អន្តរជាតិ
ប្រមុខរដ្ឋ​ជាង​១០​ប្រទេស នឹងចូលរួម​បុណ្យសព​លោក Mugabe
13, Sep 2019 , 11:02 am        
រូបភាព
មឈូសលោក Robert Mugabe ទៅដល់ផ្ទះ។ រូបភាព AFP
មឈូសលោក Robert Mugabe ទៅដល់ផ្ទះ។ រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Emmerson Mnangagwa បានប្រកាស​នៅ​ថ្ងៃទី​១២ ខែកញ្ញា ថា ប្រមុខរដ្ឋ​ទាំង​១១​រូប នឹងចូលរួម​ពិធីបុណ្យ​សព​ថ្នាក់ជាតិ​របស់​អតីត​ប្រធានាធិបតី Robert Mugabe នៅ​ថ្ងៃទី​១៤ ខែកញ្ញា​។​



អត្ថបទទាក់ទង

​លោក Emmerson Mnangagwa ដែល​អមដំណើរ​ដោយ​សមាជិក​នៃ​ក្រុមប្រឹក្សា​នយោបាយ​បក្ស ZANU-PF ដែល​កំពុង​កាន់អំណាច បាន​ទៅសួរសុខទុក្ខ​គ្រួសារ Mugabe នៅឯ​គេហដ្ឋាន និង​ចូលរួម​រំលែក​ទុក្ខ​។ លោក Mugabe បានទទួល​មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ នៅ​ប្រទេស​សឹង្ហ​បុរី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

​មរណភាព​របស់លោក Mugabe បានធ្វើ​ឲ្យ​មាន​ការប្រទាំងប្រទើសរ​វាង​គ្រួសារ​លោក និង​រដ្ឋាភិបាល​ជុំវិញ​ទីតាំង​បញ្ចុះសព​។ រដ្ឋាភិបាល​ស៊ីម​បា​វ៉េ ចង់​បញ្ចុះ​លោក Mugabe នៅ​ទីលាន​បញ្ចុះសព​វីរបុរស ប៉ុន្តែ​គ្រួសារ​អតីត​ប្រធានាធិបតី​រូបនេះ ទាមទារ​យក​សព​ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​វិញ​។

​នៅតាម​បណ្ដាញ លោក​ប្រធានាធិបតី Mnangagwa បាន​រង​ការចោទប្រកាន់ថា ព្យាយាម​សូកប៉ាន់​មេដឹកនាំ​ក្នុងស្រុក​ដើម្បី​ឲ្យ​ពួកគេ​គាំទ្រ​ជំហរ​រដ្ឋាភិបាល​លើ​រឿង​ទីតាំង​បញ្ចុះសព​។ ប៉ុន្តែ​លោក Mnangagwa បាន​បដិសេធ​ព័ត៌មាន​ទាំងនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ CGTN ។​

​ទីលាន​បញ្ចុះសព National Heroes Acre ដែលជា​កន្លែង​សម្រាប់​បញ្ចុះសព​ឥស្សរជន​ធំៗ​របស់​ស៊ីម​បា​វ៉េ ជាទី​តាំង​ដែល​រដ្ឋាភិបាល​ចង់បាន ខណៈ​គ្រួសារ​សព​លោក មូ​ហ្កា​បេ ចង់​ធ្វើតាម​បំណង​ចុងក្រោយ​របស់ Mugabe ដែល​គួរតែ​បញ្ចុះ​ក្បែរ​ផ្ទះ​ម្តាយ​គាត់​នៅ​ស្រុក Zvimba ។​

​សូមបញ្ជាក់ថា សព​របស់ Mugabe ត្រូវបាន​ដឹកយក​ពី​សឹង្ហ​បុរី​មកដល់​គេហដ្ឋាន​នៅ​ថ្ងៃទី​១១ កញ្ញា​។ អតីត​ប្រធានាធិបតី​ដែល​កាន់អំណាច​៣៧​ឆ្នាំ រូបនេះ​នឹង​នៅតែ​ជា​និមិត្តរូប និង​ជា​អ្នកតស៊ូ​ដើម្បី​សេរីភាព​ដែល​ត្រូវបាន​ប្រជាជន​ចងចាំ​ជា​រៀងរហូត ទោះជា​លោក​បាន​ដឹកនាំ​ប្រទេស​ទៅរក​មហន្តរាយ​នៅពេល​ចុងក្រោយ​ក្ដី​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com