ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របបអាហារដែលអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន
× ជំងឺទឹកនោមផ្អែមគឺជាជំងឺបណ្តាលមកពីការរំលាយអាហារមិនបានល្អ ឬហៅថា Metabolic Disease ដែលភាគច្រើនបង្កឡើងដោយការលើសជាតិស្ករក្នុងឈាមខ្ពស់។ ជំងឺនេះដែរ ក៏កើតលើមនុស្សប្រុសស្រីច្រើនណាស់នៅប្រទេសកម្ពុជាយើង ជាពិសេសអ្នកដែលញ៉ាំច្រើន តែមិនសូវធ្វើសកម្មភាពរាងកាយតែម្តង។
យ៉ាងណាមិញ យើងក៏ជួបជំងឺនេះច្រើនបំផុតលើមនុស្សដែលធាត់ជ្រុល។ សំណាងដែរ យើងមានវិធីសាស្ត្ររៀបចំរបបអាហារមួយចំនួនដែលអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
មិនត្រូវតមអាហារ
បើសិនជាអ្នកមានគម្រោងតមអាហារពេលព្រឹក ឬមិនញ៉ាំអាហារដើម្បីបញ្ចុះកាឡូរីនោះ វាពិតជាមិនល្អឡើយ ព្រោះអ្នកនឹងឃ្លានកាន់តែខ្លាំងនៅពេលញ៉ាំអាហារថ្ងៃត្រង់វិញ។ ដូច្នេះ អ្នកគួរតែរក្សាទម្លាប់ញ៉ាំអាហារឲ្យបានល្អធម្មតាវិញទៅ។ ករណីមិនសូវឃ្លានអាហារពេលយប់ អ្នកក៏អាចញ៉ាំអាហារតិចៗ ឬញ៉ាំផ្លែឈើដើម្បីកុំឲ្យឃ្លានអាហារពេលយប់បានដែរ។ ចូរចាំថា ការតមអាហារមិនត្រឹមតែនាំឲ្យជាតិស្ករក្នុងឈាមចុះទាបទេ តែក៏បណ្តាលឲ្យមិនស្រួលក្នុងខ្លួនធ្ងន់ធ្ងរដែរដូចជា វិលមុខ បេះដូងដើរញ៉ាប់ និងបែកញើសត្រជាក់ខ្លួន។
ញ៉ាំអាហារមានជាតិសរសៃច្រើននៅពេលថ្ងៃ
ការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារជាតិសរសៃមិនត្រឹមតែធ្វើឲ្យឆាប់ឆ្អែតទេ តែក៏មិនងាយធ្វើឲ្យអ្នកឃ្លានអីច្រើនដែរ។ អាហារពេលព្រឹកសម្បូរជាតិសរសៃ អ្នកអាចជ្រើសរើសការញ៉ាំនំបុ័ង ផ្លែឈើ និងបន្លែ ព្រោះវាអាចជួយរក្សាភាពធម្មតារបស់ជាតិស្ករក្នុងឈាមទៀត។
ចៀសវាងភេសជ្ជៈមានជាតិផ្អែមច្រើន
គន្លឹះដ៏សំខាន់ដែលអ្នកត្រូវចាំនោះគឺកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិផ្អែម ឬភេសជ្ជៈមានជាតិហ្គាសតែម្តងនៅពេលស្រេកទឹក។ ភេសជ្ជៈមានជាតិស្ករខ្ពស់អាចបណ្តាលឲ្យលើសជាតិស្ករក្នុងឈាម ដែលជាហេតុនាំឲ្យស្រេកទឹកកាន់តែខ្លាំង និងនោមញឹក។ យកល្អគួរតែញ៉ាំទឹកធម្មតាឲ្យបានគ្រប់គ្រាន់នៅពេលថ្ងៃវិញ ហើយអ្នកក៏អាចញ៉ាំទឹកដូងបានដែរ។
ជ្រើសរើសរបស់ផ្អែមបែបធម្មជាតិ
ជាតិផ្អែមរបស់ផ្លែឈើ និងជាតិសរសៃរបស់វាពិតជាល្អជាងជាតិផ្អែមបែបសិប្បនិមិត្តឆ្ងាយណាស់ ព្រោះវាមិនសូវធ្វើឲ្យឃ្លានខ្លាំង ព្រោះវាមានការបឺតស្រូបចូលទៅក្នុងឈាមរយៈពេលយូរ ដូច្នេះជាតិស្ករក៏នៅនឹងនរបានយូរដែរ។ លើសពីនេះទៅទៀត អាហារទាំងនេះត្រូវបានរំលាយយឺតៗទើបចូលទៅក្នុងចរន្តឈាម។
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចបន្ថយសកម្មភាពងាយទទួលយករបស់អាំងស៊ុយលីនក្នុងខ្លួន ដូច្នេះវានឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ការញ៉ាំគ្រឿងស្រវឹងទៀងទាត់អាចប្រឈមខ្លាំងនឹងការឡើងទម្ងន់ ដូច្នេះជំងឺទឹកនោមផ្អែមពិតជាកាន់តែធ្ងន់ធ្ងរទៅៗជាមិនខាន។ ដូច្នេះអ្នកត្រូវតែធ្វើយ៉ាងណា កុំញ៉ាំគ្រឿងស្រវឹងលើសពី ៣០មីលីលីត្រក្នុងមួយថ្ងៃឲ្យសោះ។
មិនហាត់ប្រាណ
បើសិនជាអ្នកមិនអាចហាត់ប្រាណដោយការលើសទម្ងន់បានទេ អ្នកគួរតែជ្រើសរើសរបៀបហាត់បែបធម្មតាវិញដូចជា ការថែសួន ការឡើងជណ្តើរ ឬដើររយៈពេល ២០នាទីវិញ ព្រោះវាក៏ជួយបង្កើនការរំលាយជាតិខ្លាញ់ក្នុងខ្លួនបានដែរ។ ក្នុងពិធីបុណ្យច្រើនតែមានការលេងហ្គេមកម្សាន្ត ស្តាប់ចម្រៀង និងរាំសប្បាយ ដូច្នេះអ្នកគួរតែចូលរួមកម្មវិធីទាំងនេះដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com