ជាតិ
កម្ពុជា​សម្រេច​ទិញ​អគ្គិសនី​២៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ឡាវ ដោយ​ទឹកប្រាក់​ជិត​៥​ពាន់​លាន​ដុល្លារ រយៈពេល​៣០​ឆ្នាំ​
12, Sep 2019 , 12:03 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​ទិញ​អគ្គិសនី​២៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ឡាវ ដោយ​ទំហំ​ទឹកប្រាក់​ជិត​៥​ពាន់​លាន​ដុល្លារ រយៈពេល​៣០​ឆ្នាំ ដើម្បី​យកមក​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​អ្នកវិនិយោគ និង​ពលរដ្ឋ​កម្ពុជា​។ គម្រោង​ទិញ​អគ្គិសនី​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​អនុម័ត នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១១ កញ្ញា​។​



​ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ឱ្យមាន​សុវត្ថិភាព និង​បរិមាណ​គ្រប់គ្រាន់​នោះ រដ្ឋាភិបាល បានសម្រេច​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​បន្ថែមទៀត ក្រៅពី​ការអភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី​ក្នុងស្រុក​។ ក្រោយពី​បាន​ព្យាករ​លើ​តម្រូវ​ការវិនិយោគ និង​អគ្គិសនី​នេះ រដ្ឋាភិបាល ក៏បាន​សម្រេច​អនុម័ត​លើ​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម ២៤០០​មេ​ហ្គា​វ៉ា​ត់ ពី​រោងចក្រ​២​កន្លែង ក្នុងប្រទេស​ឡាវ ដែល​ត្រូវ​ផ្គត់ផ្គង់​ផ្ដាច់មុខ​មក​កម្ពុជា តាមរយៈ​ការភ្ជាប់​ផ្ទាល់​មក​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា​។ បើតាម​រដ្ឋាភិបាល​កម្ពុ​ជា គម្រោង​វិនិយោគ​លើ​អគ្គិសនី គឺមាន​ទំហំ​ទឹកប្រាក់ ៤,៩៧០ លាន​ដុល្លារ​អាមេរិក ដោយមាន​អាណត្តិ​នៃ​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រយៈពេល​៣០​ឆ្នាំ​។​

«​ក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល បាន​តម្រង់ទិស​ជា​អាទិភាព​ទៅរក​ប្រទេស​ឡាវ ព្រោះ​ការនាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មាន​លក្ខណៈ​អនុគ្រោះ​ទាំង​ថ្លៃ ទាំង​បរិមាណ និង​លក្ខខណ្ឌ​ទិញ​លក់​ល្អប្រសើរ ហើយ​មាន​សុវត្ថិភាព​យូរអង្វែង​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​បាន​បន្ថែមថា គម្រោង​ដែល​រដ្ឋាភិបាល​បានសម្រេច​នេះ នឹងដាក់​ស្នើ​ទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​បន្ថែមទៀត​។​

​សម្រាប់​ប្រមុខ​រដ្ឋាភិបាល គម្រោង​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​នេះ វា​ផ្ដល់​អត្ថប្រយោជន៍​៧​ចំណុច​ដល់​កម្ពុជា រួមមាន​៖ ទី​១ ការទទួលបាន​ថ្លៃ​អគ្គិសនី ៧,៧ សេន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែលមាន​តម្លៃ​ទាប បើ​ធៀប​នឹង​បណ្ដា​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ផ្សេងទៀត​នៅ​កម្ពុជា និង​មាន​ថ្លៃថេរ ដែល​ឆ្លើយតប​នឹង​គោលនយោបាយ​បញ្ចុះ​ថ្លៃ​ភ្លើង របស់​រដ្ឋាភិបាល​។ ទី​២ លក្ខខណ្ឌ​បច្ចេកទេស និង​សេដ្ឋកិច្ច​នៃ​កិច្ចព្រមព្រៀង​ភាគី​ទាំងពីរ មាន​លក្ខណៈ​ប្រសើរ​ជាង​កិច្ចព្រមព្រៀង ដែល​ធ្លាប់មាន​កន្លងមក​។ ទី​៣ តម្លៃ​អគ្គិសនី​ទាប វា​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការទិញ​ថាមពល​អគ្គិសនី ដែលមាន​តម្លៃ​ខ្ពស់​ពី​ប្រទេស​វៀតណាម និង​ថៃ នាពេល​បច្ចុប្បន្ន​។ ទី​៤ ប្រភព​អគ្គិសនី​ពី​ឡាវ​នេះ អាច​ធានាបាន​ការផ្គត់ផ្គង់​ថាមពល​បន្ថែម ដល់​ប្រព័ន្ធ​អគ្គិសនី​ជាតិ​ឱ្យមាន​ស្ថិរភាព ជាពិសេស​នៅ​រដូវប្រាំង​។ ទី​៥ កម្មករនិយោជិត​អគ្គិសនី​កម្ពុជា អាច​ទទួលបាន​ចំណេះដឹង ពង្រឹង​ជំនាញ​បន្ថែមទៀត តាមរយៈ​ការសិក្សា​ផ្ទាល់ នៅ​រោងចក្រ​អគ្គិសនី ក្នុងប្រទេស​ឡាវ​។ ទី​៦ កម្ពុជា អាចមាន​លទ្ធភាព​បន្ថែមទៀត ក្នុងការ​វិនិយោគ​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​៥០០​គីឡូវ៉ុល ដែល​អនុញ្ញាតឱ្យ​កម្ពុជា អាច​ទិញ​ថាមពល​ដែលមាន​ថ្លៃ​ទាប​សមរម្យ​ពី​បណ្ដុំ​ស្ថានីយ​វា​រី​អគ្គិសនី នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ និង​ចុងក្រោយ កម្ពុជា ក៏​មិន​រង​ផលប៉ះពាល់​បរិស្ថាន ដោយសារ​អគ្គិសនី​ផងដែរ​។​

​មូលហេតុ​ដែលនាំឱ្យ​កម្ពុជា ត្រូវការ​អគ្គិសនី​បន្ថែម​នេះ ដោយសារតែ​សកម្មភាព​វិនិយោគ​បាន​កើនឡើង​យ៉ាងគំហុក ជាពិសេស​វិស័យ​សំណង់ ដែល​បាន​ជះឥទ្ធិពល​នៃ​ការប្រើប្រាស់​អគ្គិសនី ទាំង​នៅក្នុង​ឆ្នាំ​២០១៩​នេះ និង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​កើនឡើង លើសពី​ការគ្រោងទុក​។ នេះ​បើតាម​រដ្ឋាភិបាល​កម្ពុជា​។​

អត្ថបទទាក់ទង

​បច្ចុប្បន្ន​កម្ពុជា​មាន​ស​ម​ត្ថ​ភាព​ប្រើប្រាស់​អគ្គិសនី​បាន​៨៦​ភាគរយ​ប៉ុណ្ណោះ ខណៈពេលដែល​រាជរដ្ឋាភិបាល​ប្តេជ្ញា​ឲ្យ​បាន​១០០​ភាគរយ​នៅ​ឆ្នាំ​២០២១​។ ត្រង់ចំណុច​លោក វិចទ័រ ហ្សូ​នា អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ត្រឹមតែ​២៦០០​មេ​ហ្គា​វ៉ា​ត់ ស្របពេល​តម្រូវការ​ជាក់ស្ដែង​បច្ចុប្បន្ន​ខ្ទង់​៣០០០​មេ​ហ្គា​វ៉ា​ត់ ទើប​អាច​ផ្គត់ផ្គង់​តំបន់​សេដ្ឋកិច្ច ទីកន្លែង​កម្សាន្ត លំនៅដ្ឋាន​ដែល​នៅ​ដាច់​ស្រ​យោល របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​។​
 
​កន្លងមក​រដ្ឋាភិបាល បាន​បញ្ចេញ​មូលនិធិ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ជាង​១០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី សម្រាប់​ជួយ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​ទាប និង​មធ្យម​។​
 
​សម្រាប់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់​១​គីឡូវ៉ាត់​ដល់​១០​គីឡូវ៉ាត់​ក្នុង​មួយខែ ហើយ​ត្រូវ​បង់ថ្លៃ​៤៨០​រៀល​នោះ នឹងត្រូវ​បញ្ចុះតម្លៃ​មក​បង់​ត្រឹម​៣៨០​រៀល ។ ចំណែក​ពលរដ្ឋ​ប្រើប្រាស់​ពី​១១ ដល់​៥០​គីឡូវ៉ាត់​មួយខែ ដែល​ត្រូវ​បង់ថ្លៃ​៦១០​រៀល ត្រូវ​បញ្ចុះ​ថ្លៃ​មក​ត្រឹម​៤៨០​រៀល​វិញ នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​សម្ដេច ហ៊ុន សែន ក៏បាន​កំណត់​តម្លៃ​អគ្គិសនី សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី​៥១​គីឡូវ៉ាត់​ឡើងទៅ​ដល់​២០០​គីឡូវ៉ាត់ ដែល​បញ្ចុះ​ពី​តម្លៃ​៧៧០​រៀល​នោះ នឹងត្រូវ​ចុះមក​ត្រឹម​៦១០​រៀល​វិញ​។ រីឯ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ភ្លើង​ចាប់ពី​២០១​គីឡូវ៉ាត់​ឡើងទៅ ដែល​បង់ថ្លៃ​៧៧០​រៀល នឹងត្រូវ​ចុះមក​បង់ថ្លៃ​ត្រឹម​៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង​តម្លៃ​៧៣០​រៀល នៅ​ឆ្នាំ​២០២០៕

Tag:
 ហ៊ុន សែន​
  អគ្គិសនី​
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com