ជាតិ
សង្គមជាតិ
កងកម្លាំងប្រដាប់អាវុធ​១៣២​នាក់ ជា​ឧកញ៉ា​
11, Sep 2019 , 7:19 pm        
រូបភាព
​សម្តេច ទៀ ​បាញ់ ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​នាពេលកន្លងមក (រូបពីក្រសួងការពារជាតិ)
​សម្តេច ទៀ ​បាញ់ ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​នាពេលកន្លងមក (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​កងកម្លាំងប្រដាប់អាវុធ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ​និង​ក្រសួងមហាផ្ទៃ មាន​១៣២​នាក់ ដែលមាន​ងារ​ជា​ឧកញ៉ា​។ អ្នកខ្លះ បោះបង់​ក្របខ័ណ្ឌ​ក្រសួង អ្នកខ្លះ បោះបង់​ងារ​ជា​ឧកញ៉ា ហើយ​អ្នកខ្លះ មិនទាន់​សម្រេចចិត្ត​។



​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ ដែល​រួមទាំង​យោធា កងរាជអាវុធហត្ថ និង កង​អង្គរក្ស មាន​ឧកញ៉ា​៩៩​នាក់​។ លោក លើកឡើងថា ក្នុងចំណោម​៩៩​នាក់​នោះ មាន​អ្នកខ្លះ ស​ម្រេ​ចិត្ត​បោះបង់​ងារ​ជា​ឧកញ៉ា ដើម្បី​រក្សា​ឋានន្តរសក្តិ​ឬ​ក្របខ័ណ្ឌ​ក្នុង​ក្រសួងការពារជាតិ ហើយ​អ្នកខ្លះ សុខចិត្ត​ឈប់​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ ដើម្បី​រក្សា​ងារ​ជា​ឧកញ៉ា​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ពុំបាន​ចាំ​ឡើយ​ថា មកដល់ពេលនេះ មាន​ប៉ុន្មាន​នាក់ បោះបង់​ងារ​ជា​ឧកញ៉ា ហើយ​ប៉ុន្មាន​នាក់ បោះបង់​ក្របខ័ណ្ឌ​នៅ​ក្រសួងការពារជាតិ​។ ប៉ុន្តែ លោក បាន​ប្រាប់ Fresh News ថា មាន​១៦​នាក់ បោះបង់​តំណែង​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ហើយ​៤៥​នាក់ បោះបង់​ងារ​ជា​ឧកញ៉ា​។ ចំណែក ៣៨​នាក់​ទៀត មិនទាន់មាន​ព័ត៌មាន​នៅឡើយ​ទេ ថា​ពួកគេ បោះបង់​មួយណា ហើយ​ជ្រើស​រើសយក​មួយណា​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូបនេះ បាន​អះអាង​ដូច្នេះ​ថា​៖«​អាហ្នឹង​និយាយ​ហើយ​តើ​...​មាន​ប៉ុន្មាន​នាក់​សុំ​ចេញ [​ពី​កងកម្លាំងប្រដាប់អាវុធ​] សល់​ប៉ុន្មាន​នាក់ គេ​នៅ​....​តែ​ខ្ញុំ​អត់​ចាំ​។ ហើយ​ពួកគាត់ ពាក់​សក្តិ​ប៉ុន្មាន ខ្ញុំ​និយាយ​អត់​កើត​ទេ​....»​។​

​ចំណែក​នគរបាល ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ មាន​ងារ​ជា​ឧកញ៉ា​៣៣​នាក់​។ នេះ​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដោយ​លោក អះអាងថា  ក្នុងចំណោម​៣៣​នាក់​នោះ ទើបតែ​មាន​១​នាក់​ប៉ុណ្ណោះ ដែល​សម្រេចចិត្ត​បោះបង់​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ហើយ​ការសម្រេចចិត្ត​របស់​ម​ន្ត្រី​នគរបាល​រូបនោះ គឺ​តាំងពី​សម្តេចនាយក​រដ្ឋមន្ត្រី មិនទាន់​ដាក់​បញ្ជា​មកម្ល៉េះ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ថ្លែងថា ក្រសួង​មិន​បង្ខំ​ឬ​កំណត់ពេល ឲ្យ​នគរបាល​ដែលមាន​ងារ​ជា​ឧកញ៉ា​ទាំងនោះ សម្រេចចិត្ត​ឡើយ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់បាន​ការស្ម័គ្រចិត្ត វា​ល្អប្រសើរ​ជាង​»​។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ធ្វើកំណែទម្រង់​លើ​វិស័យ​កម្លាំងប្រដាប់អាវុធ​បន្តទៀត ដោយ​បញ្ជា​ទៅ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​ក្រសួងការពារជាតិ​និង​ក្រសួងមហាផ្ទៃ ដែលមាន​ងារ​ជា​ឧកញ៉ា ឲ្យ​សម្រេចចិត្ត​ជ្រើស​រើសយក​មួយ គឺ​បន្ត​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ ឬ ចង់បាន​ងារ​ជា​ឧកញ៉ា​។ បើ​បន្ត​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ ត្រូវ​បោះបង់​ងារ​ជា​ឧកញ៉ា តែបើ​យក​ងារ​ជា​ឧកញ៉ា ត្រូវ​ឈប់​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ​៕ 

Tag:
 យោធា​
  នគរបាល​
  ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com