FIFA
កីឡាជាតិ
ជាតិ
​លោក Honda លើកទឹកចិត្ត​កីឡាករ​ពេល​ចាញ់ តែ​ក៏​ជា​សារ​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នកគាំទ្រ​ផងដែរ​
12, Sep 2019 , 7:59 am        
រូបភាព
ដោយ:
​ក្រោយ​កម្ពុជា​ចាញ់​បា​រ៉ែ​ន ១-០ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda បាន​ប្រាប់​ឲ្យ​កីឡាករ​កុំ​បាក់​ទឹកចិត្ត និង​ថា ពួកគេ​ជា​ក្តី​សុបិន​របស់​អ្នកគាំទ្រ​។ សារ​របស់លោក មិន​ត្រឹមតែ​ជួយ​លើកទឹកចិត្ត​កីឡាករ​ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​។  



«​អ្នកជា​សុបិន​របស់​ពួកគេ (​អ្នកគាំទ្រ​)​។ ដូច្នេះ​សូមកុំ​ធ្វើ​យ៉ាង​ដូច្នេះ [​កុំ​បាក់​ទឹកចិត្ត​]! ទេ ទេ ទេ​! ត្រូវ​និយាយ​ទៅកាន់​អ្នកគាំទ្រ​! អរគុណ អរគុណ បែបនេះ​! ត្រូវមាន​មោទកភាព​ចំពោះ​ខ្លួន អូ​ខេ​? នេះហើយ​ជា​ក្រុមបាល់ទាត់​»​។ នេះ​ជាស​ម្តី​របស់លោក Keisuke Honda ប្រាប់​ទៅកាន់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ក្រោយ​ប្រកួត​ចាញ់​បា​រ៉ែ​ន ១-០ នា​វគ្គ​ជម្រុះ World Cup ជុំ​ទី​២ កាលពី​ល្ងាច​ថ្ងៃទី​១០ កញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ការលើកឡើង​បែបនេះ របស់លោក Honda ធ្វើឡើង​ពេល​ជួបជុំ​មុន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដើរ​គោរព និង​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ក្រោយ​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ លោក​បាន​បន្ថែមថា​៖«​ប្រហែលជា​បន្ទាប់ពី​ការបរាជ័យ អ្នក​ទាំងអស់គ្នា​អាច​គិតថា មិនអាច​ញញឹម​បានឡើយ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​គួរតែ​រីករាយ​។ តើ​អ្នក​ទាំងអស់គ្នា​ដឹង​ទេ​? ខ្ញុំ​គោរព​អ្នក​ទាំងអស់គ្នា ពួកគេ [​អ្នកគាំទ្រ​] ក៏​គោរព​អ្នក​ទាំងអស់គ្នា​ដែរ​។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​បង្ហាញ​ទៅ​ពួកគេ ដោយ​និយាយថា «​អរគុណ​ដែល​បានមក​គាំទ្រ​»​។​



​សារ​របស់លោក Honda មិន​តែ​ជួយ​លើកទឹកចិត្ត​កីឡាករ​ឲ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កាន់តែខ្លាំង​នោះទេ ថែមទាំង​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​លើ​ការដឹកនាំ និង​ប្រព័ន្ធ​រៀបចំ ដែល​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​។ 

​តាមរយៈ​វីដេអូ​រយៈពេល​៤៤​វិនាទី ដែល​បង្ហោះ​ដោយសារ​ព័ត៌មាន Thmey Thmey នៅ​យប់​ថ្ងៃទី​១០ ខែកញ្ញា មាន​អ្នក​ចូល​មើល​ជាង​៧៣,០០០​នាក់​(​ជាង​76K) និង​ចែករំលែក​ជាង​១,២០០​នាក់​(​ជាង​1.2K)(​គិត​ត្រឹម​ម៉ោង​៤:៥០​នាទី​ថ្ងៃទី​១១ ខែកញ្ញា​)​។ ពិសេស​ក្នុងចំណោម​អ្នកផ្តល់យោបល់​(Comment)​ជាង​១៥០​នាក់​បាន​សរសើរ​លើ​ទម្រង់​លេង​របស់​កីឡាករ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក Keisuke Honda ដែលមាន​លោក Felix Dalmas ជា​គ្រូបង្វឹក និង​ក្រុមការងារ​។ 

​ជាក់ស្តែង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ សុ ភាព បាន​សរសេរ​សារ​ដោយ​ភ្ជាប់​ជាមួយ​ទង់ជាតិ​ជប៉ុន អា​ហ្ស​ង់​ទីន និង​កម្ពុជា​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ទើប​ជា​ក្រុម​ជម្រើសជាតិ​លេង​តំណាង​ជាតិ​មែន​។ ដាវ​មួយ​នេះ ទើប​លុត និង​សម្លៀង​បាន​ប៉ុណ្ណេះ​ប្រើ​បាន​ប៉ុណ្ណេះ​ល្អ​ពេក​ណាស់​ទៅហើយ ពិតណាស់​យើង​ចាញ់​តែ​ចាញ់​យ៉ាង​សប្បាយចិត្ត​។ យើង​គ្មាន​អ្នកណាម្នាក់​ជាតា​រា​ទេ តែ​យើង​មាន​ក្រុម​តារា​ជម្រើសជាតិ​មួយក្រុម​រះ​ភ្លឺ​ពេញ​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​។ អគុណ​អ្នក​ទាំងអស់គ្នា អគុណ​លោកគ្រូ Honda លោកគ្រូ Felix»​។

 ​

ជាមួយគ្នានេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Leakhena Chhem ក្រៅពី​សរសើរ​ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ឆ្លៀត​ដាស់តឿន​កីឡាករ​កម្ពុជា​កុំ​ឲ្យ​បោះបង់​ការតស៊ូ​ព្យាយាម និង​ជឿជាក់ថា កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ក្រោយៗ​ទៀត​។ ហ្វេ​ស​ប៊ុ​ក​នេះ​សរសេរ​ដូច្នេះ​ថា​៖«​អរគុណ​កីឡាករ​ជម្រើសជាតិ​ទាំងអស់គ្នា ដែល​ខំប្រឹង​គ្រប់ការ​ប្រកួត​ដើម្បី​ហ្វេ​ន ដែលជា​អ្នកគាំទ្រ​របស់​កម្ពុជា​ទូទាំងប្រទេស​។ កីឡាករ​ទាំងអស់គ្នា គឺ​បាន​ស្ថិតនៅក្នុង​បេះដូង​របស់​អ្នកគាំទ្រ​កម្ពុជា រួចរាល់​ហើយ ដូច្នេះ​សូមកុំ​បោះបង់ ការតស៊ូ ព្យាយាម ខ្ញុំ​ជឿថា គោព្រៃ​កម្ពុជា​ប្រាកដជា​ធ្វើបាន​ល្អ​នៅ​ជំនួប​លើក​ក្រោយៗ​ទៀត​»​។​

​ជាមួយគ្នា អ្នកចូលរួម​បញ្ចេញមតិ​យោបល់​ដែលជា​ជនបរទេស ក៏បាន​កោតសរសើរ​ពី​ទម្រង់​លេង​របស់​កម្ពុជា​ផងដែរ ដោយ​អ្នកខ្លះ​ជឿជាក់ថា កម្ពុជា​នឹង​ក្លាយជា​ក្រុម​ដ៏​ប្រកួតប្រជែង​មួយ​ក្នុង​តំបន់​៕

Tag:
 World Cup
  Keisuke Honda
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com