អន្តរជាតិ
រដ្ឋាភិបាល​ថៃ ត្រៀម​លុយ​ជាង​៣២​លាន​ដុល្លារ ជួយ​គាំទ្រ​កសិករ​
13, Sep 2019 , 12:00 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ក្រសួង​ឧស្សាហកម្ម​ថៃ ត្រៀម​បញ្ចប់​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ខែតុលា ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​ដោយ​បន្ថែមថា គម្រោងការ​នេះ រំពឹង​ចំណាយលុយ​១​ពាន់​លាន​ដុល្លារ​បាត ឬ​ស្មើនឹង​ជាង ៣២,៨​លាន​ដុល្លារ ដើម្បី​ដាក់​ដំណើរការ​វិធានការ​គាំទ្រ​កសិករ​ថៃ​។



​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១២ កញ្ញា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ឧស្សាហកម្ម​ថៃ ប៉ា​សូ លូ​ហា​ជន (Pasu Loharjun) បាន​និយាយថា ក្រសួង​លោក កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួមទាំង​ធនាគារ​ផង​នោះ អំពី​វិធានការ​ចាំបាច់ ដែល​គ្រោង​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ​។

​ការចំណាយ​១​ពាន់​លាន​បាត​នេះ នឹងដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០២០​របស់​ក្រសួង​ឧស្សាហកម្ម ដែល​ចាប់ផ្តើម​នៅ​ខែ​ក្រោយនេះ និង​មាន​ចំនួន​សរុប​១៤​ពាន់​លាន​បាត ឬ​ស្មើនឹង ៤៥៩,៤​លាន​ដុល្លារ​។ 

​ក្រសួង​កំពុង​បង្កើត​គំរូ​២​ទៅ​៣​បែប​ដើម្បី​គាំទ្រ​កសិករ​ថៃ ដោយ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគេ និង​បង្កើន​ចំណូល​គ្រួសារ​។ លោក​មន្ត្រី​ថៃ ប៉ា​សូ គូសបញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា វិស័យ​ស្បៀងអាហារ​នឹង​ក្លាយជា​ការផ្តោត​សំខាន់​សម្រាប់​ផែនការ​ថ្មី ដែល​នឹង​អភិវឌ្ឍ​គំរូ​ប្រើ​ដំណាំ​ដើម្បី​ផលិត​អាហារ​កែច្នៃ និង​ជួយ​កសិករ​ឲ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​ពី​ការដាំដុះ​របស់​ពួកគេ​។

​ទន្ទឹមនេះ រដ្ឋាភិបាល​ថៃ បាន​បញ្ជា​ឲ្យ​ក្រសួង​ឧស្សាហកម្ម​ដឹកនាំ​គម្រោង​គាំទ្រ​វិស័យ​កសិកម្ម​នេះ ដោយ​ដើរ​តាម​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការកសាង​ប្រជាជាតិ​មួយ ដែលមាន «​កសិករ​វៃឆ្លាត​» ក្រោម​ផែនការ ឈ្មោះថា ប្រា​ឆា រ៉ាត់ (Pracha Rat) ។ តាម​បាងកក​ប៉ុស្តិ៍ អគ្គនាយក​នៃ​ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម ណា​តា​ពល រែង​ស៊ីត​ពល (Nattapol Rangsitpol) បាន​និយាយថា វិស័យ​ស្បៀងអាហារ​កែច្នៃ ជា​អាទិភាព​ទីមួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការជួយ​គាំទ្រ​ដល់​កសិករ​ថៃ​។​

​សូមបញ្ជាក់ថា ផលិតកម្ម​កសិកម្ម គ្របដណ្តប់​តែ ៩%​  នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ទោះបី​មាន​ទំហំ​តិចតួច​ក្តី វិស័យ​កសិកម្ម  ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​ថៃ ព្រោះថា​ភាគច្រើន​នៃ​ប្រជាជន​ថៃ នៅតែ​ប្រកប​របប​ចិញ្ចឹមជីវិត​តាមរយៈ​ការធ្វើ​កសិកម្ម​៕


Tag:
 ថៃ​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com