អន្តរជាតិ
សភាអាមេរិក ចេញសំណើច្បាប់បញ្ឈប់ការលក់ឧស្ម័នបង្ហូរទឹកភ្នែកដល់ហុងកុង ប្រភពរូប៖ កាសែតហុងកុង South China Morning Post
× តំណាងរាស្ត្រអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា បានប្រកាសសេចក្ដីព្រាងច្បាប់មួយអំពាវនាវឲ្យបញ្ឈប់ការលក់សម្ភារគ្រប់គ្រងកុបកម្មដល់កងកម្លាំងសន្តិសុខហុងកុង ខណៈភាពវឹកវរក្នុងទីក្រុងនេះ ឈានដល់ខែទី៤។ ប៉េកាំង តាមរយៈក្រសួងការបរទេសខ្លួន ក៏បានប្រតិកម្មចំពោះព័ត៌មាននេះផងដែរ។
ប្រសិនបើអនុម័ត សេចក្តីព្រាងច្បាប់ មានឈ្មោះថា «ច្បាប់ការពារហុងកុង (PROTECT Hong Kong Act)» នឹងហាមឃាត់ក្រុមហ៊ុនអាមេរិកពីការនាំចេញសម្ភារគ្រប់គ្រងក្រុមបាតុករដែលមិនបង្កគ្រោះថ្នាក់ ដូចជា ឧស្ម័នបង្ហូរទឹកភ្នែក និងខែលការពារជាដើម ទៅក្រុងហុងកុង ។ នៅទីនោះ កម្លាំងប៉ូលិសហុងកុង កំពុងរងការរិះគន់កាន់តែខ្លាំងឡើង ជុំវិញសកម្មភាពពួកគេលើអ្នកតវ៉ាហុងកុង។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានបង្កើតឡើងដោយសមាជិកសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក James McGover , លោក Christopher Smith មកពីបក្សសាធារណរដ្ឋ និង លោក Ro Khanna មកពីបក្សប្រជាធិបតេយ្យ។ ការដាក់បម្រាមនេះ នឹងចូលជាធរមាន ៣០ថ្ងៃ ក្រោយពីវាក្លាយជាច្បាប់។
ទន្ទឹមនឹងហាមឃាត់ការលក់ឧបករណ៍គ្រប់គ្រងកុបកម្មឲ្យហុងកុង ច្បាប់ថ្មីនេះ ក៏នឹងតម្រូវឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើរបាយការណ៍លម្អិតមួយទៅកាន់សភាស្តីពីសម្ភារយោធា ដូចជា អាវុធគ្រឿងផ្ទុះ និងឧបករណ៍ការពារនានា ដែលបាននាំចេញទៅកាន់ទីក្រុងហុងកុង ក្នុងពេល៥ឆ្នាំចុងក្រោយផងដែរ។
តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post សមាជិកសភាមកពីបក្សសាធារណរដ្ឋនៃរដ្ឋ New Jersey លោក Smith បញ្ជាក់ថា សភា Congress អាមេរិក ត្រូវបញ្ឈប់លំហូនៃការនាំចេញឧបករណ៍ទាំងនេះទៅហុងកុង រហូតដល់វាបញ្ជាក់ច្បាស់ថា ផលិតផលអាមេរិកនេះ ពុំត្រូវប្រើប្រាស់ដើម្បីគាប់សង្កត់សេរីភាពរបស់ប្រជាជនហុង។
ចំណែកសមាជិកសភាម្នាក់ទៀត គឺលោក McGovern និយាយថា អាមេរិក គួរតែទទួលស្គាល់សិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជនទាំងអស់។ លោក សង្កត់ធ្ងន់ថា នេះ មានន័យថា ក្រុងវ៉ាស៊ីនតោន ពុំគួរអនុញ្ញាតក្រុមហ៊ុនអាមេរិកលក់ឧបករណ៍នេះទៅរដ្ឋាភិបាលបរទេស នៅពេលអាមេរិកឃើញភស្តុតាងថា វាកំពុងត្រូវបានប្រើសម្រាប់គោលបំណងអសីលធម៌និងអយុត្តិធម៌។
ក្នុងសន្និសីទព័ត៌មានជាប្រចាំនៅថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានប្រតិកម្មចំពោះព័ត៌មានសំណើច្បាប់សមាជិកសភាអាមេរិកដែលដាក់បម្រាមការលក់ឧស្ម័នបង្ហូរទឹកភ្នែកដល់ប៉ូលិសហុងកុង ដោយចោទជាសំណួរបែបឌឺដងថា តើសហរដ្ឋអាមេរិកចង់ទុកឧបករណ៍ទាំងនោះប្រើក្នុងប្រទេសក្នុងឯងឬយ៉ាងណា។
ក្រៅពីសហរដ្ឋអាមេរិក រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីខែមិថុនា បានផ្អាកនាំចេញឧបករណ៍ទប់ទល់បាតុកម្មរបស់ខ្លួនទៅហុងកុង។ យោងតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt ការដាក់បម្រាមនេះ នឹងបន្តអនុវត្ត រហូតដល់ក្តីកង្វល់ពីសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានក្នុងទីក្រុងនេះ ត្រូវបានដោះស្រាយ។ ទន្ទឹមនេះ ក្នុងខែកក្កដា សេចក្តីសម្រេចមួយ ត្រូវបានអនុម័តដោយសភាអឺរ៉ុប ដោយស្នើឲ្យរដ្ឋជាសមាជិកទាំងអស់ដាក់ចេញយន្តការគ្រប់គ្រងការនាំចេញខ្លួន ក្នុងគោលដៅកុំឲ្យចិននិងហុងកុងទទួលបានបច្ចកវិទ្យានានា ដែលអាចយកទៅប្រើដើម្បីរំលោភសិទ្ធិមនុស្ស។
និយាយដល់ការរំលោភសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីខែមុន បានលើកឡើងថា ខ្លួនបានពិនិត្យឡើងវិញនូវភស្តុតាងជឿជាក់បាន ដែលបង្ហាញថា មន្ត្រីអនុវត្តច្បាប់នៅក្នុងទីក្រុងហុងកុងបានប្រើប្រាស់អាវុធមិនបង្កគ្រោះថ្នាក់ក្នុងវិធី ដែលត្រូវបានហាមឃាត់ដោយស្ដង់ដារនិងបទដ្ឋានអន្តរជាតិ។
កម្លាំងប៉ូលិសហុងកុង ត្រូវមើលឃើញថា បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមបាតុករ តំបន់ចង្អៀតៗ និងចំៗលើអ្នកតវ៉ាជាច្រើនករណី ដែលបង្ករបួសធ្ងន់ធ្ងរ ឬហានិភ័យដល់សុខភាពពួកគេ ។ ការិយាល័យ UN បញ្ជាក់បែបនេះ ដោយស្នើឲ្យមានការស៊ើបអង្កេតបន្ទាន់មួយលើហេតុការណ៍នេះ។
សូមបញ្ជាក់ថា ចាប់តាំងពីការធ្វើបាតុកម្មទ្រង់ទ្រាយធំ បានចាប់ផ្តើមក្នុងខែមិថុនាដោយសារសំណើច្បាប់ធ្វើបត្យាប័នមួយ ការប៉ះទង្គិចហិង្សារវាងប៉ូលីសនិងក្រុមបាតុករ ធ្វើមនុស្សរាប់សិបនាក់ចូលមន្ទីរពេទ្យ។ បន្ទាប់ពីសេចក្តីប្រកាសកាលពីសប្តាហ៍មុនថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវដកជាផ្លូវការ ក្រុមបាតុករហុងកុង នៅតែបន្តដើរលើដងផ្លូវតវ៉ាទាមទារ៤យ៉ាងទៀត ដែលក្នុងនោះក៏មានស៊ើបអង្កេតឯករាជ្យលើការប្រើប្រាស់កម្លាំងប៉ូលីសលើពួកគេ។ ទោះបែបនេះក្តី លោកស្រី ការី ឡាំ មេដឹកនាំហុងកុង នៅតែបន្តបដិសេធការស្នើសុំនេះដដែល។ គិតមកដល់ពេលនេះ អាជ្ញាធរហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចំនួន ១៨០០គ្រាប់ហើយ ចាប់តាំងពីខែមិថុនាមក។ នេះបើតាមតួលេខពីប៉ូលិសហុងកុង៕
Tag:
សហរដ្ឋអាមេរិក
ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com