ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក​៖ ជំហរ​ដេក​របស់ ចាន់ រតនា ត្រូវ​ពង្រឹង​ក្បាច់គុន​ជី​ជិត​ស៊ូ​បន្ថែម​
13, Sep 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​គ្រូបង្វឹក​ខ្សែក្រវាត់​ខ្មៅ ជី​ជិត​ស៊ូ ៣​ដាន់​លោក Fernando Salvador យល់ឃើញថា ក្បាច់គុន​ជី​ជិត​ស៊ូ​បាន​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ជួយ​ឲ្យ ចាន់ រតនា មានការ​ប្រកួត​លើ​ជំហរ​ដេក ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។



​គ្រូបង្វឹក​សញ្ជាតិ​អាមេរិក​រូបនេះ​គូសបញ្ជាក់ថា ៖«​ដើម្បី​កសាង​ទំនុកចិត្ត​ក្នុងការ​ប្រកួត​លើ​ក្ដា​រេញ ឬ ជំហរ​ដេក ការហាត់​ជី​ជិត​ស៊ូ ពិតជា​សំខាន់ ណាស់​សម្រាប់​ជើង​ខ្លាំង ចាន់ រតនា ដែល​ត្រូវ​ហាត់​រាល់ថ្ងៃ​ជាពិសេស​នៅពេល​ព្រឹក​ដែលមាន​អារម្មណ៍ល្អ ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ស្រលះ​ចិត្ត និង​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ឲ្យ​រាងកាយ​សុំា​ចង្វាក់​ប្រកួត​បាន​លឿន និង ប្រើ​ពេលវេលា​តិចតួច មាន​ភាព​អំណត់​។ នេះ​ជា​វិធី​ដែល​ធ្វើ​ឲ្យ ចាន់ រតនា ល្អ​ប្រសើរឡើង​ក្នុងការ​ប្រកួត​គុន​ចម្រុះ​»​។​



​បែបណា​ក្ដី រតនា ទទួលបាន​ការហ្វឹកហាត់​ក្បាច់​ជី​ជិត​ស៊ូ ពី​គ្រូបង្វឹក ខូវ វិ​វ​ឌ្ឍ​នា ជាប្រចាំ បូក​នឹង​ក្បាច់​ចំបាប់ និង MMA ផងដែរ​។ ប៉ុន្តែ​អ្វីដែល​គេ​មើលឃើញ​នោះ កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​មិនអាច​ប្រើ​ក្បាច់​វ៉ៃ​ដេក ឬ វ៉ៃ​ក្នុង​ជំហរ​ដេក​ដើម្បី​ផ្ដួល​គូប្រកួត​នោះឡើយ​ដោយហេតុថា រូបគេ​ពូកែ​ខាង​យុទ្ធ​គុនខម និង គុន​ខ្មែរ​ប៉ុណ្ណោះ​។  ម្ចាស់​ក្លិប «​សិល្បៈ​» ក៏បាន​សារភាព​ដែរ​ថា ៖«​អ្វីដែល​ខ្ញុំ​រៀន គឺ ខ្ញុំ​រៀន​ក្បាច់​ដោះ​ឃ្លេ ច្រើនជាង​ព្រោះ​យើង​មិនមែន​ជំនាញ​ខាង​ឃ្លេ​។ ខ្ញុំ​មិន​ពូកែ​ក្បាច់ MMA ដើម្បី​ឈ្នះ​គូប្រកួត​ទេ​»​។ ជើង​ខ្លាំង ចាន់ រតនា បាន​បង្កើត​គួរ​ឲ្យ​កត់សម្គាល់​និង​អស្ចារ្យ​លើស​ង្វៀន​គុន​ចម្រុះ​ដោយ​ឈ្នះ ៧ ដង និង ចាញ់ ៣ លើ​។ រឿង​ជា​មោទនភាព​មួយទៀត រូបគេ​ក្លាយជា​កីឡាករ​កម្ពុ​ជាទី​១ ដែល​ឈ្នះ​លើស​ង្វៀន​អន្តរជាតិ ONE រហូតដល់ ៣ លើក​ជាប់​គ្នា ក្រោយ​វាយ Abrou Fernandes  , និង Rudy Agustian ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២  ហើយ​បន្ត ឈ្នះ Gustavo Balart កាល​ខែ សីហា នៅ​បាងកក​។ 

Fernando Salvador ដែលជា​គ្រូបង្ហាត់​ក្បាច់គុន​ចម្រុះ​ដ៏​មានបទពិសោធន៍​នោះបាន​ថ្លែង​ទៀត ៖«​ចាន់ រតនា ជា​កីឡាករ​មាន​ទេពកោសល្យ និង ការតាំង​ចិត្ត​សម្រេច​សមិទ្ធផល​ខ្លួនឯង​និង​តំណាង​កម្ពុជា​។ ការ​បោះជំរំ​ហ្វឹកហាត់ និង ខំប្រឹង​ខ្លួនឯង គឺជា​កត្តា​ដែល​ទទួល​ជ័យជម្នះ​បន្តបន្ទាប់​។ ខ្ញុំ​គិតថា រតនា នឹង​ជួប​គូប្រកួត​ខ្លាំងៗ ដែល​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ ជាពិសេស​ក្បាច់គុន​ចម្រុះ និង ជី​ជិត​ស៊ូ​។ រតនា ត្រូវ​រៀបចំ​ការប្រកួត​លើ​ក្ដា​រេញ មាន​គាប​ឃ្លេ​ដៃ និង ប្រើ​ជើង​ឲ្យ​កាន់តែ​ល្អប្រសើរ​បូកផ្សំ​នឹង​ការប្រកួត​ឈរ​ដែលមាន​ស្រាប់​»​។



​គួររំលឹកថា​លោក លោក Fernando Salvador ជា​គ្រូបង្វឹក​បង្ហាត់​ចំបាប់​តាំងពី​ឆ្នាំ ១៩៨៩ បន្ទាប់មក​លោក​បន្តទៅ​បង្ហាត់ ជី​ជិត​ស៊ូ (Jiujitsu) និង គុន​ចម្រុះ​(MMA) ដល់​បច្ចុប្បន្ន​។ គ្រូបង្វឹក​សញ្ជាតិ​អាមេរិក​រូបនេះ​បានមក​បង្ហាត់​គុន​ចម្រុះ​នៅ​កម្ពុជា​រយៈ ជិត ២ ឆ្នាំ​មកហើយ​។ ជាមួយគ្នា​នោះ មានកូន​សិស្ស​ជាច្រើន​ធ្លាប់​ហាត់ ជាមួយ​លោក ដូចជា រិ​ន សា​រ័ត្ន , ស សី , និង ចាន់ សំអាត ជាដើម​។

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com