ជាតិ
ស្ត្រី​ច្នៃ​ម៉ូត​វ័យក្មេង​កម្ពុជា​ទៅ​តាំងពិព័រណ៍​នៅ​អាល្លឺម៉ង់​
13, Sep 2019 , 7:59 pm        
រូបភាព
ក្រុម​អ្នក​បង្ហាញ​ម៉ូត កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA
ក្រុម​អ្នក​បង្ហាញ​ម៉ូត កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA
ដោយ: VOA
​ភ្នំពេញ ៖ សម្លៀកបំពាក់​បែប​លោក​ខាងលិច​ចំនួន​១៧៥​ម៉ូត ដែល​ច្នៃប្រឌិត​ដោយ​ស្ត្រី​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​របស់​កម្ពុជា​ចំនួន​១២​រូប ត្រូវបាន​បង្ហាញ​ឡើងលើ​កម្រាលព្រំ​ពណ៌​ប្រផេះ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​មួយ​ក្នុង​កម្មវិធី Fashion Function នៅ​រាជធានី​ភ្នំពេញ​។​



Fashion Function គឺជា​គម្រោង​រួមគ្នា​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ប៊ែ​រ​ឡាំង និង​រដ្ឋាភិបាល​អាល្លឺម៉ង់​។ គម្រោង​នេះ​ទទួលបាន​ជោគជ័យ ដោយបាន​បណ្តុះបណ្តាល​អ្ន​ក​ច្នៃ​ម៉ូត វ័យក្មេង​កម្ពុជា កាលពី​ឆ្នាំ​សិក្សា​២០១៧ និង​២០១៨ កន្លងទៅ​។​


យុវតី​ចំនួន​ ៥​រូប ​ដែល​បាន​ជាប់​ជ័យ​លាភី​ក្នុង​ការប្រកួត​ប្រជែង​ច្នៃ​ម៉ូតក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

​ស្ត្រី​អ្នក​ច្នៃ​ម៉ូត​ដែលជា​ជ័យលាភី​ចំនួន​ប្រាំ​នាក់​ក្នុង​ការប្រកួត​នេះ នឹងត្រូវ​ទៅ​ប្រកួត​បន្ត​ក្នុង​កម្មវិធី Bazaar Berlin ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ក្នុង​ទីក្រុង​ប៊ែ​ឡាំង ប្រទេស​អាល្លឺម៉ង់​។​

​ស្ត្រី​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​កម្ពុជា​ទាំង​១២​រូប ទទួលបាន​ការបណ្តុះបណ្តាល​ពី​មជ្ឈមណ្ឌល​រចនា​បែប​ទំនើប (Modern Ethnic Design Center)​។ ហើយ​ពួកគេ​ត្រូវធ្វើ​ការប្រកួតប្រជែង​នៅ​កម្ពុជា មុននឹង​ត្រូវ​ចេញទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​អាល្លឺម៉ង់​។​

​នេះ​គឺជា​ការប្រកួត​លើ​ការច្នៃ​ម៉ូត​ដែល​ផ្តោតជាសំខាន់​លើ​ការ​ឲ្យ​តម្លៃ​លើ​ស្នាដៃ ដែលមាន​ការច្នៃប្រឌិត​ខ្ពស់ ដែល​សម្លៀកបំពាក់​នីមួយៗ​ត្រូវតែ​បង្កប់​នូវ​គំនិត​វប្បធម៌​បែប​ខ្មែរ សិល្បៈ​ខ្មែរ និង​បង្កប់​នូវ​គំនិត​ច្នៃប្រឌិត​ដើម្បី​ទ្រទ្រង់​ការការពារ​ផ្នែក​បរិស្ថាន តាមរយៈ​ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក មានដូចជា​ក្រមា​ខ្មែរ វត្ថុ​ធាតុ​ដែល​គេ​បោះចោល​ដូចជា​ត្រឡោក​ដូង និង​សូត្រ​ជាដើម​។​


ក្រុម​អ្នក​បង្ហាញ​ម៉ូត កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

​ការច្នៃប្រឌិត​ទាំងនេះ​ដែល​បង្ហាញ​ពី​របៀប​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយក៏​ជា​ចំណាប់អារម្មណ៍​សម្រាប់​អតិថិជន​នៅ​អឺរ៉ុប​ផងដែរ​។​

​កញ្ញា ហ៊ីល​ឡា​រី ហប់​មែន (Hilary Hoffmann) ប្រធាន​ផ្នែក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នៅ​មជ្ឈមណ្ឌល​រចនា​បែប​ទំនើប (Modern Ethnic Design Center) និយាយ​ក្រោយពី​ការប្រកួតប្រជែង​ស្នាដៃ​ច្នៃ​ម៉ូត​កាលពី​ថ្ងៃទី​១០ ខែសីហា​ថា សម្លៀកបំពាក់​ទាំងអស់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ហើយ​អ្នក​ច្នៃ​ម៉ូត​ម្នាក់ៗ​មាន​សមាគម​ផ្គត់ផ្គង់​ក្រណាត់​រៀងៗ​ខ្លួន​នៅ​កម្ពុជា​។ ជាពិសេស​ទៅទៀត​ការច្នៃប្រឌិត​ទាំងអស់​គឺធ្វើឡើង​ដោយ​ដៃ មិនមែន​ដោយ​គ្រឿង​ម៉ាស៊ីន​ទេ​។​

«​ពួកគេ​ក៏​ប្រើ​ក្រណាត់​បែប​ធម្មជាតិ អ្វីៗ​គ្រប់យ៉ាង​ធ្វើឡើង​ដោយ​ដៃ​។ នៅពេលដែល​វា​មិន​ត្រូវបាន​ផលិត​ដោយ​ម៉ាស៊ីន វា​គឺ​មិនមែនជា​ម៉ូត​ដែល​យើង​ចេញ​បាន​លឿនៗ ដូច​មនុស្ស​អង្គុយ​កាត់ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​ធំ​នោះទេ​។ អ្នក​រចនា​ម៉ូត​ម្នាក់ៗ​មាន​អ្នក​ផលិត ឬ​ជាងកាត់ដេរ​របស់​ពួកគេ ដែល​ត្រូវបាន​រចនា​ឡើង​ស្របតាម​ស្តង់ដារ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​។​នេះ​ក៏​ជា​មូល​ហេតុដែល​យើង​ធ្វើ​គម្រោង​នេះ​ឡើង ពីព្រោះ​យើង​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម​ដោយ​ស្មើភាព និង​ម៉ូត​ចេញ​ថ្មី​ដែល​មិនសូវ​ប្រដេញ​គ្នា​លឿន​»​។​


យុវតី​ សេង សុវណ្ណរចនា អ្នកច្នៃ​ម៉ូត​ជាប់​លេខ​មួយ​ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

​កញ្ញា សេង សុវណ្ណ​រចនា គឺជា​អ្នក​ច្នៃ​ម៉ូត​វ័យ​១៩​ឆ្នាំ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត​របស់​កម្មវិធី​Fashion Function​នេះ​។ នាង​សំឡឹងមើល​អនាគត​នៃ​ការច្នៃ​ម៉ូត​របស់​នាង​ទាំង​សម្រាប់​ការប្រកួត​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុងពេល​ខាងមុខ ទាំង​ការច្នៃ​ម៉ូត​សម្រាប់​ការនាំចេញ​។​

«​ខ្ញុំ​នឹង​ខំប្រឹង Design [​រចនា​] ម៉ូត​ដែល​ស្អាត ហើយ​វប្បធម៌​ខ្មែរ​ក៏មាន វា​លេចធ្លោ ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​ពី​ខ្មែរ ហើយ​និង​គាំទ្រ​ផលិតផល​របស់​ខ្មែរ​។ ដូច្នេះហើយ​ផលិតផល​របស់​ខ្មែរ​អាច​នាំ​ចេញទៅ​ស្រុក​ក្រៅ​បាន​ច្រើន ហើយ​ផ្តល់​ទៅជា​ប្រាក់កម្រៃ​ដល់​ប្រជាជន អ្នក​ដែល​ធ្វើជា​សាច់​ក្រណាត់​កា​តុង សូត្រ​អីហ្នឹង​»​។​


អ្នកច្នៃ​ម៉ូត​ជាប់ចំណាត់​ថ្នាក់​លេខ៥ ​ឡើង​ទទួល​បាច់ផ្កាក្នុង​ពេល​ប្រកាស​ជ័យ​លាភី ក្នុងវិធីការបង្ហាញម៉ូត Fashion Function លើកទីបី នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

​ចំណែក កញ្ញា ស សាន អ្នក​ច្នៃ​ម៉ូត​ម្នាក់ទៀត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥ និង​មាន​ពិការភាព​ផង​នោះ លើកឡើងថា តាមរយៈ​ការប្រកួតប្រជែង​ច្នៃ​ម៉ូត​នេះ កញ្ញា​នឹង​អាច​នាំយក​សម្លៀកបំពាក់​ដែល​ច្នៃ​ដោយ​កញ្ញា ទៅ​ដាក់លក់​នៅ​ប្រទេស​អាល្លឺម៉ង់​។ អ្នក​ច្នៃ​ម៉ូត​វ័យ​២៥​ឆ្នាំ​រូបនេះ​បន្ថែមថា ម៉ូត​សម្លៀកបំពាក់​របស់​កញ្ញា ធ្វើឡើង​ដោយ​ផ្តោតលើ​ការកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរលើ​ឆាក​អន្តរជាតិ តាមរយៈ​ការប្រើប្រាស់​អំបោះ​សុទ្ធ ឡេវ​ត្រឡោក និង​ការប្រើ​ក្រមា​មក​ច្នៃ​ជាដើម​។​។​

«​អ្វីដែល​ពិសេស​សម្រាប់​ខ្ញុំ​គឺ​គេ​ចង់​ឲ្យ​សិស្ស​ដែល​ដាក់ពាក្យ​ប្រឡង​ហ្នឹង គឺ​ធ្វើ​អ្វី​ដែលជា​របស់​ប្រទេស​កម្ពុជា​យើង ហើយ​ធ្វើ​អី​ដែល​ត្បាញ​ពី​ដៃ ឬក៏​របស់​ដែល​ធ្វើ​ចេញពី​វត្ថុធាតុដើម​នៅ​ស្រុក​ខ្មែរ​យើង​»​។​


ក្រុម​អ្នក​បង្ហាញ​ម៉ូតកុមារី​ កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​ខាងមុខនេះ ជ័យលាភី​ច្នៃ​ម៉ូត​ទាំង​ប្រាំ​រូប​ពី​គម្រោង​នេះ ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ទៅ​ចូលរួម​បង្ហាញ​សមិទ្ធផល​របស់ខ្លួន ក្នុង​កម្មវិធី​តាំងពិព័រណ៍​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ឈ្មោះថា បា​ហ្សា​រ ប៊ែ​រ​ឡាំង ( Bazaar Berlin)​។​

​បា​ហ្សា​រ ប៊ែ​រ​ឡាំង គឺជា​កន្លែង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​ក្នុងប្រទេស​អាល្លឺម៉ង់ ដែល​ផ្តោត​សំខាន់​លើ​ផលិតផល​សិប្បកម្ម​ខ្នាតតូច​។ សម្លៀកបំពាក់​របស់​អ្នក​ច្នៃ​ម៉ូដ​ទាំង​៥​រូបនេះ នឹងត្រូវ​បាន​តាំង​លក់​នៅ​កន្លែង​ពាណិជ្ជកម្ម​សេរី​នោះ​ផងដែរ​។​

​លោក សា​សចា រី​ប (Sascha Reebs) តំណាង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​ប្រកួត​ម៉ូត​Fashion Function ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ឈ្មោះ​ល្បី​ផ្នែក​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​ខ្នាត​ធំ ប៉ុន្តែ​សក្តានុពល​ដ៏​ធំ​នៃ​សិប្បកម្ម​ច្នៃ​ម៉ូត​ខ្នាតតូច​បែប​ចីរភាព​តែង​ត្រូវបាន​គេ​មើលរំលង​។ លោក​បន្តថា មជ្ឈមណ្ឌល​រចនា​បែប​ទំនើប ដែល​បង្រៀន​យុវជន​កម្ពុជា​ឲ្យ​កា្ល​យ​ជា​អ្នក​ច្នៃ​ម៉ូត ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ពី​កម្ពុជា ដែល​បង្ហាញ​ពី​វប្បធម៌ និង​មិន​ប៉ះពាល់​បរិស្ថាន នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​នៅ​ទីជនបទ​។​

«​ពួកយើង​មិន​ចង់បាន​វត្ថុធាតុដើម​ផលិត​ចេញពី​រោងចក្រ​ធំៗ​នោះទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ទទួលបាន​ផលប្រយោជន៍​ដោយផ្ទាល់​ពី​សម្ភារៈ​ដែល​ផលិត​ក្នុង​ការច្នៃ​ម៉ូត​នេះ​។ ខ្ញុំ​គិតថា​នេះ​គឺជា​ភាពខុសគ្នា​តែមួយគត់ (​ប្លែក​ពី​គេ​) នៃ​ការច្នៃ​ម៉ូត​(​ដោយ​ដៃ​)​នោះ បើ​ធៀប​ជាមួយនឹង​វិស័យ​កាត់ដេរ​បែប​បុរាណ​»​។​


ក្រុម​អ្នក​បង្ហាញ​ម៉ូត កំពុង​ដើរ​បង្ហាញ​ដោយ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ដោយ​យុវតី​ចំនួន​១២​រូប ក្នុង​កម្មវិធី​ការបង្ហាញម៉ូត Fashion Function លើកទីបី នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

​គួរ​បញ្ជាក់ថា​ស្ត្រី​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​កម្ពុជា​ទាំង​ប្រាំ​រូប បានទទួល​ការបណ្តុះបណ្តាល​ដោយ​មជ្ឈមណ្ឌល​រចនា​បែប​ទំនើប (Modern Ethnic Design Center)​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ គឺ​សម្រាប់​អ្នក​ច្នៃ​ម៉ូត​ក្នុងស្រុក​។​

​មជ្ឈមណ្ឌល​រចនា​បែប​ទំនើប ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ បា​ហ្សា​រ ប៊ែ​រ​ឡាំង រួមជាមួយ​វិទ្យាស្ថាន​រចនា​ម៉ូត​មកពី​អាល្លឺម៉ង់ និង​មហាវិទ្យាល័យ​អន្តរជាតិ​រ៉ា​ហ្វ​ល (Raffles International College) នៅ​កម្ពុជា​។ គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​សហការ​ជាមួយ​ក្រុមហ៊ុន suPPPort Itd៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com