អន្តរជាតិ
អាមេរិក នឹង​ហាម​បារី​អេ​ឡិច​ត្រូ​និ​ច​មាន​រសជាតិ​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ដោយ​យុវវ័យ
13, Sep 2019 , 9:59 am        
រូបភាព
រូបភាព AP
រូបភាព AP
ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃទី​១១ ខែកញ្ញា រដ្ឋបាល ដូ​ណា​ល់ ត្រាំ បានប្រកាសថា ក្នុងពេល​ឆាប់ៗ​នេះ សហរដ្ឋអាមេរិក​នឹង ហាមឃាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ដោយ​យុវជន​អាមេរិក​ដែល​កំពុង​កើនឡើង​ខ្លាំង​។ ម្យ៉ាង បារី​អេឡិចត្រូនិក​នេះ ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​សួត​ផងដែរ​។​



​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា រូបលោក​និង​ភរិយា​របស់លោក ព្រួយបារម្ភ​ជា​ពន់ពេក​ក្នុងនាម​ជា​ម្តាយ​ឪពុក​របស់​ក្មេង​ជំ​ទង​ម្នាក់ អំពី​បញ្ហា​បារី​អេ​ឡិច​ត្រូ​និ​ច​ដែល​បានសំលាប់​មនុស្ស​៦​នាក់​និង មនុស្ស​ជាច្រើន​ទៀត​ធ្លាក់ខ្លួន​ឈឺ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ និយាយថា​៖ « យើង​សុទ្ធតែ​បាន​អាន​អំពី​វា​(​បារី​អេ​ឡិច​ត្រូ​និ​ច​) ហើយ​មនុស្ស​ជាច្រើន​ទៀត​ក៏បាន​អាន​ពី​វា មនុស្ស​ជាច្រើន​កំពុង​ជួប​បញ្ហា​ដោយសារ​បារី​អេ​ឡិច​ត្រូ​និ​ចនេះ​»​។​

​នៅ​សេត​វិមាន លោក Ned Sharpless ប្រធានស្តីទី​នៃ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) ដែល​ធ្វើ​ត្រួតពិនិត្យ​បារី​អេឡិចត្រូនិក និង​រដ្ឋមន្ត្រី​សុខាភិបាល លោក Alex Azar បាន​ឈរ​ក្បែរ​លោក ត្រាំ ផងដែរ​។ ទាក់ទង​នឹង​កាលបរិច្ឆេទ​ចេញ​បម្រាម លោក Azar បញ្ជាក់ថា នឹង​ចេញ​នៅក្នុង​សប្តាហ៍​ខាងមុខនេះ ហើយនឹង​ចាប់ផ្ដើម​នៅ​រយៈពេល​៣០​ថ្ងៃក្រោយ​។ នៅពេលនោះ បារី​អេឡិចត្រូនិក​គ្រប់​ក្លិន​ទាំងអស់ លើកលែងតែ​រសជាតិ​ថ្នាំជក់​(tobacco )​ប៉ុណ្ណោះ​នឹងត្រូវ​ដកចេញ​ពី​ទីផ្សារ​។​

​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួងសុខាភិបាល​អាមេរិក​បញ្ជាក់ថា យុវជន គឺជា​គោលដៅ​នៃ​ការហាម​បារី​អេឡិចត្រូនិក​មិនមែន​រស់ជាតិ​ថ្នាំជក់​នេះ​។ បើតាម​របាយការណ៍​ប​ឋ​ម​ឆ្នាំ​២០១៨ យុវជន​ជាច្រើន​បាន​ជក់បារី​នេះ​ក្នុង​រយៈពេល​៣០​ថៃ្ង​កន្លងទៅ​។

​យ៉ាងណាមិញ រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក ក៏បាន​សរសេរ​នៅលើ​Twitter ទៀតថា​«៖ ប្រសិនបើ​ទិន្នន័យ​បង្ហាញថា ក្មេង​ជំទង់​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​រសជាតិ​ថ្នាំជក់​វិញ យើង​នឹងធ្វើ​អ្វីដែល​ចាំបាច់​ដើម្បី​បន្ត​កាត់បន្ថយ​ការប្រើប្រាស់​របស់​យុវជន​ចំពោះ​ផលិតផល​ទាំងនេះ​»​។​

​ការព្រួយបារម្ភ​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​បារី​អេឡិចត្រូនិក កើនឡើង​ខណៈពេលដែល​មានការ​រកឃើញថា មនុស្ស​ជាង ៤៥០​នាក់​ដែល​បាន​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយមាន​រោគសញ្ញា​ស្រដៀង​គ្នា​រួមមាន​ការពិបាក​ដកដង្ហើម​និង​ឈឺទ្រូង មុនពេល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​និង​ដាក់​នៅ​បំពង់ខ្យល់​ជំនួយ​។​

​គួររំលឹកថា បារី​អេឡិចត្រូនិក​មាននៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ ២០០៦ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​វា​ជា​ជម្រើស​មួយ​ដែលមាន​សុវត្ថិភាព​ជាង​ការជក់បារី​។ អ្នកជំនាញ​បាន​ព្រមាន​ថា វា​អាច​ចំណាយពេល​រាប់​ទសវត្ស​ដើម្បី​ដឹង​អំពី​ផលប៉ះពាល់​រយៈពេល​វែង​របស់​បារី​អេឡិចត្រូនិក​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com