អន្តរជាតិ
៨​ខែ​ដើមឆ្នាំ​២០១៩ ភ្ញៀវទេសចរ​អន្តរជាតិ​ទៅលេង​ថៃ​មាន​២៦,៥​លាន​នាក់​
11, Sep 2019 , 3:52 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

៨​ខែ​ដើមឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចូល​មកលេង​ប្រទេស​ថៃ មាន​ចំនួន​២៦,៥​លាន​នាក់ កើន​ចំនួន​២,៦​ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ។ ក្នុង​ខែសីហា​កន្លងទៅ ចំនួន​ភ្ញៀវទេសចរ​ក៏​កើនឡើង​ដែរ​។ ចំនួន​ភ្ញៀវទេសចរ​ចិន​ហក់​ឡើង​យ៉ាងខ្លាំង​វិញ​ដែរ ក្រោយ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ​នៅ​ថ្ងៃទី​១០ កញ្ញា​។​



​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅដល់​ថៃ​នៅក្នុង​ខែសីហា​មាន​ចំនួន ៣.៤២​លាន​នាក់ និង​បាន​ចំណាយ​ទឹកប្រាក់​អស់ ១៧០​ពាន់​លាន​បាត ដែល​ស្មើនឹង ៥,៥៥​ពាន់​លាន​ដុល្លារ​អាមេរិក ពោល គឺ​កើនឡើង​៧,១២​ភាគរយ​បើ​ប្រៀបធៀប​ឆ្នាំមុន​។ ចំនួន​ជនជាតិ​ចិន​ដែល​ប្រភព​ភ្ញៀវទេសចរ​ធំជាងគេ​បង្អស់​របស់​ថៃ ក៏​កើនឡើង​ជាង​១៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែសីហា​ឆ្នាំមុន​។ គ្រាន់តែ​សីហា​នេះ ទេសចរ​ចិន​ទៅដល់​ថៃ​មាន​ចំនួន​ជាង​មួយ​លាន​នាក់​។

​សម្រាប់​រយៈពេល​៨​ខែ​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ទៅដល់​ថៃ​កើនឡើង ២,៦% ដែល​ស្មើនឹង ២៦.៥​លាន​នាក់​។ រដ្ឋាភិបាល​ថៃ​ជឿជាក់ថា ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​មកលេង​ថៃ នឹង​កើន​ដល់​ចំនួន​គោលដៅ​គឺ ៤០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​របស់​រាជរ​ដ្ឋា​ភិ​បាល លោកស្រី ណា​រ៉ុ​ម៉ុ​ន ពី​ន​យ៉ូ​ស៊ីន​វ៉ា​ត់ (Narumon Pinyosinwat) ដែល​ផ្សាយ​ភ្នាក់ងារ​ទីភ្នាក់ងារ​ព័ត៌មាន Reuter ។

​បើតាម​អ្នកនាំពាក្យ​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប៉ះពាល់​ដោយសារ​លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​លើ​ទីសាធារណៈ ក៏ដូចជា​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​

​កាលពី​ឆ្នាំមុន ថៃ​ទទួល​ភ្ញៀវទេសចរ ៣៨.៣​លាន​នាក់​។ ករណី​លិច​ទូក​នៅ​កោះ​ភូ​កេ​ត​បណ្តាល​ឲ្យ​ជនជាតិ​ចិន​៤៧​នាក់​ត្រូវបាន​ស្លាប់ បាន​ប៉ះពាល់​មុខមាត់​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​យ៉ាងខ្លាំង​។ ចំនួន​ទេសចរ​ចិន​ក៏​ធ្លាក់ចុះ​ខ្លាំង​នៅពេល​ក្រោយមក​។ ដើម្បី​ស្រោចស្រង់​វិស័យ​មួយ​នេះ រដ្ឋាភិបាល​ថៃ ចាប់ផ្ដើម​ដាក់ចេញ​គោលនយោបាយ​ជាច្រើន​ដើម្បី​ប្រមូល​ភ្ញៀវទេសចរ​វិញ​តាមរយៈ​ការមិន​យក​ថ្លៃ​លើ​ការពន្យារ​ទិដ្ឋាការ ឬ​ការលុបចោល​ទិដ្ឋាការ​សម្រាប់​ប្រទេស​មួយចំនួន​។

​វិស័យ​ទេសចរណ៍​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​នៃ​ការរីកលូតលាស់​របស់​ថៃ ដោយ​ចំណូល​ទេសចរណ៍​បរទេស​មាន​ប្រមាណ ១២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ថៃ​។ បន្ទាប់ពី​ចិន ភ្ញៀវ​ឥណ្ឌា គឺជា​ប្រភព​ចំណូល​ទី​ពីរ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ថៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com