រិត​អន្តរជាតិ​រវាង​បណ្ដា​ប្រទេស​សមាជិកសមាគម​អាស៊ាន​ដែលមាន​ប្រទេស​ចំនួន​១១​ចូលរួម​ដោយ​បូក​បញ្ចូល​ប្រទេស​ទី​ម័​រ ដែល​កំពុងតែ​ត្រៀម​ចូល​ជា​សមាជិក​ថ្មី​របស់​សមាគម​អាស៊ាន​ផងដែរ​។​
 
​លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​មួយរូប​លើកឡើងថា ការស្នើ​សម្ព័ន្ធមិត្ត​ឲ្យ​ផ្ដល់ជំនួយ​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​កិច្ចប្រជុំ​ធំៗ គឺជា​ចំណុច​ល្អ ប្រសិនបើ​កម្ពុជា​មិនមាន​ធនធាន​គ្រប់គ្រាន់​។ យ៉ាងណាក្ដី​លោក​ថា កម្ពុជា​គួរ​ស្នើការ​ការពារ​សន្តិសុខ​នេះ​ពី​គ្រប់ភាគី ដើម្បី​បង្ហាញ​អំពី​ការសហការ​អន្តរជាតិ​ដោយ​គ្មាន​លម្អៀង​។​
 
«​កម្ពុជា​គួរតែ​បើក​ចិត្ត​ទូលាយ​សុំ​ទៅគ្រប់​ភាគី​ទៅ ហើយ​កន្លែង​ហ្នឹង​ក៏​កម្ពុជា​អាច​មើលឃើញ​អំពី​គេ​ហៅថា​ជំហរ​កិច្ចសហប្រតិបត្តិការ​រ​បស់​មហាមិត្ត​ទាំងអស់​លើ​សកលលោក កុំ​ឲ្យ​តែ​កម្ពុជា​សុំ​តែ​ទៅ​ចិន អាហ្នឹង​ជាហេតុ​ផល​មួយ​ដែល​លោកខាងលិច​ហ្នឹង​គេ​គិតថា កម្ពុជា​លម្អៀង​ទៅ​លោក​ខាងកើត​»​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែតុលា ឆ្នាំ​២០១៨​បានប្រកាស​ប្ដេជ្ញាចិត្ត​ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប ឆ្នាំ​២០២០​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។ ភ្លាមៗ​ក្រោយ​ការប្រកាស​នោះ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង (Li Keqiang) ក៏បាន​ប្រកាស​គាំទ្រ​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នេះ​ផងដែរ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com