ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«មជ្ឈមណ្ឌលផលិតផលខ្មែរ»ខេត្តកំពង់ចាម ប្រមូលផលិតផលសក្តានុពលតាមភូមិ រកទីផ្សារឲ្យអ្នកផលិត
× កំពង់ចាម៖ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម បានដាក់ឲ្យដំណើរការមជ្ឈមណ្ឌលផលិតផលខ្មែរ កាលពីថ្ងៃទី៨ ខែកញ្ញានេះ ដើម្បីប្រមូលយកផលិតផលសក្តានុពល, ផលិតផលអត្តសញ្ញាណ និងផលិតផលកែច្នៃក្នុងស្រុកទាំង១០ នៃខេត្តកំពង់ចាម។ ការប្រមូលផលិតផលខ្មែរទាំងនោះ ចង់បង្ហាញដល់ភ្ញៀវទេសចរឲ្យស្គាល់ពីផលិតផលតំណាងស្រុកនីមួយៗរបស់ខេត្ត និងអាចទិញនៅក្នុងមជ្ឈមណ្ឌលបាន ដោយមិនចាំបាច់ចុះទៅដល់ភូមិ ឬសហគមន៍អ្នកផលិតឡើយ។ ជាពិសេស ជួយផ្សព្វផ្សាយនិងរកទីផ្សារឲ្យម្ចាស់ផលិតផល ខណៈដែលផលិតផលអត្តសញ្ញាណរបស់ពួកគាត់មួយចំនួនស្ទើរតែបាត់បង់ និងគ្មានទីផ្សារ។
នៅក្នុងពិធី«ផ្សព្វផ្សាយនិងប្រឹក្សាយោបល់ផលិតផលសក្តានុខេត្តកំពង់ចាម» កាលពីថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០១៩ របស់មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម ដែលសហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការមជ្ឈមណ្ឌលផលិតផលខ្មែរ ដែលស្ថិតនៅក្នុងបរិវេណមន្ទីរពាណិជ្ជកម្មផ្ទាល់។ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម បានថ្លែងប្រាប់ ThmeyThmey 25 ថា មន្ទីរ បង្កើតមជ្ឈមណ្ឌលនេះឡើង ក្នុងគោលដៅដាក់បង្ហាញដល់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តនៅខេត្តកំពង់ចាម អាចមានឱកាសចូលមើលផលិតផលរបស់ខេត្តបាន។ មកដល់ពេលនេះ ក្រុមការងារប្រមូលផលិតផលបានជិត២០មុខហើយ ហើយនឹងបន្តប្រមូលបន្ថែមទៀត។
(លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម)
ផលិតផលសក្តានុពល, ផលិតផលអត្តសញ្ញាណ និងផលិតផលកែច្នៃផ្សេងៗ ដែលមជ្ឈមណ្ឌលផលិតផលខ្មែរ ប្រមូលបានតាមស្រុកទាំង១០ នៅក្នុងខេត្តកំពង់ចាម នេះ ត្រូវបានលោក ឈាង បូរិន បញ្ជាក់ថា៖ «យើងយកមកដាក់ផ្សព្វផ្សាយ ហើយបើអ្នកទស្សនាចូលទិញ យើងក៏លក់ ហើយចំណូលបានពីការលក់ក៏ផ្តល់ឲ្យម្ចាស់ផលិតវិញ គឺយើងជួយគាត់ យើងមិនមែនលក់យកប្រាក់ចំណេញទេ។ គោលដៅរបស់យើង គឺចង់ប្រមូលផលិតផលខ្មែរទាំងអស់ មកដាក់បង្ហាញភ្ញៀវទេសចរបានដឹងថា មន្ទីរយើងមានទំនាក់ទំនងជាមួយផលិតផលក្នុងខេត្ត។ ក្នុងនាមយើងជាមន្ទីរ ដែលជួយរកទីផ្សារឲ្យម្ចាស់ផលិតផល យើងមានព័ត៌មានពាក់ព័ន្ធនឹងផលិតផលនៅក្នុងខេត្ត ក៏ដូចជាផលិតផលខ្មែរមួយចំនួនទៀត»។
មជ្ឈមណ្ឌលផលិតផលខ្មែរ ដែលស្ថិតក្នុងបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត នៅក្បែរស្ពានគីហ្សូណា ក្រុងកំពង់ចាម បានដាក់ឲ្យដំណើរការនៅដើមខែកញ្ញា ឆ្នាំ២០១៩ នេះ គឺប្រមូលផលិតផលខ្មែរក្នុងខេត្តកំពង់ចាម បានជិត២០មុខហើយ សម្រាប់ដាក់ឲ្យភ្ញៀវចូលទស្សនា និងលក់ជូនអតិថិជននៅក្នុងមជ្ឈមណ្ឌលនេះផ្ទាល់ក្នុងតម្លៃដូចគ្នា ដោយអ្នកទិញមិនចាំបាច់ចុះទៅដល់ភូមិ ឬសហគមន៍របស់ម្ចាស់ផលិតផលឡើយ។
ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំង់ចាម លោក ឈាន បូរិន បានឲ្យដឹងទៀតថា មន្ទីរបានចុះទៅស្រាវជ្រាវនៅតាមមូលដ្ឋាន រកផលិតផលដែលមានលក្ខណៈជាប្រពៃណី ឬបន្តពីដូនតា យកផលិតផលរបស់គាត់មកដាក់បង្ហាញនៅក្នុងការតាំងពិព័រណ៍ផ្សេងៗ ដែលមន្ទីរពាណិជ្ជកម្មរៀបចំ ដើម្បីផ្សព្វផ្សាយផលិតផលរបស់គាត់ឲ្យមានទីផ្សារកាន់តែច្រើន។ បច្ចុប្បន្ន ផលិតផលមួយចំនួនរបស់ខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសកូរ៉េខាងត្បូង និងកំពុងទំនាក់ទំនងជាមួយប្រទេសថៃ និងចិន ដើម្បីពង្រីកទីផ្សារឲ្យបានកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមលោក ឈាង បូរិន អះអាងប្រាប់ ThmeyThmey 25 ៕
Tag:
ផលិតផល
ទីផ្សារ
ទេសចរណ៍
កំពង់ចាម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com