ជាតិ
បាក់ឌុប
ខំរៀន​អស់​១២​ឆ្នាំ គ្រាន់តែ​ប្រឡង​ធ្លាក់​១​ដង មិនត្រូវ​បោះបង់ចោល​ការសិក្សា​ទេ​!
11, Sep 2019 , 9:19 pm        
រូបភាព
​ដោយ​៖ ហួ ឆេង​ស៊ីម​

​ភ្នំពេញ​៖«​ប្រឡង​ជាប់ ឬ​ធ្លាក់​» វា​អាស្រ័យ​លើ​សមត្ថភាព​។ ហើយ​បរាជ័យ​ថ្ងៃនេះ ក៏​មិន​ប្រាកដថា ថ្ងៃស្អែក​បរាជ័យ​ដែរ ដរាបណា​មិន​បោះបង់​ការប្រឹងប្រែង​។ កញ្ញា ឡេង សារី​តា និង​កញ្ញា ហោ សុខ​ហេង លើកទឹកចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៩ ដែល​ទទួលបាន​លទ្ធផល​បរាជ័យ​ក្នុង​ការប្រឡង កុំ​បោះបង់ចោល​ការសិក្សា ដែលនាំឱ្យ​ប៉ះពាល់​ដល់​អនាគត​ខ្លួន​។​



​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ បាន​បង្ហាញថា  សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ ក្នុងចំណោម​បេក្ខជន​ប្រឡង​១១៧ ០២៤​នាក់ (​ស្រី​៦០ ៤២១​នាក់​)​។​សម្រាប់​អ្នក​ប្រឡង​ធ្លាក់ វា​ជា​រឿង​មួយ​ពិបាក​ទទួលយក ប៉ុន្តែ​ក៏​មិនត្រូវ​បោះបង់​ចោលការ​ខំប្រឹងប្រែង​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា ឡេង សារី​តា ដែល​កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​



​ជា​សិស្ស​ម្នាក់​ដែល​ធ្លាប់​ប្រឡង​ធ្លាក់​បាក់​ឌុប នៅ​ឆ្នាំ​២០១៦-២០១៧ នោះ កញ្ញា សារី​តា បាន​សារភាពថា មូលហេតុ​ដែលនាំឱ្យ​នាង​ប្រឡង​ធ្លាក់​នេះ ដោយសារតែ​ការធ្វេសប្រហែស​នៃ​ការសិក្សា ពោលគឺ​នាង​មិនបាន​យកចិត្តទុកដាក់​សិក្សា​ឡើយ ។ ប៉ុន្តែ​លទ្ធផល​និទ្ទេស F គ្រានោះ មិនបាន​ធ្វើឱ្យ​កញ្ញា សារី​តា បោះបង់ចោល​ការសិក្សា​ទេ​។ ក្រោយពី​ដឹង​មូលហេតុ​នៃ​ការប្រឡង​ធ្លាក់​នេះ ហើយ​ទទួលបាន​ការលើកទឹកចិត្ត​ពី​គ្រួសារ និង​អ្នក​នៅ​ជុំវិញខ្លួន​នោះ សារី​តា ក៏​តាំងចិត្ត​ខិតខំ​សិក្សា​រយៈពេល​១​ឆ្នាំ​ទៀត​ឡើងវិញ ដោយ​នាង​ទទួលបាន​និទ្ទេស B នៅ​ឆ្នាំ​២០១៧-២០១៨ នៃ​លំដាប់​ពិន្ទុ​៩៨.៦២១ នៃ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។

​កញ្ញា សារី​តា ដែល​កំពុង​សិក្សា​ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូបនេះ បាន​និយាយ​ដោយ​ទឹកមុខ​ញញឹម​ថា​៖« ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា សិស្ស​ដែល​ធ្លាប់​ប្រឡង​ធ្លាក់​ដូចជា​រូបខ្ញុំ អាច​ប្រឡង​ជាប់​វិញ​ហើយ​ទទួលបាន​និទ្ទេស​ល្អ​នោះទេ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ត្រេកអ​រណាស់ ព្រោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ ពិតជា​អាចជួយ​ដល់​ខ្ញុំ​បាន​»​។​



​ក្នុង​វ័យ​២២​ឆ្នាំ កញ្ញា ហោ សុខ​ណេង ក៏​ធ្លាប់បាន​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥ នៃ​ថ្នាក់​វិទ្យាសាស្ត្រ​ដែរ​។​មូលហេតុ​ដែល សុខ​ណេង ប្រឡង​ធ្លាក់​គ្រានោះ ក្រោម​ហេតុផល​បញ្ហា​គ្រួសារ ពោលគឺ​ម្តាយ​សុខ​ណេង មាន​ជំងឺ ដែល​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍ ហើយ​ធ្វើឱ្យ​នាង​មិនបាន​ផ្តោតអារម្មណ៍​លើ​ការសិក្សា​។ តែ​យ៉ាងណា សុខ​ណេង បាន​តាំងចិត្ត​សិក្សា​រយៈពេល​១​ឆ្នាំ​ទៀត រហូតដល់​ទទួលបាន​ជោគជ័យ​នៅក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦ ហើយ​ទទួលបាន​និទ្ទេស​E ក្នុង​លំដាប់​ពិន្ទុ​៧៧.៤១៣ នៃ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។​

​ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ធនាគារ​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សុខ​ណេង បាន​និយាយ​ដូច្នេះ​ថា​៖« ទោះ​ខ្ញុំ​ប្រឡង​ធ្លាក់​ក្តី គ្រួសារ​មាន​ស្ថានភាព​លំបាក​បន្តិច​ក្តី ក៏​ខ្ញុំ​មិន​បោះបង់ចោល​ការសិក្សា​ដោយ​គ្រាន់តែ​ប្រឡង​ធ្លាក់​តែ​១​ដងនោះ​ដែរ​។ ហើយ​អ្វីដែល​ខ្ញុំ​បាន​ខិតខំ​ទាំង​ប៉ុន្មាន ក៏បានផ្តល់​លទ្ធផល​ឲ្យ​ខ្ញុំ​ពិតមែន​ទោះបីជា​មិនបាន​និទ្ទេស​ល្អ​ក៏ដោយ​»​។​

​ទាំង​កញ្ញា សារី​តា និង​កញ្ញា សុខ​ណេង  សុទ្ធ​អះអាងថា ទម្រាំ​ប្រឡង​ជាប់​វិញ​នេះ ក៏​វា​មិនមែនជា​រឿង​ងាយស្រួល​ដែរ ពោលគឺ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​ការសិក្សា​ស្ទើរតែ​ទាំងស្រុង ជាពិសេស​កំណត់​គោលដៅ​នៅក្នុង​ជីវិត​ឱ្យបាន​ច្បាស់លាស់​។ អ្វីដែល សារី​តា និង សុខ​ណេង ត្រូវអនុវត្ត​ឱ្យ​ល្អ ដើម្បី​សម្រេច​គោលដៅ​ខ្លួន​នោះ គឺ​ការរៀបចំ​កាលវិភាគ​សិក្សា​ឱ្យបាន​ច្បាស់លាស់ ,​កាត់បន្ថយ​ការដើរ​លេង និង​ការ​ចំណាយពេល​ច្រើន​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​នានា​។ សារី​តា និង​សុខ​ណេង ឧស្សាហ៍​ធ្វើ​លំ​ហាត់​ឬ​ទន្ទេញមេរៀន​ដែល​ធ្លាប់​ចេញ​ប្រឡង​ពី​ឆ្នាំមុនៗ​ជា​រៀងរាល់ថ្ងៃ ហើយ​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​។ មួយវិញទៀត គឺ​ត្រូវខិតខំ​សិក្សា​ឲ្យ​កាន់តែខ្លាំង​ចំពោះមុខ​វិជ្ជា​ដែល​ខ្លួន​គិតថា​លំបាក​ខ្លាំង​ក្នុង​ការយក​ពិន្ទុ​។ បើតាម​អ្នក​ទាំងពីរ នៅ​អំឡុងពេល​ប្រឡង​ត្រួវ​ពិនិត្យមើល​សម្ភារៈ ដែល​ត្រូវការ​ក្នុងពេល​ប្រឡង​ឱ្យបាន​ច្បាស់លាស់ និង​មិន​ត្រូវមាន​អារម្មណ៍​ភ័យ​ឡើយ​។​



​ទាំងនេះ​គឺជា​បទពិសោធន៍​របស់​កញ្ញា ឡេង សារី​តា និង​កញ្ញា ហោ សុខ​ណេង ដែល​លើកទឹកចិត្ត​បេក្ខជន​ប្រឡង​សញ្ញា​បាក់​ឌុប​ឆ្នាំនេះ ហើយ​ទទួល​បរាជ័យ​នោះ ត្រូវខិតខំ​រៀន​ឡើងវិញ ដោយ​មិនត្រូវ​បោះបង់ចោល​ការសិក្សា ព្រោះតែ​ប្រឡង​ធ្លាក់​១​ដង​នេះឡើយ ដែលនាំឱ្យ​ប៉ះពាល់​អនាគត​ខ្លួន​។​

​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩ គឺជា​ឆ្នាំ​ទី​៦​ហើយ នៃ​ការ​រឹតបន្ដឹង​គុណភាព​អប់រំ របស់​រដ្ឋមន្ត្រីក្រសួង លោក ហង់ ជួន ណា​រ៉ុ​ន ក្រោម​ពាក្យស្លោក​ថា​«​អ្នកចេះ គឺជា​ប់​»​។​

​តាមរយៈ​ការប្រឡង​រយៈពេល​ថ្ងៃ​កន្លងមក បានបង្ហាញ​លទ្ធផល​ថា ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​។ ចំណែក​បេក្ខជន​ជាង​៣​ម៉ឺន​នាក់​ទៀត បរាជ័យ​ក្នុង​ការប្រឡង​នេះ​។​

​លោក នាង បូ គ្រូ​គណិតវិទ្យា នៃ​វិទ្យាល័យ​បាក់​ទូក បាន​និយាយថា ការប្រឡង​វា​តែងតែមាន​អ្នក​ជាប់ និង​អ្នកធ្លាក់ ប៉ុន្តែ​អ្នកធ្លាក់​មិនត្រូវ​បាក់​ទឹកចិត្ត ហើយ​បោះបង់​ការសិក្សា​ឡើយ ពោលគឺ​ត្រូវ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​។ គ្រូ​គណិតវិទ្យា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​បរាជ័យ​ជា​មេរៀន ហើយ​គួរតែ​លើក​ចិត្ត​ខ្លួនឯង​។ មិន​ប្រាកដថា​អ្នក​ជាប់​មុន អនាគត​ល្អ​ជាង​យើង​ទេ​»​។



​បើតាម​លោក នាង បូ សិស្ស​ដែល​ចង់​ប្រឡង​ជាប់ គួរតែ​បោះបង់ ការ​បណ្ដែតបណ្ដោយ និង​កែ​ទម្លាប់​ឡើងវិញ​។​តាម​បទពិសោធន៍​របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​នេះ សិស្ស​ដែល​ប្រឡង​ធ្លាក់​មួយចំនួន នៅពេល​ទៅ​រៀន​ឡើងវិញ ពួកគាត់​សុទ្ធតែ​ប្រឡង​ជាប់​។​

«​លទ្ធផល​នៃ​ការប្រឡង​ពុំមែន​ជាការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ​។ ប៉ុន្តែ​គឺជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ត​ទៅមុខទៀត​»​។​នេះ​ជាការ​លើកឡើង​របស់លោក ជួន ណា​រ៉ុ​ន ដែល​លើកទឹកចិត្ត​ឱ្យ​សិស្ស​ប្រឡង​ជាប់​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ ចំណែក​សិស្ស​ប្រឡង​ធ្លាក់​ឆ្នាំនេះ បន្ត​ការសិក្សា និង​ខិតខំ​រៀនសូត្រ​នៅ​ឆ្នាំក្រោយ​ទៀត​។​

​គួរ​បញ្ជាក់ថា អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ មាន ៧៦ ០៣៤​នាក់ ត្រូវជា ៦៧.០៧​ភាគរយ ក្នុងនោះ និទ្ទេស A មាន​ចំនួន​៤០៨​នាក់ និទ្ទេស B ចំនួន ២ ២២២​នាក់ និទ្ទេស C ចំនួន ៦ ០៤១​នាក់ និទ្ទេស D ចំនួន​១៥ ១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២ ១៨៣​នាក់​។ លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប្រកាស​រហូត​ដល់​ទៅ​ពីរលើក ដោយសារ​មានការ​តវ៉ា​ពី​ក្រុមសិស្ស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​ដែល​ច្បាស់លាស់​នឹង​សំណេរ​របស់ខ្លួន​។ ក្រោយ​ការតវ៉ា គណៈកម្មការ​ជំនាញ បាន​រកឃើញថា ដំណើរការ​បូក​ស្រង់​ពិន្ទុ តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ​៕


Tag:
 លទ្ធផល​
 ​បាក់​ឌុប​
  សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com