អន្តរជាតិ
កូរ៉េខាងត្បូង ប្ដឹងជប៉ុនទៅអង្គការពាណិជ្ជកម្មពិភពលោករឿងរឹតត្បិតការនាំចេញ ទង់ជាតិកូរ៉េខាងត្បូង និងជប៉ុន, ប្រភព (Nikkei Asian Review)
× កូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែកញ្ញា បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) លើការរឹតត្បិតសារធាតុកម្របីប្រភេទរបស់ជប៉ុន។ ការរឹតត្បិតនេះ ធ្វើឲ្យមានភាពតានតឹងខ្លាំងរវាងទីក្រុងតូក្យូ និងសេអ៊ូល។
ការឈានជំហានទៅកាន់អង្គការពាណិជ្ជកម្មមួយនេះ គឺកើតឡើងបន្ទាប់ពីជប៉ុនបានរឹតត្បិតលើការនាំចេញធាតុកម្ររបស់ខ្លួន ដែលពាក់ព័ន្ធទៅនឹងការផលិតគ្រឿងអេឡិចត្រូនិចរបស់កូរ៉េខាងត្បូងដូចជាអេក្រង់ទូរសព្ទជាដើម ក្នុងរយៈពេល២ខែកន្លងមកនេះ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Yoo Myung-hee បានលើកឡើងថា៖ «កូរ៉េខាងត្បូងបានសម្រេចចិត្តដាក់ពាក្យប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក លើករណីជប៉ុនរឹតត្បិតការនាំចេញធាតុកម្រ បីប្រភេទ ដែលចាំបាច់ក្នុងការផលិត បន្ទះឈីប និងអេក្រង់ទូរសព្ទ»។ លោកស្រីបានបញ្ជាក់ទៀតថា សកម្មភាពរបស់ជប៉ុនបែបនេះ គឺប្រៀបដូចជាការរើសអើងកូរ៉េខាងត្បូងដោយផ្ទាល់តែម្តង ហើយវាជាសកម្មភាពនយោបាយសុទ្ធសាធ ដែលជប៉ុនសងសឹកលើរឿងសាលក្រមតុលាការរបស់កូរ៉េខាងត្បូង។
ទីក្រុងសេអ៊ូល ធ្លាប់ព្រមានទីក្រុងតូក្យូម្តងហើយលើរឿងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដែលពាក់ព័ន្ធនឹងរឿងរឹតត្បិតការនាំចេញធាតុកម្រនេះ។ ជប៉ុនបំពានមាត្រា១១ នៃកិច្ចព្រមព្រៀងទូទៅស្តីពីតារាងពន្ធ និងពាណិជ្ជកម្ម ដែលហាមឃាត់រាល់ភាគីនៃកិច្ចព្រមព្រៀងទាំងអស់ ពីការរឹតត្បិតលើការនាំចេញក្នុងទំហំណាមួយ លើកលែងតែការនាំចេញផលិតផលទាំងនោះប៉ះពាល់ដល់សន្តិសុខជាតិ។
បន្ថែមពីលើនេះទៅទៀត ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានលើកឡើងថា តាមពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ភាគីទាំងពីត្រូវតែដោះស្រាយបញ្ហាក្នុងរយៈពេលពីរខែ។ ប្រសិនបើ ការចរចាបរាជ័យ ក្រុមប្រឹក្សាដោះស្រាយជម្លោះរបស់ WTO នឹងបង្កើតគណកម្មាធិការមួយ ដើម្បីពិនិត្យមើលសំណុំរឿង។ ចំណែកនីតិវិធីវិញ អាចត្រូវប្រើរយៈពេលច្រើនជាងបីឆ្នាំឯណោះ។
សូមបញ្ជាក់ ជម្លោះពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរនេះ គឺកើតចេញសាលក្រមតុលាការកំពូលរបស់កូរ៉េខាងត្បូង ដែលទាមទារឲ្យក្រុមហ៊ុនជប៉ុនផ្តល់សំណង ទៅប្រជាជនកូរ៉េខាងត្បូង។ ប៉ុន្តែសេចក្តីសម្រេចមួយនេះ ត្រូវបានភាគីជប៉ុនច្រានចោល ហើយអះអាងជប៉ុនបានដោះស្រាយរួចរាល់ហើយ តាំងពីប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ ១៩៦៥មកម្លេះ។ ពាក់ព័ន្ធនឹងភាពតានតឹងនេះហើយ ទើបធ្វើឲ្យភាគីជប៉ុន និងកូរ៉េខាងត្បូង មើលមុខគ្នាមិនត្រូវ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តបាន៕
Tag:
កូរ៉េខាងត្បូង
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com