ជាតិ
បាក់ឌុប
វីដេអូ
​ទោះ​ពិការភ្នែក​ទាំងពីរ តែ​ចំណេះវិជ្ជា​នាំ យុវជន សូ សៀម​សុខ​ឃីម មើលឃើញ​ពិភពលោក​ដ៏​ធំ​ទូលាយ​
12, Sep 2019 , 2:58 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន សូ សៀម​សុខ​ឃីម ជា​សិស្ស​ពិការភ្នែក​នៃ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ដែល​ទទួលបាន​និទ្ទេស D ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)​។ ក្រោយ​ប្រឡង​ជាប់ យុវជន សូ សៀម​សុខ​ឃីម មាន​មហិច្ឆតា​ចង់​រៀន​បន្ត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ បើទោះបី​រូបគេ​ជា​សិស្ស​ពិការភ្នែក​ទាំងសងខាង​ក៏ដោយ​។



ឆ្លងឆ្លើយ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ យុវជន សុខ​ឃីម លើកឡើងថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ចង់​រៀន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ដោយសារ​ខ្ញុំ ស្រឡាញ់ មុខវិជ្ជា​ប្រវត្តិវិទ្យា​។ ជាពិសេស គឺ​រឿង​អន្តរជាតិ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ចូលចិត្ត ពេលដែល​ខ្ញុំ​ស្ដាប់​គេ​វិភាគ ស្ដាប់​គេ​និយាយ​ពី​រឿង​អន្តរជាតិ មាន​អារម្មណ៍​ដូច​បាន​ស្ដាប់​បទ​ចម្រៀង​ពេល​សម្រាក​អញ្ចឹង​»​។

​ការទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​មិនមែនជា​រឿង​សាមញ្ញ​សម្រាប់​សិស្ស​ពិការភ្នែក សូ សៀម​សុខ​ឃីម ឡើយ សុខ​ឃីម បាន​ចំណាយពេល​៨​ម៉ោង ក្នុង​មួយថ្ងៃ ដើម្បី​រៀន​ត្រៀមប្រឡង​បាក់​ឌុប​ទាំង​នៅ​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី និង​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង សុខ​ឃីម ដែលមាន​វ័យ ២២​ឆ្នាំ​រូបនេះ បាន​ប្រឡង​ជាប់ ដោយ​ទទួលបាន​និទ្ទេស D​។ សម្រាប់​លទ្ធផល​និទ្ទេស D នេះ យុវជន សុខ​ឃីម ពេញចិត្ត ចំពោះ​អ្វីដែល​ខ្លួនគេ​ធ្វើបាន​។ សុខ​ឃីម ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖ «​មែនទែនទៅ ខ្ញុំ​មាន​អារម្មណ៍​ពេញចិត្ត នៅលើ​អ្វីដែល​ខ្លួនឯង​អាចធ្វើ​បាន បើទោះបី​លទ្ធផល​បាន​ប៉ុណ្ណឹង​ក៏ដោយ​។ តែ​យ៉ាងណា នេះ​ជា​អ្វីដែល​យើង​អាចធ្វើ​ទៅរួច​»​។

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​យុវជន សូ សៀម​សុខ​ឃីម សិស្ស​ពិការភ្នែក​ជាប់​និទ្ទេស D ដូចតទៅ​៖



​ក្នុងពេល​ប្រឡង សុខ​ឃីម ប្រាប់ថា​មាន​ផល​លំបាក ដោយសារតែ​សរសេរ​អក្សរ​ចុច និង​ត្រូវ​ផ្ចង់អារម្មណ៍​ស្ដាប់​ប្រធាន​វិញ្ញាសា​នៅពេល​អនុរក្ស​អាន​។ ម្យ៉ាងទៀត សុខ​ឃីម និយាយថា ចំណុច​ដែល​ព្រួយបារម្ភ គឺ​ខ្លាច​ចេញ​ចំ​កន្លែង​ដែល​ខ្លួន​ចេះ​ហើយ តែ​ធ្វើ​មិនបាន​។​

​បន្ទាប់ពី​ប្រឡង​ជាប់ សុខ​ឃីម ចង់​រៀន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។ បើទោះបី​ក្រុមគ្រួសារ​មានបំណង​ឲ្យ​ក្លាយជា​គ្រូបង្រៀន​ក៏ពិតមែន ប៉ុន្តែ​សុខ​ឃីម មាន​មហិច្ឆតា រៀន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ដែលជា​ក្ដី​ស្រមៃ​របស់គេ​។ «​មូលហេតុ​ដែល​ខ្ញុំ​ចង់​រៀន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ដោយសារ​ខ្ញុំ ស្រឡាញ់ មុខវិជ្ជា​ប្រវត្តិវិទ្យា​។ ជាពិសេស គឺ​រឿង​អន្តរជាតិ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ចូលចិត្ត ពេលដែល​ខ្ញុំ​ស្ដាប់​គេ​វិភាគ ស្ដាប់​គេ​និយាយ​ពី​រឿង​អន្តរជាតិ មាន​អារម្មណ៍​ដូច​បាន​ស្ដាប់​ចម្រៀង​ពេល​សម្រាក​អញ្ចឹង​»​។ នេះ​ជាការ​រៀបរាប់​របស់​យុវជន សូ សៀម​សុខ​ឃីម​។



​យុវជន​ពិការភ្នែក​រូ​ប​នេះ ជឿជាក់ថា ជំនាញ​ទំនាក់ទំនង​អន្តរជាតិ នឹង​ជួយ​រូបគេ​ឲ្យ​មានចំណេះដឹង​ទូលំទូលាយ ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​ចូលក្នុង​ពិភពលោក​ដែល​ក្នុង​កម្រិត​មួយ​នៃ​ការប្រកួតប្រជែង និង​ធ្វើ​ឲ្យ​មានគំនិត​កាន់តែច្រើន​សម្រាប់​ខ្លួនឯង​។ នៅពេល​ទំនេរ យុវជន សុខ​ឃីម តែង​ស្ដាប់​ព័ត៌មាន​អន្តរជាតិ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ហើយ​ការ​ស្ដាប់​ព័ត៌មាន​អន្តរជាតិ ឬ​បទ​វិភា​គនេះ អាច​ជំនួស​ឲ្យ​ការ​ស្ដាប់​បទ​ចម្រៀង​បាន​។

​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ យុវជន សូ សៀម​សុខ​ឃីម បាន​ជួប​បញ្ហា​ងងឹតភ្នែក​ទាំងសងខាង នៅ​អាយុ ១៣​ឆ្នាំ ដែល​រូបគេ​មាន​ជំងឺ​ពី​កំណើត​។ សុខ​ឃីម ហាក់​មិន​បាក់​ទឹកចិត្ត​ឡើយ ដោយ សុខ​ឃីម តែងតែ​ទទួលបាន​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ និង​ខ្លួនឯង​។​

​យុវជន សុខ​ឃីម ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​គ្រួសារ​ថ្មី ដែល​បង្កើត​សាលា​បណ្ដុះបណ្ដាល​ដល់​សិស្ស​ពិការភ្នែក និង​អង្គការ Unicef រួមទាំង​គ្រួសារ មិត្តភក្តិ​។ សូមបញ្ជាក់ថា សិស្ស​ពិការភ្នែក​នៃ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី (​គ្រួសារ​ថ្មី​) ចំនួន ៤​នាក់ បាន​ប្រឡង​ជាប់​ដោយ​ជោគជ័យ ក្នុងនោះ អ្នក​ទាំង ៤​នាក់ ទទួលបាន​និទ្ទេស C, D និង​E សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៕


Tag:
 បាក់​ឌុប​
  អប់រំ​
  ពិការភ្នែក​
  ទំនាក់ទំនង​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com