ជាតិ
ឧ​ទ្យា​នុ​រក្ស​អាច​ប្រើប្រាស់​កាំភ្លើង សម្រាប់​ការពារ​ខ្លួន​នៅពេល​ចុះ​ល្បាត​
12, Sep 2019 , 10:39 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ ឧ​ទ្យា​នុ​រក្ស​អាច​ប្រើប្រាស់​អាវុធ​ប្រភេទ​CKC​នៅពេល​ចុះ​ល្បាត ដើម្បី​ទប់​ស្តា​ត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​រូបភាព ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ នេះ​បើតាម​ការ​សេច​ណែនាំ​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​៩ កញ្ញា ។



​ក្រសួងបរិស្ថាន បាន​សង្កត់ធ្ងន់ថា ឧ​ទ្យា​នុ​រក្ស​មិនអាច​បាញ់កាំភ្លើង​ដោយ​សេរី​បានទេ នៅពេល​បំពេញបេសកកម្ម​ចុះ​ល្បាត លើកលែងតែ​ត្រូវការពារ​ខ្លួន​នូវ​គ្រោះថ្នាក់​ចំពោះមុខ ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​។ បើតាម​ក្រសួងបរិស្ថាន ក្រោយពី​ចុះ​ល្បាត​រួច ឧ​ទ្យា​នុ​រក្ស​ត្រូវ​ទុក​អាវុធ​ក្នុង​ឃ្លាំង​វិញ ហើយ​ឃ្លាំង​អាវុធ គឺ​មានតែ​ប្រធាន​អង្គភាព និង​ប្រធាន​ស្នាក់ការ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​គ្រប់គ្រង និង​កាន់​សោ​ឃ្លាំង​។

​សេចក្តីណែនាំ​របស់​ក្រសួងបរិស្ថាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងករណី​បាត់​អាវុធ ប័ណ្ណ​សម្គាល់​អាវុធ និង​គ្រាប់រំសេវ ឧ​ទ្យា​នុ​រក្ស​ត្រូវ​រាយការណ៍​ជាបន្ទាន់​មិន​ឲ្យ​លើស​២៤​ម៉ោង​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែលមាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ទាំងអស់ ត្រូវ​ហាម​ដាច់ខាត​នូវ​រាល់​ការលក់ ការផ្ទេរ ខ្ចី​អាវុធ និង​គ្រាប់រំសេវ​ទៅ​ឲ្យ​បុគ្គល​ណាមួយ​»​។

​ដោយឡែក​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​រដ្ឋបាល​តំបន់​អភិរក្ស​ធម្មជាតិ​រាជធានី​-​ខេត្ត ត្រូវ​ស្នើសុំ​គ្រូបង្វឹក​ជា​យោធា​ចា​រ្យ​តាម​បណ្ដាល​ភូមិភាគ ដើម្បី​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល ដល់​ប្រធាន​មន្ទីរ​បរិស្ថាន និង​ម​ន្រី្ត​ឧ​ទ្យា​នុ​រក្ស ក្នុងការ​ប្រើប្រាស់​និង​ថែទាំ​អាវុធ​CKC ។ ជាពិសេស​ត្រូវធ្វើ​របាយ​ការណ៍​អំពី​បច្ចុប្បន្នភាព​នៃ​ការគ្រប់គ្រង និង​ប្រើប្រាស់​អាវុធ ទៅ​អគ្គនាយកដ្ឋាន​ការពារ និង​អភិរក្ស​ធម្មជាតិ ដើម្បី​បូកសរុប​ការងារ បញ្ជូនទៅ​ក្រសួងបរិស្ថាន​។ នេះ​បើតាម​សេចក្តីណែនាំ​ក្រសួង​៕


Tag:
 ឧ​ទ្យា​នុ​រក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com