ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៊ូ ថង សមាជិក​អចិន្ត្រៃយ៍ CPP ទទួលមរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ​
12, Sep 2019 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ប៊ូ ថង ទីប្រឹក្សា​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួល​មរណភាព កាលពី​ម៉ោង​១ និង​២០​នាទី យប់ ឈានចូល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​អាយុ​៨២​ឆ្នាំ​។ នេះ​បើតាម​ការអះអាង​របស់​លោក​ទេសរដ្ឋមន្ត្រី លី ធុជ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ដែលជា​កូនប្រុស​បង្កើត បានសរសេរថា «​ខ្ញុំ​កាន់ទុក្ខ​» រួមទាំង​បង្ហោះ​រូបថត​អនុស្សាវរីយ៍​ជាមួយ​ឪពុក​របស់ខ្លួន​ផងដែរ​។​

 



​លោក ប៊ូ ថង កើត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៣៩ នៅ​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី​។ លោក​ជា​ព្រឹទ្ធាចារ្យ​ម្នាក់​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ចលនា​រំដោះប្រទេស​ចេញពី​របប​ខ្មែរក្រហម​។  លោក​ជា​អតីត​កងកម្លាំង​ខ្មែរឥស្សរៈ ហើយ​កាន់​តួនាទី​ជា​ប្រធាន​យោធា​តំបន់​១ ខេត្តរតនគិរី និង​ជំនួយការ​យោធា​នយោបាយ​ភូមិភាគ​ឦសាន​។​
 
​លោក​បាន​ក៏បាន​ទៅ​សិក្សា​នៅ​វៀតណាម​ផងដែរ​។ នៅ​ឆ្នាំ​១៩៧៣ លោក ប៊ូ ថង បាន​រៀបការ​ជាមួយ​លោកស្រី ខាំ ភៀន នៅ ដោយមាន​កូនស្រី​២​នាក់ និង​កូនប្រុស​១​នាក់ ពោលគឺ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី នាពេល​បច្ចុប្បន្ន​។​
 
​នៅ​ឆ្នាំ​១៩៧៤ លោក ប៊ូ ថង បាន​រត់​ភៀសខ្លួន​ទៅ​វៀតណាម ហើយ​បន្ទាប់មក​បាន​ចូលរួម​ក្នុង​ចលនា​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​រំដោះប្រទេស​ចេញពី​របប​ខ្មែរក្រហម​។ ក្រោយមក​លោក​ក្លាយជា​សមាជិក​ការិយាល័យ​នយោបាយ​ម​ជ្ឈិម​បក្ស ហើយ​ក្លាយ​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​រហូតមក​។​
 
​លោក​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ចន្លោះ​ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៨៦ ដោយមាន​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​។ លោក​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ដល់​ឆ្នាំ​១៩៩១ ហើយ​​ធ្លាប់​ធ្វើជា​តំណាងរាស្ត្រ​ខេត្ត​ព្រះវិហារ​ផងដែរ​។​
 


ក្រោយ​ការបោះឆ្នោត​អណ​ត្តិ​ទី​១ លោក ប៊ូ ថង ក្លាយជា​តំណាងរាស្ត្រ​ខេត្តរតនគិរី ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ហើយ​បន្ទាប់មក ជា​ប្រធាន​គណៈកម្មការ​ទី​៤ ព្រឹទ្ធសភា ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ មុនពេល​សុំចូល​និវត្តន៍ ហើយ​ទទួលបាន​តួនាទី​ជាទី​ប្រឹក្សា​សម្តេច សាយ ឈុំ ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​២០១៦​មក​។​
 


លោក ប៊ូ ថង ត្រូវបាន​ចាត់ទុកជា​វីរបុរស​ម្នាក់​របស់​ព​ល​រដ្ឋ​នៅ​ភូមិភាគ​ឦសាន ជាពិសេស​ខេត្តរតនគិរី ដឹក​ដី​កំណើត​របស់ខ្លួន​ផ្ទាល់​។ សព​របស់លោក​នឹង​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់​ព្រឹទ្ធាចារ្យ ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​៕

(ប្រភពរូបថត៖ ហ្វេសប៊ុក អភិបាលខេត្តរតនគិរី)
 

Tag:
 ប៊ូ ថង
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com