អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Habibie ទទួលមរណភាព​ក្នុង​វ័យ​៨៣​ឆ្នាំ​
12, Sep 2019 , 11:14 am        
រូបភាព
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី Habibie ទទួលមរណភាព។ រូបភាព The Jakarta Post
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី Habibie ទទួលមរណភាព។ រូបភាព The Jakarta Post
​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Bacharuddin Jusuf Habibie បានទទួល​មរណភាព​នៅ​ថ្ងៃ​ពុធ​ទី ១១​ខែកញ្ញា​។ រូបលោក គឺជា​ប្រធានាធិបតី​ដែល​បានធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​នៅ​ឥណ្ឌូណេស៊ី​ក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រប​ប​ផ្តាច់ការ​របស់លោក Suharto និង​ប្រគល់​ឯករាជ្យ​ដល់ទី​ម័​រ​ខាងកើត​ផងដែរ​។​



​លោក Bacharuddin Jusuf Habibie ប្រធានាធិបតី​ទី​បី​របស់​ឥណ្ឌូណេស៊ី បានទទួល​មរណភាព​នៅ​អាយុ​៨៣​ឆ្នាំ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ក្រោយ​សំរាក​ព្យាបាល​នៅ​ពេទ្យ​យោធា​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​អស់​រយៈពេល​ជិត​ពីរ​សប្តាហ៍​។ កូនប្រុស​របស់លោក​បាន​បញ្ជាក់ថា លោក Habibie បាន​ចូល​សំរាក​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១​ខែកញ្ញា ដោយ​បញ្ហា​ជំងឺ​បេះដូង​។​

​លោក Habibie ត្រូវបាន​ជ្រើសរើស​អោយ​ដឹកនាំ​ឥណ្ឌូនេស៊ី​កដោយ​ឧ​ត្ត​ម​សេនីយ៍  Suharto នៅពេល​ដែលមាន​បាតុកម្ម​ដ៏​ធំ​ពី​សិស្ស​និស្សិត​នៅ​ឆ្នាំ​១៩៩៨ ប្រឆាំង​មេដឹកនាំ​ផ្តាច់​ការដែល​កាន់អំណាច​៣២​ឆ្នាំ​រូបនេះ និង​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​។​



​មុននឹង​ត្រលប់​មកជួយ​ស្តារ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​ក្នុង​របប​ផ្តាច់ការ​របស់លោក​Suharto លោក Habibie ដែលជា​វិស្វករ​ដែល​បាន​សិក្សា​នៅ​ហូ​ឡង់ និង​អាល្លឺម៉ង់ បាន​ចំណាយពេល​ជិត​ពីរ​ទសវត្សរ៍​ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​យន្តហោះ​Messerschmitt-Boelkow-Blohm របស់​អាល្លឺម៉ង់​ផងដែរ​។​

​បន្ទាប់ពី​ក្លាយជា​ប្រធានាធិបតី​រួចមក លោក Habibie បាន​សុំទោស​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​កន្លងមក និង​រៀបចំ​ឥណ្ឌូណេស៊ី​អោយក្លាយ​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ​វិញ​។ លោក​បាន​បញ្ជា​អោយមាន​ការដោះលែង​អ្នកទោសនយោបាយ ផ្តល់​សេរីភាព​សារព័ត៌មាន និង​រៀបចំ​អោយមាន​ការបោះឆ្នោត​ជាស​កល​ផង​។ លោក​ក៏បាន​អនុញ្ញាត​អោយមាន​ការបង្រៀន​ភាសា​ចិន​ផងដែរ បន្ទាប់ពី​មានការ​ហាមឃាត់​ជិត​បី​ទសវត្សរ៍​ក្នុង​របប​លោក Suharto​។​

​នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ចុងឆ្នាំ​១៩៩៨ លោក Habibie ក៏បាន​ជំរុញ​លើកទឹកចិត្ត​កម្ពុជា​ឲ្យ​ក្លាយជា​សមាជិក​អាស៊ាន​ផងដែរ​។ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩ កម្ពុជា​ក្លាយជា​សមាជិក​អាស៊ាន​ផ្លូវការ​។​

​លោក Habibie កើត​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​១៩៣៦ ជា​កូន​ទី​៤​ក្នុងចំណោម​បងប្អូន​៨​នាក់​។ ឪពុក​របស់លោក​គឺជា​ជនជាតិដើម Sulawesi និង​ម្តាយ​របស់លោក​ជា​អ្នកមាន​ម្នា​ក់នៅ Yogyakarta ។ ប្រពន្ធ​របស់លោក​គឺជា​គ្រូពេទ្យ​វេជ្ជសាស្ត្រ​មួយរូប​ហើយ​បានទទួល​មរណភាព​នៅ​ឆ្នាំ​២០១០​កន្លងទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com