ជាតិ
សង្គមជាតិ
រដ្ឋបាល​ភ្នំពេញ ស្នើ​ម្ចាស់​ជល​យាន កុំ​ឲ្យ​ដឹក​លើស​ចំណុះ ខណៈ​ទឹកទន្លេ​កំពុង​ឡើង​
13, Sep 2019 , 8:59 am        
រូបភាព
រូបភាពពីរដ្ឋ​បាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋ​បាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ម្ចាស់​ជល​យាន ដែល​ដឹក​អ្នកដំណើរ ភ្ញៀវទេសចរ និង ដឹកទំនិញ រួមទាំង​ម្ចាស់​កំពង់ផែ មិនត្រូវ​ដឹក​លើស​ចំណុះ​ដែល​បានកំណត់​ឡើយ និង​មិនត្រូវ​បើក​នៅក្បែរ​ច្រាំង ដែល​នាំ​ឲ្យ​បាក់​ច្រាំង និង​ត្រូវ​បើក​បន្ថយល្បឿន​ឲ្យ​នៅត្រឹម​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។



​ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ផ្លូវទឹក ជៀសវាង​ការខូចខាត​ផលដំណាំ ផ្ទះសម្បែង​របស់​ពលរ​ដ្ឋ និង​ការបាក់​ច្រាំង​នៅ​រដូវ​ទឹកទន្លេ​ឡើង សាលា​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ម្ចាស់​ជល​យាន ម្ចាស់​កំពង់ផែ​ទាំងអស់​យកចិត្តទុកដាក់​លើ​ការបំពាក់​ឧបករណ៍​ការពារ​សុ​វត្តិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​ត្រូវមាន​ពោង​ក្បួន ពោង​កង អាវ​ពោង និង​បំពង់​សម្រាប់​ពន្លត់​អគ្គិភ័យ​។ ម្ចាស់​ជល​យានទាំងអស់​ក៏​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ភ្ញៀវទេសចរ​ដែល​លើស​ចំណុះ​ពេល​ទឹក​កំពុង​ហក់​ឡើង​ផងដែរ​។​

​សាលា​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​អ្នកបើក​ជល​យាននៅពេល​យប់ ត្រូវមាន​ភ្លើង​បំភ្លឺ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​រៀបចំ​ផ្លូវ​ឡើង​ចុះ​កំពង់ផែ​ចម្លង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​ផុង​ស្រុត ហើយ​មិនត្រូវ​បើកបរ​នៅក្បែរ​ច្រាំង ដែល​នាំ​ឲ្យ​បាក់​ច្រាំង បង្ក​ឲ្យ​ខូចខាត​ផ្លូវ ផលដំណាំ​ផ្សេងៗ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្តីពី ការធានា​នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក​នា​រដូវ​ទឹកទន្លេ​ឡើង ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១១ ខែកញ្ញា​៕

Tag:
 សាលា​រាជធានី​ភ្នំពេញ​
 ​ជល​យាន្ត​
 ​អ្នកដំណើរ​
 ​ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com