ជាតិ
ជាង៤,៥ម៉ឺនគ្រួសារ ជួបគ្រោះទឹកជំនន់ នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និង ត្បូងឃ្មុំ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
× ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ មានពលរដ្ឋជាង៤ម៉ឺន៥ពាន់គ្រួសារ និងដំណាំជាង១ម៉ឺន៤ពាន់ហិកតា បានរងគ្រោះដោយសារទឹកជំនន់ពីការកើនឡើងនៃកម្ពស់ទឹកទន្លេ។
ពលរដ្ឋទាំងនោះ គឺមានជាង៦ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទន្ទឹមនេះ មានសត្វគោ ក្របី ជ្រូក និងពពែ ជាង២ម៉ឺនក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ចំណែក ដំណាំជាង១ម៉ឺន៤ពាន់ហិកតាដែលរងការជន់លិច មានស្រូវជាង១ម៉ឺន៣ពាន់ហិកតា និងដំណាំចម្ការផ្សេងៗជាង៨០០ហិកតា។ នេះបើតាមការបញ្ជាក់របស់លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
រូបភាពពីរដ្ឋបាលខេត្តស្ទឹងត្រែង
លោក កែវ វី បានបញ្ជាក់ថា៖«ពលរដ្ឋ៥នាក់បានស្លាប់ក្នុងអំឡុងពេលទឹកជំនន់នេះ គឺនៅខេត្តក្រចេះ ៣នាក់ ត្បូងឃ្មុំម្នាក់ និងព្រវិហារម្នាក់»។ លោក បានបន្តថា ៣នាក់ដែលស្លាប់នៅក្រចេះ គឺមានលោកតាវ័យ៦៣ម្នាក់ ស្លាប់ដោយសាររើខ្សែភ្លើងពេលទឹកឡើងបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ និងក្មេងស្រីអាយុ១១ឆ្នាំ និងអាយុ១ឆ្នាំ៦ខែម្នាក់ ស្លាប់ដោយសារលង់ទឹក។ រីឯក្មេងប្រុងពីរនាក់ទៀត គឺនៅខេត្តព្រះវិហារអាយុ៣ឆ្នាំ និងនៅខេត្តត្បូងឃ្មុំអាយុ៥ឆ្នាំ ស្លាប់ដោយសារលង់ទឹក។
លោក កែវ វី បន្តថា ចំពោះវត្តអារាមនិងមន្ទីរពេទ្យ មានជាង១០០កន្លែង ត្រូវជន់លិចដោយទឹកជំនន់។ ចំណែកឯការបាក់ច្រាំងទន្លេនៅខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ មានប្រវែងជាង១ម៉ឺនម៉ែត្រ។
អំឡុងពេលនៃការរងគ្រោះដោយទឹកជំនន់នេះ មានផ្លូវ៤៦ខ្សែបានរងការខូតខាត។ នេះបើតាមការអះអាងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការនិងដឹកជញ្ជួន ពេលចុះត្រួតពិនិត្យផ្លូវជាតិលេខ៣កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com