ជាតិ
វិទ្យាស្ថានបណ្តុះបណ្តាល ដែលមានចិនជាង១០០នាក់ លួចលេងល្បែងតាមអ៊ីនធឺណិត ត្រូវបិទចោល រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក
× វិទ្យាស្ថានបណ្តុះបណ្តាលមួយឈ្មោះ វិទ្យាស្ថានអ៊ិកសែលប៉ូលីធាន (EXCELPOLITAN INSTITUTE) ដែលមានទីតាំងនៅអគារ SUNTOWN PLAZA ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានក្រសួងការងារ ប្រកាសបិទនិងឈប់ទទួលស្គាល់ ដោយសារមិនអនុវត្តតាមស្មារតីប្រកាសដែលក្រសួងអនុញ្ញាតឲ្យបណ្ដុះបណ្តាល។
ចំណាត់ការនេះ គឺធ្វើឡើងក្រោយពីសមត្ថកិច្ច ចូលទៅចាប់ជនជាតិចិន១០៥នាក់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ដែលហៅថា Voice over Internet Protocol (VOIP) នៅអគារពាណិជ្ជកម្ម SUNTOWN ដែលជាទីតាំងនៃវិទ្យាស្ថាន EXCELPOLITAN។
យ៉ាងណាក៏ដោយ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បកស្រាយថា ការមិនអនុវត្តតាមស្មារតីប្រកាសដែលក្រសួងអនុញ្ញាត គឺវិស្ថាន EXCELPOLITAN មិនបើកទទួលគ្រូឬសិស្ស សម្រាប់ការបណ្ដុះបណ្ដាល ហើយប្ដូរឈ្មោះពីវិទ្យាស្ថាន ទៅជាសាកលវិទ្យាល័យ និងផ្លាស់ប្ដូរទីតាំងដោយមិនផ្ដល់ព័ត៌មានដល់ក្រសួង។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា៖«វិទ្យាស្ថាននេះ ត្រូវបានក្រសួងទទួលស្គាល់អំឡុងសីហា ឆ្នាំ២០១៩ ហើយបន្ទាប់ពីចុះពិនិត្យកាលពីប៉ុន្មានថ្ងៃមុនឃើញថា ប្ដូរទីតាំង ហើយកន្លែងត្រូវបានជួលឲ្យអ្នកផ្សេង ដោយមិនបានផ្ដល់ព័ត៌មាននិងមិនដឹងប្ដូរទៅទីតាំងណា។ វិទ្យាស្ថាននេះ កន្លងមកមិនទាន់បានបណ្ដុះបណ្ដាលទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com