កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូ Arsenal ថា Man Utd នៅខ្ចីណាស់មិនអាចឈ្នះ EPL បានទេ
× លោក Arsene Wenger អតីតអ្នកចាត់ការទូទៅ Arsenal មើលឃើញថាក្រុម Manchester United បច្ចុប្បន្ននៅខ្វះភាពចាស់ទុំនៅឡើយក្នុការប្រជែងជើងឯក Premier League រដូវកាលនេះ បើទោះក្រុមរបស់លោក Ole Gunnar Solskjaer សម្បូរកីឡាករមានសក្តានុពលក៏ដោយ។
ក្រុមរហស្សនាមបិសាចក្រហមធ្លាប់លើកពានលីគកំពូលអង់គ្លេស ២០សម័យរួចមកហើយ ប៉ុន្តែចាប់តាំងពីលោក Alex Ferguson ចាកចេញពី Old Trafford ក្នុងរដូវកាល ២០១២-១៣ ពួកគេនៅមិនទាន់ស្គាល់ជាតិពាននេះម្តងឡើយ។ ត្រង់ចំណុចនេះ លោក Wenger បានផ្តល់យោបល់ខ្លះៗដល់ Man Utd ដែលជាអតីតគូប្រជែងចាស់កាលលោកនៅដឹកនាំកាំភ្លើងធំ
អ្នកចាត់ការសញ្ជាតិបារាំងដែលត្រូវបានរាយការណ៍ថានឹងចូលរួមជាមួយ FIFA ក្នុងតួនាទីជាមន្ត្រីបច្ចេកទេសបានប្រាប់ទូរទស្សន៍ beIN Sports ដែលមានមូលដ្ឋាននៅប្រទេសកាតាថា៖«នៅពេលអ្នកមើលការប្រកួតរបស់ Man Utd អ្នកពិតជាឃើញថាក្រុមនេះសម្បូរទៅដោយកីឡាករមានសក្តានុពល។ ប៉ុន្តែពួកគេមិនទាន់រកឃើញវិធីលេងរួមគ្នាជាក្រុមនោះទេ។
ប្រហែលជាកីឡាករទាំងនេះមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការលេងជាក្រុមដូចជា Man United ពីមុន។ របៀបលេងរបស់ពួកគេពេលនេះ គឺមិនអាចប្រជែងជើងឯកបានឡើយ ដ្បិតពួកគេមិនទាន់ធ្វើអ្វីបានដូចដែល Giggs, Scholes និង Beckham បានធ្វើ»។
ដូចអ្វីដែលលោក Wenger លើកឡើង Man Utd ពិតជាយ៉ាប់យឺនមែនទែនក្នុងរយៈពេល៧រដូវកាលចុងក្រោយមកនេះ។ មិនត្រឹមតែមិនឈ្នះជើងឯកលីគកំពូលអង់គ្លេសនោះទេ ក្រុមដែលមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះ របូតតំណែង Top ស្ទើគ្រប់រដូវកាលទៅហើយ បើទោះជាផ្លាស់អ្នកចាត់ការទូទៅជាច្រើនអ្នក និងទិញកីឡាករថ្លៃៗមកពង្រឹងក្រុមក្តី។
សម្រាប់រដូវកាលនេះទៀត Man Utd រកបានតែ៥ពិន្ទុពីការប្រកួត៤លើក ក្នុងនោះឈ្នះតែមួយប្រកួតប៉ុណ្ណោះ និងចាញ់១ ស្មើ២ ឈរនៅលេខរៀងទី៧ ក្នុងតារាង Premier League បណ្តោះអាសន្ន។ ចុងសប្តាហ៍នេះ Man Utd ត្រូវទទួលភ្ញៀវ Leicester City សម្រាប់ជំនួបសប្តាហ៍ទី៥៕
Tag:
Arsene Wenger
Manchester United
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com