អន្តរជាតិ
​អ្នកភូមិ​នៅ​កា​មេ​រូ​ន​ថា ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ចិន​កំពុង​បំផ្លាញ​បរិស្ថាន​
13, Sep 2019 , 10:19 pm        
រូបភាព
រូបឯកសារ៖ ក្រុមហ៊ុនរ៉ែជាង ១០០ មាន​ប្រតិបត្តិការ​នៅ​តំបន់មួយជិតក្រុង Meiganga ប្រទេស​កាមេរូន។
រូបឯកសារ៖ ក្រុមហ៊ុនរ៉ែជាង ១០០ មាន​ប្រតិបត្តិការ​នៅ​តំបន់មួយជិតក្រុង Meiganga ប្រទេស​កាមេរូន។
ដោយ: VOA
​ម៉ៃ​ហ្គា​ន​ហ្គា ៖ អ្នកភូមិ​រស់នៅ​ជុំវិញ​ក្រុង Meiganga ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​កា​មេ​រូ​ន​កំពុង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​ជីក​មាស​របស់​ចិន ដោយបាន​ចោទប្រកាន់​ក្រុមហ៊ុន​ទាំងនោះ​ថា កំពុង​បំផ្លាញ​ដី​។ ក្រុម​អ្នកភូមិ​បាន​និយាយថា ពួកគេ​មាន​ជីវភាព​កាន់តែ​ក្រ​ទៅៗ បន្ទាប់ពី​ជនជាតិ​ចិន​ទាំង​នោះបាន​មកដល់​តំបន់​នេះ ដោយសារតែ​ចំការ​និង​ព្រៃឈើ​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​។​



​អ្នក​ចិញ្ចឹម​គោ​និង​កសិករ​ទាំងនេះ​មកពី​ភូមិ​នានា​នៅ​ជុំវិញ​ក្រុង Meiganga ភាគ​ខាងជើង​ប្រទេស​កា​មេ​រូ​ន​។ ពួកគេ​ស្រែកច្រៀង​ចម្រៀង ដែល​មានន័យថា ប្រសិនបើ​គ្មាន​ការជួយ​សង្គ្រោះ​ពួកគេ​ពី​អ្នក​ជីក​មាស​ជនជាតិ​ចិន​ទេនោះ គ្រោះ​ទុរភិក្ស​នឹង​វាយប្រហារ​មកលើ​ពួកគេ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​អ្នក​ចិញ្ចឹម​គោ​ឈ្មោះ Mamoudu Poro អាយុ​៥៤​ឆ្នាំ ដែលជា​តំណាង​របស់​ក្រុម​អ្នកភូមិ​បាន​និយាយថា ពួក​អ្នក​ជីក​មាស​ទាំងនោះ​បំផ្លាញ​ចំការ​និង​មិន​ខ្វល់​សូម្បីតែ​លុបរណ្តៅ​និង​រូង​ដែល​ពួកគេ​បាន​ជីក​នៅលើ​ផ្លូវ​នានា និង​នៅតាម​ទីវាល​ចិញ្ចឹម​គោ​មុននឹង​ពួកគេ​ចាក​ចេញពី​តំបន់​នេះ​។ លោក​បាន​និយាយទៀតថា ពួក​អ្នកភូមិ​ចង់​ឲ្យ​ជនជាតិ​ចិន​ទាំងនោះ​សង់​ផ្លូវ​ដែល​ពួកគេ​បាន​បំផ្លាញ និង​ចាក់​បំពេញ​រណ្តៅ​ដែល​ពួកគេ​បាន​ជី​កត​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​យ៉ាងហោចណាស់​សង់សាលា​រៀន និង​ផ្សារ​ដល់​ពួក​អ្នកភូមិ មុននឹង​ពួកគេ​ចាក​ចេញពី​កន្លែង​នោះ​។​

​រហូតដល់​ឆ្នាំ​២០១៤ ក្រុង Meiganga និង​ភូមិ​នានា​ដែល​នៅ​ជុំវិញ​នោះ មាន​ចំការពោត សណ្តែក សណ្តែកដី និង​កសិដ្ឋាន​ចិញ្ចឹម​គោ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​កា​មេ​រូ​ន នី​ហ្សេ​រី​យ៉ា និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​ក្រោយមក​មាន​ទីតាំង​ជីក​មាស ស័ង្កសី នី​កែ​ល និង​រ៉ែ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ចំនួន​ប្រហែល​៣០០​កន្លែង​។ ក្នុងចំណោម​អ្នក​ជីក​រុករក​រ៉ែ​ទាំងនោះ​គឺជា ក្រុមហ៊ុន​ចិន​។​

​ក្រុមហ៊ុន​ជាង ១០០​កំពុង​ជីក​មាស​នៅក្នុង​និង​នៅ​ជុំវិញ​ក្រុង Meiganga​។ ពួកគេ​ប្រើ​ត្រាក់ទ័រ​កាយ​ដី និង​ឧបករណ៍​សម្រាប់​សម្អាត​ថ្ម និង​កម្ទេច​ដី ដែល​អាច​ឲ្យ​ពួកគេ​រកឃើញ​មាស​បាន​លឿន​ជាង​ពួក​អ្នកស្រុក​ដែល​ប្រើ​ឧបករណ៍​បុរាណ​។ ពួក​អ្នកស្រុក​ដែល​ធ្វើជា​កម្មករ​នៅ​ទីតាំង​ជីក​មាស​របស់​ចិន​បានទទួល​កម្រៃ ២​ដុល្លារ​ក្នុង​មួយថ្ងៃ​។​

​មន្ត្រី​ក្រសួង​រ៉ែ​របស់​កា​មេ​រូ​ន​លោក Gabriel Dodo Ndocke បាន​ថ្លែងថា ពាក្យបណ្តឹង​របស់​អ្នកភូមិ​គឺជា​ពាក្យបណ្តឹង​ស្របច្បាប់​។ លោក​និយាយទៀតថា លោក​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​គោរព​តាម​លក្ខខណ្ឌ​ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​។ លោក Gabriel Dodo Ndocke បាន​ថ្លែងថា អ្នកស្រុក​រង​ផលប៉ះពាល់​ដោយសារ​ការ​រិច​រិល​បរិស្ថាន និង​មិន​ទទួលបាន​អត្ថប្រយោជន៍​ដូច​តាម​ការរំពឹងទុក​ទេ ដោយសារតែ​ការរុករក​រ៉ែ​របស់​ក្រុមហ៊ុន​ទាំងនេះ​រៀបចំ​មិនបាន​ត្រឹមត្រូវ និង​មាន​លក្ខណៈ​កេង​ប្រ​វ័​ញ្ជ​។ លោក​បាន​និយាយ​បន្តទៀតថា លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ជីក​រ៉ែ​ទាំងអស់​ឲ្យ​គោរព​ច្បាប់បរិស្ថាន និង​ឈប់​បំផ្លាញ​ស្រែចំការ និង​ទីវាល​ចិញ្ចឹម​គោ ដែល​ឥឡូវនេះ​ជា ប្រភព​តែមួយគត់​សម្រាប់​ឲ្យ​អ្នកស្រុក​នៅ​តំបន់​នោះ​ប្រក​បរបរ​ចិញ្ចឹមជីវិត​។​

​ក្រុមមន្ត្រី​មកពី​ក្រុមហ៊ុន​ជីក​រ៉ែ​របស់​ចិន​នៅ​ក្រុង Meiganga បាន​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​អំពី​ការចោទប្រកាន់​ទាំងនេះ​ទេ​។ ទោះជា​យ៉ាងណាក៏ដោយ​មន្ត្រី​ម្នាក់​ឈ្មោះ Hu Long បាន​ថ្លែងថា ក្រុមហ៊ុន​បាន​ជួយ​ដល់​សហគមន៍​នានា​តាមរយៈ​ការផ្តល់​ជំនួយ​ដល់​មន្ទី​ពេទ្យ និង​សង់​អាគារ ឬ​ជួយ​ជួសជុល​សាលារៀន​នៅពេល​មានការ​ស្នើសុំ​។ លោក​បាន​និយាយទៀតថា ក្រុមហ៊ុន​ក៏បានផ្តល់​ការងារ​ដល់​យុវជន​ប្រហែល​១០០​នាក់​ផងដែរ​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​អ្នកភូមិ​កា​មេ​រូ​ន​បាន​តវ៉ា​ចោទប្រកាន់​ក្រុមហ៊ុន​ជីក​រ៉ែ​របស់​ចិន​ទាំងនេះ​ថា​កេង​ប្រ​វ័​ញ្ជ​។ កាលពី​ឆ្នាំ​២០១៦ អ្នកស្រុក​នៅ​ភាគ​ខាងកើត​ប្រទេស​កា​មេ​រូ​ន​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នក​ជីក​មាស​ចិន​ដែល​បាន​ជីក​មាស​នៅ​ទីនោះ​អស់​រយៈពេល​៦​ឆ្នាំ​។ ពួក​អ្នក​ជីក​មាស​ក្នុង​តំបន់​និយាយថា ជនជាតិ​ចិន​បាន​បំផ្លាញ​ទំនៀមទម្លាប់​រស់នៅ​រប​ស់​ពួកគេ និង​មិនបាន​គោរព​តាម​ការសន្យា​ដែលថា នឹងធ្វើ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ទេ​។ ប្រទេស​កា​មេ​រូ​ន​មិនបាន​ប្រកាស​ជា​ផ្លូវការ​អំពី​អត្ថប្រយោជន៍​ដែល​ខ្លួន​ទទួលបាន​ពី​អាជីវកម្ម​ជីក​រ៉ែ​នេះ​ទេ ប៉ុន្តែ​បាន​និយាយថា អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ បាន​ចូលរួមចំណែក​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ការរីកលូតលាស់​ផលិតផល​ក្នុងស្រុក​សរុប​ឬ ហៅថា GDP របស់​ប្រទេស​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com