អន្តរជាតិ
ចិននិងម៉ាឡេស៊ី បង្កើតយន្តការរួមគ្នាដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង រូបភាព South China Morning Post
× ចិន និងម៉ាឡេស៊ី យល់ព្រមបង្កើតយន្តការកិច្ចពិភាក្សារួមគ្នា ដើម្បីដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ខណៈពេលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងចរចាជាមួយហ្វីលីពីនអំពីបញ្ហាជម្លោះនេះដែរ។
នាថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីមានជំនួបជាមួយសមភាគីម៉ាឡេស៊ីលោក Saifuddin Abdullah លោកប្រមុខការទូតចិន វ៉ាង យី បានប្រកាសពីគម្រោងចរចារួមគ្នាលើបញ្ហាសមុទ្រចិនខាងត្បូងនៅទីក្រុងប៉េកាំង។
នៅក្នុងជំនួបទ្វេភាគីមួយនេះ លោក វ៉ាង បានលើកឡើងថា ដោយសារភាពតានតឹងនៅសមុទ្រចិនខាងត្បូងមានភាពស្ងប់ស្ងាត់ ចិននិងម៉ាឡេស៊ីប្តេជ្ញាក្នុងការដោះស្រាយបញ្ហា និងចូលរួមក្នុងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ជាចុងក្រោយភាគីទាំងពីរយល់ព្រមបង្កើតឲ្យមានយន្តការពិគ្រោះយោបល់ទ្វេភាគីលើបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការផ្សាយរបស់កាសែត South China Morning Post ។
ចំណែករដ្ឋមន្ត្រីកិច្ចការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានសាទរចំពោះយន្តការមួយនេះ ហើយថែមទាំងហៅរដ្ឋមន្ត្រីក្រសួងការបរទេសចិនថាជាបងប្រុសទៀតផង។ ក្នុងនេះន័យ លោក Saifuddin បាននិយាយថា វិធានការនេះនឹងត្រូវគ្រប់គ្រងដោយរដ្ឋមន្រី្តការបរទេសប្រទេសទាំងពីរ ហើយកិច្ចចរចាចុងក្រោយនេះ ក៏ជាការឈានជំហានក្នុងការដោះស្រាយបញ្ហាក្នុងសមុទ្រចិនមួយទល់នឹងមួយដែរ។
កិច្ចព្រមព្រៀងរវាងទីក្រុងប៉េកាំង និងគូឡាឡាំពួ នឹងជួយឲ្យប្រទេសទាំងពីរកាត់បន្ថយភាពតានតឹង និងនាំមកនូវសន្តិភាពនៅលើផ្លូវនាវាចរ។ នេះជាការយល់ឃើញ លោក Xu Liping អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានយុទ្ធសាស្ត្រអន្តរជាតិ។ លោកបានបន្ថែមទៀតថា យន្តការនៃកិច្ចពិភាក្សាគឺ មានគោលបំណងរួមពីរ គឺការដោះស្រាយជម្លោះ និងបញ្ហាអធិបតេយ្យ និងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដូចជាការនេសាទ និងសន្តិសុខជាដើម។
សូមបញ្ជាក់ថា ចិនមានបញ្ហាជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេជាយូរមកហើយ។ កាលពីខែសីហាកន្លងទៅ ចិនបានយកប៉ាល់ស្រាវជ្រាវដោយអមមកជាមួយនាវាយាមល្បាត បានចូលទៅក្នុងដែនទឹកវៀតណាម ដើម្បីទប់ស្កាត់ទីក្រុងហាណូយកុំឲ្យយកប្រេងចេញពីក្នុងតំបន់។
ចំណែកនៅក្នុងដែនទឹកម៉ាឡេស៊ី ចិនក៏ធ្លាប់អនុវត្តវិធីសាស្ត្រស្រដៀងគ្នានេះដែរ។ ស្របគ្នានឹងហេតុការនេះដែរ ប្រជាជនហ្វីលីពីនបានតវ៉ាប្រឆាំងនឹងទីក្រងប៉េកាំង បន្ទាប់ពីចិនបានពន្លិចទូកនេសាទរបស់ហ្វីលីពីន។ កិច្ចព្រមព្រៀងរវាងទីក្រុងប៉េកាំង និងគូឡាឡាំពួខាងលើ គឺស្រដៀងគ្នាផងដែរទៅនឹងកិច្ចព្រមព្រៀងទ្វេភាគី ចិន-ហ្វីលីពីន និងចិន-ព្រុយណេ។
© រក្សាសិទ្ធិដោយ thmeythmey.com