អា​ការៈដែល​បញ្ជាក់ថា​ថ្លើម​អ្នក​កំពុងតែ​ជួប​គ្រោះថ្នាក់​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អា​ការៈដែល​បញ្ជាក់ថា​ថ្លើម​អ្នក​កំពុងតែ​ជួប​គ្រោះថ្នាក់​
12, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ ហើយ​ក៏មាន​តួនាទី​ច្រើន​ណាស់ដែរ ជាពិសេស​ការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​តែម្តង​។ ដូច្នេះហើយ កាលណា​សរីរាង្គ​មួយ​នេះ​រង​សម្ពាធ​ខ្ពស់​ពេក​ពី​ការបង្ក​រោគ ឬ​ដោយសារ​ជាតិពុល​ច្រើន វា​ពិតជា​ផ្តល់​ហានិភ័យ​ខ្លាំងណាស់​ដល់​សុខភាព​។ ដូច្នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​លើ​ថ្លើម យក​ល្អ​គួរតែ​តាមដាន និង​យកចិត្តទុកដាក់​ទៅលើ​មុខងារ​ថ្លើម​ផង​។ ការយល់ដឹង​អំពី​សញ្ញា​សំខាន់ៗ​នៃ​ការ​ខូច​ថ្លើម​នោះ​អាចជួយ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ណាមួយ​បាន​ទាន់ពេលវេលា និង​បង្ការ​បញ្ហា​ខ្សោយ​ថ្លើម​បាន​ទៀតផង​។



​មិន​ឃ្លាន​អាហារ​


​អាកា​រៈ​ដំបូង​គេ​បំផុត​នៃ​បញ្ហា​ថ្លើម​គឺ​ការមិន​ឃ្លាន​អាហារ​តែម្តង​។ រាល់​ការខូចខាត​ថ្លើម សុទ្ធតែ​បណ្តាល​ឲ្យ​កើនឡើង​ជាតិពុល​ច្រើន​ក្នុង​រាងកាយ ដូច្នេះ​វា​ក៏​ប៉ះពាល់​ដល់​ចំណង់​អាហារ​ដែរ​។ ក្រៅពីនេះ វា​នឹង​កាត់បន្ថយ​ការ​បឺត​ស្រូប​វីតាមីន និង​ជាតិ​រ៉ែ ដែល​នាំ​ឲ្យ​អស់កម្លាំង​បាន​។ ដូច្នេះ​បើសិនជា​អ្នកមាន​អា​ការៈមិន​ឃ្លាន​អាហារ​ច្រើនជាង​មួយ​សប្តាហ៍ វា​គួរតែ​ដល់ពេល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

​ចង្អោ​និង​ក្អួត​

​ការ​ចង្អោរ និង​ក្អួត​ដែល​បណ្តាលមកពី​ការ​ខូច​ថ្លើម​នោះ​ច្រើនតែ​បណ្តាលមកពី​មាន​ជាតិពុល​ច្រើន​ជ្រុល​ក្នុង​ថ្លើម​។ ជាមួយគ្នានេះដែរ បើសិនជា​អ្នក​ធ្លាប់មាន​បញ្ហា​ក្អួត និង​ចង្អោរ​ភ្លាម​ក្រោយពី​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​រួច វា​ក៏​ដល់ពេល​ត្រូវ​ជួប​ពេទ្យ​ដែរ ។

​ភ្នែក​ប្រែ​ពណ៌​

​សញ្ញា​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​រលាក​ថ្លើម​នោះ​គឺ ភ្នែក និង​ស្បែក​ទៅជា​លឿង​។ យ៉ាងណាមិញ បើសិនជា​ភ្នែក​ប្រែ​ពណ៌​តែម្តង ជាពិសេស​នៅពេល​ព្រឹក​ទៀត នោះ​វា​អាច​បញ្ជាក់ថា​ថ្លើម​កំពុងតែ​ខូចខាត​ហើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​ពណ៌​ភ្នែក​របស់​អ្នកផង​។

​ទឹកនោម​ពណ៌​ខាប់​

​កាលណា​ថ្លើម​ធ្វើការ​មិនបាន​ល្អ​ទេ វា​នឹងមាន​ការផលិត​ទឹកប្រមាត់​កាន់តែច្រើន កង្វះ​ការ​អង់ស៊ីម​ដើម្បី​រំលាយ​វា ដូច្នេះ វា​នឹង​បណ្តាល​ឲ្យ​កើនឡើង​ពណ៌​ទឹកប្រមាត់​កាន់តែច្រើន​ក្នុង​រាងកាយ​។ ពណ៌​ទាំងនេះ​ធ្លាប់​តែមាន​បន្តិចបន្តួច​តែប៉ុណ្ណោះ​ក្នុង​ទឹកនោម ប៉ុន្តែ​បើសិនជា​វា​មានការ​ប្រែប្រួល​ពី​លឿង​តិចតួច​ទៅ​លឿង​ខ្លាំង ឬ​ខាប់​នោះ វា​ពិតជា​សញ្ញា​មួយ​នៃ​ការ​ខូច​ថ្លើម​ហើយ​។ នៅពេល​ភ្នែក​ទៅជា​លឿង​ដែរនោះ វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់ថា​រលាក​ថ្លើម​ដែរ​។

​ឈឺពោះ​និង​ហើមពោះ​


​ថ្លើម​ស្ថិតនៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ ហើយ​រាល់​ការឈឺចាប់ ឬ​មិន​ស្រួល​នៅ​កន្លែង​នេះ​ប្រហែលជា​សញ្ញា​ដ៏​ច្បាស់​មួយ​នៃ​ការខូចខាត​ថ្លើម​ខ្លះ​ហើយ​។ ក្រៅពីនេះ ភាព​តឹង​ពោះ​ក៏​អាច​បញ្ជាក់ថា​ថ្លើម​កំពុងតែ​ហើម និង​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទាត់ចោល​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ផ្សេងៗ​។

​ហើមជើង​


​មែនហើយ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹងថា ការ​ខូច​ថ្លើម​អាច​ចេញ​ជាស​ញ្ញា​ហើម​នៅ​ជើង​នោះទេ​។ នេះ​ដោយសារតែ​ថ្លើម​មិនអាច​ច្រោះ​ជាតិពុល​បាន ដូច្នេះ​វា​នឹង​បណ្តាល​ឲ្យ​កើនឡើង​កាកសំណល់​ក្នុង​លំហូរ​ឈាម ហើយ​កាកសំណល់​ទាំងនេះ​នឹង​កកកុញ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ជា​ពិ​សេ​ប្រអប់ជើង​តែម្តង​។

​បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​កំពុង​តែមាន​បញ្ហា​ឡើង​លឿង​ស្បែក ឬ​មាន​ការបង្ក​រោគ​នៅ​ថ្លើម អ្នក​ក៏​ងាយ​រង​នឹង​បញ្ហា​ខូច​ថ្លើម​ច្រើនជាង​មនុស្ស​មាន​សុខ​ភាពល្អ​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈទាំង​នេះ ចូរ​ធ្វើយ៉ាងណា​ទាក់ទង​គ្រូពេទ្យ​ភ្លាម​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com