អន្តរជាតិ
កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចាប់ផ្តើម​សមយុទ្ធ​នៅតាម​ទល់ដែន​ជាប់​កូ​ឡុំ​ប៊ី​
11, Sep 2019 , 10:19 pm        
រូបភាព
យោធាវ៉េណេស៊ុយអេឡានៅទីក្រុងក្បែរព្រំដែនកូឡុំប៊ី។ រូបភាព AFP
យោធាវ៉េណេស៊ុយអេឡានៅទីក្រុងក្បែរព្រំដែនកូឡុំប៊ី។ រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​មេបញ្ជាការ​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយ​នៅ​ថ្ងៃទី​១០ ខែកញ្ញា ថា កងទ័ព​ប្រមាណ​១៥​ម៉ឺន​នាក់ និង​យុទ្ធោបករណ៍​ជាច្រើន បាន​ប្រមូលផ្ដុំ​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​តាម​បណ្ដោយ​ព្រំដែន​ជាប់​កូ​ឡុំ​ប៊ី​។ យោធា​នេះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នកជិតខាង​ទាំងពីរ​នេះ​កាន់តែ​តានតឹង​ខ្លាំង​។​



​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បាន​បញ្ជា​អោយមាន​ការដាក់​ប​ង្រា​យ​ទ័ព​នៅតាម​ព្រំដែន​ជាង​២២០០​គីឡូ​ម៉ែត​។ ការដាក់​ពង្រាយ​ទ័ព​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​លោក​ម៉ា​ឌូ​រ៉ូ បាន​ចោទ​កូ​ឡុំ​ប៊ី​មានបំណង​វាយប្រហារ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​នៅ​ថ្ងៃទី​១០ ខែកញ្ញា រថក្រោះ មី​ស៊ី​ល និង​កងទ័ព​ជាច្រើន​ទៀត​ក៏បាន​ដាក់​នៅ​ព្រលានយន្តហោះ La Fria ក្នុង​ភាគ​ខាងលិច​ផងដែរ​។ មេបញ្ជាការ​កម្លាំង​យុទ្ធសាស្ត្រ​កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា នាយ​ឧ​ត្ត​មនា​វី Remigio Ceballos បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា កងទ័ព​ដែល​ពង្រាយ​នៅ​អាកាសយានដ្ឋាន​គឺជា​ផ្នៃ​កមួយ​នៃ​កង​រក្សា​សន្តិសុខ ប៉ុន្តែ​នឹង​ចេញ​ប្រតិបត្តិការ​បើ​ចាំបាច់​។ 

«​ពួកយើង​គោរព​កម្លាំងយោធា​ជុំវិញ​ពិភពលោក ប៉ុន្តែ​យើង​មិន​ខ្លាច​នរណាម្នាក់​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ceballos ដែល​ទំនង​ចង់​សំដៅ​កងទ័ព​កូ​ឡុំ​ប៊ី​។
​កាលពី​សប្តាហ៍​មុន លោក ម៉ា​ឌុយ​រ៉ូ បាន​ចោទប្រកាន់​កូ​ឡុំ​ប៊ី ថា យក​លេស​រៀបចំ​ទ័ព​ទប់ទល់​នឺង​ក្រុម​ឧទ្ទាម FARC ក្នុង​គោលបំណង​បង្កជម្លោះ​យោធា ហើយ​លោក​ក៏បាន​បញ្ជា​អោយ​កងទ័ព​លោក​មានការ​ប្រុង​ប្រ​យ​ត្ន័​ផងដែរ​។ ការចោទប្រកាន់​នេះ ធ្វើឡើង​ក្រោយ​ក្រុម​ឧទ្ទាម​FARC ប្រកាស​តស៊ូ​ឡើងវិញ​។ ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Ivan Duque​បាន​ចោទ​រដ្ឋបាល ម៉ា​ឌុយ​រ៉ូ ថា កំពុង​ព្យាយាម​លាក់បាំង​ក្រុម​ឧទ្ទាម FARC នេះ​។

​ខណៈ​វ៉េ​ណេ​ស៊ុ​អេ​ឡា​ប្រមូលផ្ដុំ​យោធា​នៅក្បែរ​ព្រំដែន រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ស្នើ​ឲ្យ​ប្រជាជន​របស់ខ្លួន​នៅ​ស្ងៀម​។ លោកស្រី  Marta Lucia Ramirez អនុ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​បាន​និយាយ​ន​ថាអោយ​ប្រជាជន​កូ​ឡុំ​ប៊ី​រក្សា​ភាព​ស្ងប់ស្ងៀម​។ អនុ​ប្រធានាធិបតី​រូបនេះ​បន្តថា កងទ័ព​កូ​ឡុំ​ប៊ី​បាន​ត្រៀមខ្លួន​ជាស្រេច​សំរាប់​ទប់ទល់​នឹង​ការវាយប្រហារ​ពី​ខាងក្រៅ​។​

​គួររំលឹកថា​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​បាន​ផ្ទុះឡើង​ក្រោយពេល កូ​ឡុំ​ប៊ី​បានរៀបចំ​កងទ័ព​ត្រៀមប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម FARC​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​។ បញ្ហា​នេះ​ក៏បាន​កើន​កម្តៅ​កាន់តែខ្លាំង​បន្ទាប់ពី​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​សង្ស័យថា ក្រុម​ឧទ្ទាម​បានធ្វើការ​លាក់ខ្លួន​នឹង​រៀបចំ​កម្លាំង​ឡើងវិញ​នៅ​ទឹកដី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៕


© រក្សាសិទ្ធិដោយ thmeythmey.com