ជាតិ
រដ្ឋាភិបាល បញ្ចេញ​ប្រាក់​៥០​ម៉ឺន​ដុល្លារ និង​អង្ករ​១​ពាន់​តោន សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​
12, Sep 2019 , 9:23 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​បញ្ចេញ​អង្ករ​១,០០០ តោន និង​ថវិកា​២០០០​លាន​រៀល​(៥០​ម៉ឺន​ដុល្លារ​) សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ ជំនួយ​របស់​រដ្ឋាភិបាល​ទាំងនេះ ស្ថិតក្រោម​ការចាត់ចែង​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។



​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១១ កញ្ញា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា ត្រូវ​នាំយក​អង្ករ និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​គ្រប់​បណ្ដា​ខេត្ត ទាំងអស់​។ ជាពិសេស​អាជ្ញាធរខេត្ត ដែល​កំពុង​ប្រឈមមុខ​នឹង​កម្រិត​ប្រកាសអាសន្ន​នៃ​បញ្ហា​ទឹកជំនន់​នេះ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទ​ប់​ស្កាត់ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​ល្អ​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បាន​ស្រង់​សម្តី​ប្រមុខ​រដ្ឋាភិបាល យ៉ាង​ដូច្នេះ​ថា​៖« ក្រសួង​ស្ថា​ប័ និង​រដ្ឋបាល​ដែនដី​គ្រប់លំដាប់​ថ្នាក់​នៃ​បណ្ដា​ខេត្ត​នានា ដែល​ស្ថិតនៅតាម​ដង​ទន្លេ ពិសេស​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម ដែល​កម្ពស់​ទឹក​កំពុង​លើស​កម្រិត​ប្រកាសអាសន្ន ព្រមទាំង​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​នៅ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ការបាក់​ច្រាំង ខ្យល់​កន្ត្រាក់ និង​ហានិភ័យ​នានា ដែល​អាច​នឹង​កើតឡើង ។​ហើយ​ត្រូវ​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព និង​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​អនាម័យ ទឹកស្អាត និង​សត្វ​អ​សិរ​ពិស ក្នុង​រដូវ​កាល​ទឹកជំនន់​»​។​

​ក្រៅពីនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រៀម​ពូជស្រូវ​សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដាំ​ដុះ​ឡើងវិញ​ក្រោយ​ទឹក​ស្រក​ផងដែរ​។​

​គិត​មកដល់ពេលនេះ មាន​ពលរដ្ឋ​ជាង​៤​ម៉ឺន​៥​ពាន់​គ្រួសារ និង​ដំណាំ​ជាង​១​ម៉ឺន​៤​ពាន់​ហិកតា បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ពី​ការកើនឡើង​នៃ​កម្ពស់​ទឹកទន្លេ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ ។ ក្នុងនោះ​ពលរដ្ឋ​ជាង​៦​ពាន់​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ទន្ទឹមនេះ មាន​សត្វ​គោ ក្របី ជ្រូក និង​ពពែ ជាង​២​ម៉ឺន​ក្បាល ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ចំណែក​ច្រាំងទន្លេ​នៅ​ខេត្តក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ បាន​បាក់​សរុប​ប្រវែង​ជាង​១​ម៉ឺន​ម៉ែត្រ​ទៀតផង​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ្រោះទឹកជំនន់​នេះ បាន​បណ្ដាលឱ្យ​ពលរដ្ឋ​៥​នាក់​ស្លាប់ គឺ​នៅ​ខេត្តក្រចេះ ៣​នាក់ ត្បូងឃ្មុំ​១​នាក់ និង​ព្រ​វិហារ​១​នាក់​។​

​ក្រៅពីនេះ ក៏មាន​ផ្លូវ​៤៦​ខ្សែ​បាន​រង​ការ​ខូ​ត​ខាត​ផងដែរ​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កាល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩៕


Tag:
 ហ៊ុន សែន​
  ទឹកជំនន់​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com