អន្តរជាតិ
ផ្សែងភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​ហុយ​ដល់​ម៉ាឡេស៊ី បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស​
12, Sep 2019 , 10:59 pm        
រូបភាព
រូបភាព (AFP)
រូបភាព (AFP)
​រដ្ឋមន្ត្រី​បរិស្ថាន​ម៉ាឡេស៊ី លោកស្រី Yeo Bee Yin ច្រានចោល​នូវ​ការលើកឡើង​របស់​ឥណ្ឌូណេស៊ី​ថា ម៉ាឡេស៊ី បាន​លាក់បាំង​ការពិត​អំពី​ស្ថានភាព​ផ្សែង​ពុល ខណៈពេល​នាយករដ្ឋមន្ត្រី​មហា​ធៀ មហាម៉ាត់ បាន​កោះប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សែង​ពុល​នៅក្នុង​តំបន់​។



​នៅលើ​បណ្តាញ​សង្គម Facebook កាលពី​ថ្ងៃទី ១១ ខែកញ្ញា លោកស្រី Yeo បាន​និយាយថា ទិន្នន័យ​បានចង្អុលបង្ហាញ​យ៉ាងច្បាស់​ថា ផ្សែង​ពុល​ដែល​មាននៅ​ម៉ាឡេស៊ី គឺ​ហ៊ុយ​មកពី​ឥណ្ឌូណេស៊ី​។ លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​៖ «​ទុក​ឲ្យ​ទិន្នន័យ​បង្ហាញ​ខ្លួនឯង​ចុះ​»​។

​ការសរសេរ​នៅលើ​បណ្តាញ​សង្គម​បែបនេះ គឺ​ក្រោយពេល​រដ្ឋមន្ត្រី​ព្រៃឈើ និង​កិច្ចការ​បរិស្ថាន លោកស្រី Siti Nurbaya Bakar បាន​ចោទ​ម៉ាឡេស៊ី​ថា មិនបាន​បង្ហាញ​រូបភាព​ច្បាសលាស់​អំពី​បញ្ហា​ផ្សែង​ពុល​។ ជាពិសេស​លោកស្រី បានលើកឡើង​ទៀង​ថា ផ្សែង​ពុល​នេះ​អាច​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ក៏​ថា​បាន​។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ព្រៃឈើ និង​កិច្ចការ​បរិស្ថាន ក៏​បដិសេធ​ពី​អះអាង​មួយចំនួន​ថា ផ្សែង​ពុល​នៅ​ខេត្ត Riau ឥណ្ឌូណេស៊ី បាន​ហ៊ុយ​ដល់​ប្រទេស​សិង្ហ​បុរី​ផងដែរ​។


ការស្រាវជ្រាវចរន្តខ្យល់បក់របស់មជ្ឈមណ្ឌលជំនាញអាកាសធាតុអាស៊ាន, រូបភាព(ASMC)

​ដើម្បី​ការពារ​នូវ​អ្វីដែល​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​បាន​ចោទប្រកាន់ លោកស្រី Yeo បាន​ចែករំលែក ឬ Share ជា​សាធារណៈ​នូវ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ដោយ​មជ្ឈមណ្ឌល​ជំនាញ​អាកាសធាតុ​អាស៊ាន មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី បាន​បង្ហាញថា មាន​ភ្លើង​ឆេះ​ព្រៃ ៤៧៤​កន្លែង​នៅលើ​កោះ​កាលី​ម៉ាន់​តាន់ និង​៣៨៧​កន្លែង​ទៀត​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​នា​ថ្ងៃទី ១០ ខែកញ្ញា​។ ចំណែក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​តែ ៧​កន្លែង​ប៉ុណ្ណោះ​។

​ការស្រាវជ្រាវ​ចរន្ត​ខ្យល់​បក់​របស់​មជ្ឈមណ្ឌល​ជំនាញ​អាកាសធាតុ​អាស៊ាន​។ រូបភាព ASMC
​ដោយមាន​ភ្ជាប់​មកជា​មួយ​រូបភាព​ចរន្ត​ខ្យល់​បក់ រដ្ឋមន្ត្រី​បរិស្ថាន​ម៉ាឡេស៊ី​បានបញ្ជាក់​ថា ការអះអាង​លោកស្រី Siti គឺ​មិនអាច​ទៅរួច​ទេ ដែល​ខ្យល់​បាន​បក់​មកពី​ខេត្ត​Sarawak ម៉ាឡេស៊ី ហើយ​លោកស្រី​ក៏​មិនអាច​បដិសេធ​បានដែរ​។

​ចំណែក​លោកនាយក​រដ្ឋមន្ត្រី​មហា​ធៀ បាន​គូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ១១ ខែកញ្ញា បាន​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ផ្សែង​ពុល​នៅក្នុង​ប្រទេស​។ បន្ថែម​ពីលើ​នេះ លោក មហា​ធៀ ក៏បាន​និយាយ​ពាក់ព័ន្ធ​នឹង​កា​រប​ញ្ជេ​ញ​មតិ​របស់​លោកស្រី​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​ផងដែរ​ថា​៖ «​នោះ​ជាការ​ប​ញ្ជេ​ញ​មតិ​របស់គាត់ ដូច្នោះ​យើង​មិនអាច​និយាយ​អ្វី​បាន​ទាំងអស់​»​។

​ជាការ​ពិត តាម​ការ​ត្អូញត្អែរ​របស់​ប្រទេសជិតខាង​ឥណ្ឌូណេស៊ី​អំពី​ផ្សែង​ពុល គឺ​កើតចេញពី​ការដុត​ព្រៃ ដើម្បី​យក​ដី​ទៅ​ដាំដូង​ប្រេង​។ នៅ​ថ្ងៃទី ៦ ខែកញ្ញា រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ផ្ញើរ​លិខិត​ការទូត​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ឲ្យ​ធ្វើការ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ជាបន្ទាន់​។

​សូមបញ្ជាក់ថា ដោយសារតែ​ផ្សែង​ពុល​នៅក្នុង​ម៉ាឡេស៊ី​មាន​កម្រិត​ខ្ពស់​នៅ​ថ្ងៃទី​១២ ខែកញ្ញា រដ្ឋាភិបាល​បានចេញ​បញ្ជា​ឲ្យ​បិទ​សាលារៀន​មួយចំនួន​នៅក្នុង​ទីក្រុង Klang និង​រដ្ឋ Selangor ដើម្បី​កុំ​ឲ្យ​សិស្សសាលា​ទទួលរង​នូវ​ផ្សែង​ពុល​នៅក្នុង​ខ្យល់​។ ជាពិសេស​រដ្ឋាភិបាល ហាមឃាត់​មិន​ឲ្យ​មាន​ការដុត​ភ្លើង​ផ្សេងៗ រហូតដល់​បញ្ចប់​រដូវ​ម៉ូ​សុង​៕


Tag:
 ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com