ជាតិ
វីដេអូ
អ្នកស្រី យុន ម៉ា​ណេ ជន​គំរូ​ក្រោម​ក្រសែភ្នែក​យុវជន​ជនជាតិដើម​ភាគតិច​
13, Sep 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី យុន ម៉ា​ណេ ជា​ស្ត្រី​ជនជាតិដើម​ភាគតិច​ពូ​នង​(​ព្នង​) ដ៏​គំរូ​ម្នាក់​សម្រាប់​យុវជន​ជនជាតិដើម​តិច ជាពិសេស​ក្មេងស្រី​។ សម្រាប់​យុវជន​ជនជាតិដើម​ភាគតិច ពួកគេ បាន​យក​អ្នកស្រី ម៉ា​ណេ ជា​គំរូ​នៅក្នុង​ការតស៊ូ​ត​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ខ្ពស់ និង​ការបណ្តុះ​ភាពជា​អ្នកដឹកនាំ​នៅក្នុង​ចំណោម​យុវជន​។ អ្នកស្រី យុន ម៉ា​ណេ គឺជា​បុគ្គល​ដ៏​សកម្ម​មួយរូប​ដែរ ដែល​បាន​ជំរុញ និង​លើកតម្កើង​ប្រពៃណី និង​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​។



​អ្នកស្រី យុន ម៉ា​ណេ ជា​ជនជាតិដើម​ភាគតិច​ពូ​នង​ម្នាក់​ដែលមាន​ភាពលេច​ធ្លោ នៅក្នុង​ចំណោម​ជនជាតិដើម​ភាគតិច និង​នៅក្នុង​សង្គម​ទូទៅ​ផង​។ បច្ចុប្បន្ន​អ្នកស្រី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​ជនជាតិដើម​ភាគតិច និង​ប្រធាន​ក្រុមប្រឹក្សា​នៅ​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំ នួន​នៅ​កម្ពុជា​ផង​។ អ្នកស្រី ម៉ា​ណេ ក៏មាន​មុខតំណែង​នៅក្នុង​អង្គការសហប្រជាជាតិ​ផងដែរ​។

​មាន​សំដីសំដៅ​មួយៗ និង​ច្បាស់លាស់ អ្នកស្រី ម៉ា​ណេ កើត​នៅក្នុង​ខេត្តមណ្ឌលគិរី នៅក្នុង​គ្រួសារ​ក្រីក្រ​លំបាក​។ អ្នកស្រី ជា​កូន​ទី​៣ ក្នុងចំណោម បងប្អូន​ប្រុស​ស្រី​៦​នាក់ ដែល​មានតែ​ម្តាយ និង​ជីដូន​ប៉ុណ្ណោះ ដែលជា​អ្នករក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ខណៈដែល​ឪពុក​របស់​អ្នកស្រី មានគ្រួសារ​ថ្មី​ទៀត​។

​ពាក់អាវ​ពណ៌​ស ដែលមាន​ប៉ាក​ឌិន​តាមរបៀប​ជនជាតិដើម​ភាគតិច និង​ស្លៀកខោ​ខូវ​ប៊ូ​យ​ជើងវែង អ្នកស្រី ម៉ា​ណេ ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៩​ឆ្នាំ នៅតែ​ចង់ចាំ​មិន​ភ្លេច​ពី​ភាព​លំបិន និង​វីរភាព​របស់​ម្តាយ និង​ជីដូន​។  អ្នកស្រី យុន ម៉ា​ណេ បន្ត​រំឭក​កុមារភាព​របស់ខ្លួន​ក្នុង​ទឹកមុខ​ស្រពោន​ដូច្នេះ​៖«​ស្ថានភាព​គ្រួសារ​តាំងពី​ខ្ញុំ​ដឹងក្តី​មក គឺមាន​ការលំបាក​មែន​ទែន​។ ពេលខ្លះ​យើងរ​កបាយ​ញ៉ាំ​អត់​មាន​ទេ​។ យើង​ញ៉ាំ​ទំពាំង បន្លែ​អីហ្នឹង​ស្ល​ជំនួស​បាយ​។ ខ្ញុំ​ទៅ​ជញ្ជាត់​ត្រី ដាក់​សន្ទូច ដាក់​ទ្រូ​អ៊ីចឹងទៅ​។ ពេលខ្លះ​ខ្ញុំ​ញ៉ាំ​ពោត​ជំនួស​បាយ​។ ជួល​កាល​យើង​បាន​ស្រូវ​មក លាយ​បុក​ជាមួយគ្នា​អ៊ីចឹង​។ យើង​ចិញ្ចឹម​មាន់ ចិញ្ចឹម​ជ្រូក ហើយ​ដំបូលផ្ទះ​ពេល​ភ្លៀង​មក​សាច​ចូល រកតែ​ភួយ​ដណ្តប់​អី ក៏​មិនមាន​គ្រប់គ្រាន់​ដែរ​»​។​



​ខំរៀន​ឲ្យ​ខ្ពស់​ព្រោះ​ចង់​ជួយ​គ្រួសារ និង​សង្គម​

​អ្នកស្រី ម៉ា​ណេ មាន​ឫកពា​ស្ងប់ស្ងាត់ និង​ម៉ត់ចត់​នឹង​ការងារ​។ មាន​សម្បុរ​ស្រអែម សក់​ពណ៌​ខ្មៅ​វែង​អន្លាយ អ្នកស្រី យុន ម៉ា​ណេ បាន​អះអាងថា​ខ្លួន​ជា​អ្នក​ស្រឡាញ់​ការសិក្សា​រៀនសូត្រ​ម្នាក់ តែ​ដោយ​ស្ថានភាព​គ្រួសារ​ក្រ​ពេក អ្នកស្រី ម៉ា​ណេ រៀន​មិនសូវ​បាន​ជាប់លាប់​ឡើយ និង​ធ្លាប់​បោះបង់​ការសិក្សា​ម្តង ជា​ពីរដង​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ម្តាយ​របស់​អ្នកស្រី មិន​សប្បាយចិត្ត និង​តែងតែ​ជំរុញ​ឲ្យ​អ្នកស្រី​បន្ត​រៀន​ឲ្យ​បាន​ខ្ពស់ និង​ចប់​ចុង​ចប់​ដើម​។​

​ពី​បន្ទប់ធ្វើការ​របស់ខ្លួន ស្ថិតនៅ​ជាន់​ទី​១ នៃ​អគារ​អង្គការ​ជនជាតិដើម​ភាគតិច ក្នុង​សង្កាត់​ទួល​ទំពូង អ្នកស្រី ម៉ា​ណេ រំឭក​សម្តី​ម្តា​របស់ខ្លួន​៖«​ខ្ញុំ​បាន​ម្តាយ គាត់​ជំរុញ​ខ្លាំង​មែនទែន គាត់​ថា​គាត់​អត់​មានអី​ឲ្យ​ទេ គាត់​មានតែ​ការអប់រំ​។ ពេលដែល​ខ្ញុំ​រៀន ខ្ញុំ​ឈប់​ពីរ បី​ដង …​ម្តាយ​ខ្ញុំ​គាត់​និយាយថា បើ​ខ្ញុំ​អត់​រៀន គាត់​អត់​ទទួលខុសត្រូវ​ចំពោះ​អនាគត​ទេ​»​។​



​សម្តី​របស់​ម្តាយ គឺជា​កត្តា​ជំរុញ​ចិត្ត​ឲ្យ​អ្នកស្រី ម៉ា​ណេ ខិតខំ​រៀន​រហូត​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​៩ នៅ​អំឡុង​ឆ្នាំ​១៩៩៩​។ បន្ទាប់មក​អ្នកស្រី បន្ត​សិក្សា​យក​ក្របខណ្ឌ​គ្រូបង្រៀន​រយៈពេល​២​ឆ្នាំ​ទៀត នៅក្នុង​ខេត្តស្ទឹងត្រែង​។ ធ្វើជា​គ្រូបង្រៀន​នៅ​ស្រុកកំណើត​បាន​មួយរយៈ អ្នកស្រី ក៏មាន​សំណាង​បានទទួល​ការឧបត្ថម្ភ​ការសិក្សា​រយៈពេល​១​ឆ្នាំ ពី​ទេសចរ​បរទេស​២​នាក់ ឲ្យ​អ្នកស្រី​មក​រៀនធ្វើការ​ងារ​នៅ​ភ្នំពេញ ក្នុង​ផ្នែក​រដ្ឋបាល ហិរញ្ញវត្ថុ សិក្សា​កុំ​ព្យូ​រ​ទ័​រ និង​ភាសា​អង់គ្លេស​ផងដែរ​។ ក្រោយមកទៀត អ្នកស្រី ក៏បាន​បោះបង់​ក្របខណ្ឌ​គ្រូបង្រៀន ដើម្បី​ទទួលយក​ឱកាស​សិក្សា​បរិញ្ញាបត្រ​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ​។ កាលនោះ អ្នកស្រី ម៉ា​ណេ បាន​ប្រាក់កម្ចី​អាហារូបករណ៍​ពី​អង្គការ​មួយ និង​អាហារូបករណ៍​៥០%​ភាគរយ​រយៈពេល​៤​ឆ្នាំ​។


​អ្នកស្រី​រៀបរាប់ថា មុននឹង​អ្នកស្រី​សម្រេចចិត្ត​បោះបង់​ក្របខណ្ឌ​គ្រូបង្រៀន ហើយ​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ ជីដូន និង​ញាតិមិត្ត​មិនសូវ​ពេញចិត្ត​ឡើយ​។ ប៉ុន្តែ​ដោយបាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​ម្តាយ ហើយ​បាន​យល់ច្បាស់​ពី​គុណ​តម្លៃ​នៃ​ការសិក្សា អ្នកស្រី ក៏​ផ្តល់ឱកាស​ឲ្យ​ខ្លួនឯង​ម្តងទៀត ដើម្បី​ទទួលយក​ចំណេះដឹង​ឲ្យ​បាន​កាន់តែ​ទូលាយ​។
​ការសម្រេចចិត្ត​ដ៏​តានតឹង​នេះហើយ ដែល​បានធ្វើ​ឲ្យ​អ្នកស្រី យុន ម៉ា​ណេ ក្លាយជា​ស្ត្រី​ជនជាតិភាគតិច​ពូ​នង​ដំបូង​គេ​ដែល​បាន​រៀន​ចប់​មហាវិទ្យាល័យ និង​បាន​ក្លាយជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​ស្ត្រី​ជនជាតិដើម​ផ្សេងទៀត ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្ពស់​ដែរ​។

​អ្នកស្រី ម៉ា​ណេ ជា​បុគ្គល​គំរូ​ក្នុង​កែវភ្នែក​យុវជន​ជនជាតិដើម​ភាគតិច​

​មានឱកាស​ចូលរៀន​នៅ​មហាវិទ្យាល័យ ក៏​ជា​រឿង​មិន​នឹកស្មាន​ដល់ សម្រាប់​ស្ត្រី​ជនជាតិភាគតិច​ជំនាន់​នោះ​។ ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ពូ​នង​រូបនេះ កាន់តែ​រំភើប និង​មាន​មោទកភាព​ទៀត​នោះ គឺ​បានធ្វើការ​ក្នុង​អង្គការសហប្រជាជាតិ​ក្នុងតួនាទី​ខ្ពស់ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​បណ្តា​អង្គការ​អន្តរជាតិ​ធំៗ​នៅ​កម្ពុជា​ផង​។ អ្នកស្រី យុន ម៉ា​ណេ រៀបរាប់​ដូច្នេះ​៖ «​យើង​មិន​នឹកស្មានថា យើង​ជា​ជនជាតិដើម​ភាគតិច​ជា​ស្ត្រី ហើយ​មានឱកាស​បាន​រៀន​មហាវិទ្យាល័យ​។ យើង​មានឱកាស​ធ្វើការ​ក្នុង​អង្គការសហប្រជាជាតិ ក្នុងតួនាទី​មួយ​គ្រាន់បើ​ដែរ​។ ខ្ញុំ​អាចមាន​លទ្ធភាព​ទៅ​អង្គុយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៅ​អង្គការ​ធំៗ​។ នេះ​ជា​មោទកភាព​សម្រាប់​ខ្លួនឯង និង​អ្នក​ជុំវិញខ្លួន​ដែល​ជំរុញ​ឲ្យ​យើង​មាន​ថ្ងៃ​នេះដែរ​»​។

​ជា​ស្ត្រី​ជនជាតិដើម​ភាគតិច​ពូ​នង​ដំបូង​គេ​ដែល​រៀន​ចប់​មហាវិទ្យាល័យ និង​ក្នុងនាម​អ្នក​ដែល​បានមក​សិក្សា​នៅ​រាជធានី​ភ្នំពេញ​មុនគេ អ្នកស្រី ម៉ា​ណេ មិន​ព្រងើយកន្តើយ​នឹង​សហគមន៍​ជនជាតិដើម​ភាគតិច​របស់ខ្លួន​ឡើយ​។ អ្នកស្រី ចង់ឃើញ ជនជាតិដើម​ភាគតិច​ដទៃទៀត បានទទួល​ការអប់រំ​ខ្ពស់​ដូច​ខ្លួន​ដែរ​។ ដូច្នេះហើយ​បានជា នៅ​អំឡុង​ឆ្នាំ​២០១៤ អ្នកស្រី និង ជន ជាតិ ដើម​ភាគតិច​ប្រមាណ​១០​នាក់​ទៀត បានរួម​គ្នា បង្កើត​អង្គការ​ជនជាតិភាគតិច ដើម្បី​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​យុវជន​ជនជាតិដើម​ភាគតិច ឲ្យ​ទទួលបាន​ការសិក្សាអប់រំ និង​ជួយ ស្វែងរក​ដំណោះស្រាយ​ការលំបាក​ផ្សេងៗ​សម្រាប់​យុវជន​ជនជាតិភាគតិច​ផងដែរ​។ ក្រៅពីនេះ អង្គការ​ជនជាតិដើម​ភាគតិច ក៏បាន​ខ្នះខ្នែង ជួយ​ជ្រោមជ្រែង​ប្រពៃណី វប្បធម៌ និង​អត្តសញ្ញាណ​ជនជាតិភាគតិច ឲ្យ​មានជីវិត​រស់រាន​បន្ត​ទៅ​ជំនាន់​ក្រោយ​ផងដែរ​។ 



​ដ្បិតតែ​មិន​ហ៊ាន​អះអាង​ដោយផ្ទាល់​មាត់​ខ្លួនឯង​ថា អ្នកស្រី​បាន និង​កំពុង​ដើរតួនាទី​ជា​បុគ្គល​គំរូ សម្រាប់​យុវជន និង​ស្ត្រី​ជនជាតិដើម​ភាគតិច​ដទៃទៀត ប៉ុន្តែ​អ្នកស្រី បានដឹងថា នៅក្នុង​ក្រសែភ្នែក​ជនជាតិដើម​ភាគតិច​ដទៃទៀត គេ​បានចាត់ទុក​អ្នកស្រី ថា​ជា​ជន​គំរូ​រួចទៅហើយ​។ «​ខ្ញុំ​មិន​ហ៊ាន​ថា​ជា​គំរូ​ទេ គ្រាន់តែ​អ្វីដែល​ខ្ញុំ​បានធ្វើ មិនមាន​ទិសដៅ​ថា​ត្រូវតែ​ឲ្យ​គេ​ធ្វើតាម​ទេ តែ​អ្វីដែល​ខ្ញុំ​ដឹង​ច្បាស់ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើ​ជួយ​កិច្ចការ​ជនជាតិដើម​ភាគតិច​។ កិច្ចការងារ​ផ្សេងៗ គឺ​ខ្ញុំ​ជា​ក្រុមប្រឹក្សាភិបាល​ក្នុង​អង្គការ​ផ្សេងៗ​។ ខ្ញុំ​គិតថា ខ្ញុំ​ទៅ​រួមចំណែក​ផង និង​រៀនសូត្រ​ផង​។ អ៊ីចឹង​កិច្ចការងារ​ទាំងអស់​ហ្នឹង ដែល​ពេលខ្លះ​គេ​ថា​យើង​បាន​បង្ហាញផ្លូវ យើង​បាន​ធ្វើជា​គំរូ​គេ ឲ្យ​ចូលរួម​ក្នុង​កិច្ចការងារ​សង្គម ក្លាយជា​អ្នកដឹកនាំ​ការងារ​ជនជាតិដើម​ភាគតិច​ជាដើម​។ នេះ​ជាការ​យល់ឃើញ​របស់​មិត្តភក្តិ ក្រុមការងារ​បងប្អូនៗ​យុវជន​។ អ្នកខ្លះ​គាត់​បាន​លើកឡើងថា ដោយសារ​ឃើញ​ខ្ញុំ​រៀន​ទៅបាន​ការងារ​ធ្វើ អ៊ីចឹង​គាត់​ខំប្រឹង​តាម​»​។ នេះ​ជា​ការរៀប​រាបរាប់​អ្នកស្រី យុន ម៉ា​ណេ​។

​ស្ត្រី​ជនជាតិដើម​ភាគតិច មាន​ភាពជា​ដឹកនាំ តែ​នៅ​ខ្វះ​ឱកាស​

​ប្រឡូក​ក្នុង​កិច្ចការងារ​ជាមួយ​សហគមន៍​ជនជាតិដើម​ភាគតិច ប្រមាណ​២០​ឆ្នាំ អ្នកស្រី យុន ម៉ា​ណេ មើលឃើញថា ស្ត្រី​ជនជាតិភាគតិច មាន​ភាពជា​អ្នកដឹកនាំ​ច្រើន ប៉ុន្តែ​ពួកគាត់​នៅ ខ្វះ​ឱកាស និង​ការជំរុញ​ពី​សង្គម ទន្ទឹមនឹង​ចំណេះដឹង​របស់​ជនជាតិ​ភាគតិច​ខ្លួនឯង នៅមានកម្រិត​ផង​នោះ​។ ម្យ៉ាងទៀត​អ្នកស្រី ក៏​មិនបាន​មើលឃើញថា មាន​ស្ត្រី​ជនជាតិដើម​ភាគតិច​ច្រើន​នៅឡើយ​ទាំង​នៅក្នុង​សហគមន៍ និង​នៅក្នុង​អង្គភាព​រដ្ឋ ដែល​ស្ថិត​ក្នុងតួនាទី​ជា​អ្នកសម្រេចចិត្ត​។ អ្នកស្រី ម៉ា​ណេ លើកឡើងថា​៖«​បញ្ហា​ជនជាតិដើម​ភាគតិច​នៅក្នុង​ការគ្រប់គ្រង​ដឹកនាំ​សហគមន៍ តាម​ប្រពៃណី​ក៏ដោយ ភាគច្រើន​បុរស​នៅតែ​ជា​អ្នកសម្រេចចិត្ត ហើយ​ស្ត្រី​មិនមាន​នៅក្នុង​រចនាសម្ព័ន្ធ​ហ្នឹង​។ កន្លែង​ហ្នឹង​ជា​គម្លាត​ដែល​យើង​មើលឃើញ​»​។​

​បើទោះបីជា​មើលឃើញ​ពី​គម្លាត​គ្នា​ឆ្ងាយ ប៉ុន្តែ​អ្នកស្រី ម៉ា​ណេ នៅតែមាន​សេចក្តី​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត នឹងមាន​ស្ត្រី​ជនជាតិដើម​ភាគតិច​កាន់តែច្រើន ចូលរួម​ក្នុង​កិច្ចការងារ​ដឹកនាំ​ក្នុង​ស្ថាប័នរដ្ឋ ហើយ​ស្ថិតនៅក្នុង​តួនាទី​មួយ​ដែលមាន​សិទ្ធិ​សម្រេច​ចិត្តបាន​។ ជាមួយគ្នានេះ គាត់​ក៏​ទទូច​ឲ្យ​ស្ត្រី​ខ្លួនឯង​ត្រូវ​ក្លាហាន មុះ​មុត អត់ធ្មត់ ដើម្បី​ជម្នះ​ការលំបាក​ទាំងឡាយ​ឲ្យ បាន តាមរយៈ​ការខិតខំ​រៀនសូត្រ និង​ខិតខំ​កសាង​ភាពជា​អ្នកដឹកនាំ​ផ្ទាល់ខ្លួន ដើម្បី​មាន លទ្ធភាព​ជួយ​គ្រួសារ និង​សហគមន៍​ខ្លួន​វិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com