ជាតិ
បាក់ឌុប
សិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ២០១៩ ជាប់បាក់ឌុបទាំងអស់ ដោយ១០នាក់បាននិទ្ទេស A
× ភ្នំពេញ៖ សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ដល់លេខ១០ លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ភាគច្រើនទទួលបាននិទ្ទេស A និង B។ បើតាមលទ្ធផលរបស់ក្រសួងអប់រំ ក្នុងចំណោមសិស្សពូកែទូទាំងប្រទេសចំនួន ៣០នាក់ មាននិទ្ទេស A ចំនួន ១០នាក់, និទ្ទេស B ចំនួន ១៥នាក់, និទ្ទេស C ចំនួន ៤នាក់ និងនិទ្ទេស D ចំនួន ១នាក់។
ជើងខ្លាំងសិស្សពូកែជាប់លេខ១ដល់លេខ១០ទូទាំងប្រទេស លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ចំនួន ៣០រូប បានទទួលលទ្ធផលល្អការក្នុងប្រឡង។ សិស្សពូកែដែលមកពីរាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ, ត្បូងឃ្មុំ, សៀមរាប, បាត់ដំបង, ព្រៃវែង, ស្វាយរៀង, រតនគិរី, បន្ទាយមានជ័យ, កំពត, កំពង់ចាម និងក្រចេះ ទាំង៣០នាក់នេះ ភាគច្រើនទទួលបាននិទ្ទេស A និង B។
តាមលទ្ធផលផ្លូវការរបស់ក្រសួងអប់រំ សិស្សពូកែអក្សរសាស្ត្រខ្មែរលេខ១ យុវតី តែ ហេងលី មកពីខេត្តកណ្ដាល ជាប់និទ្ទេស A និងជ័យលាភីលេខ២ យុវតី បាន ឧស្សាហ៍ មកពីខេត្តព្រៃវែង ក៏ជាប់និទ្ទេស A។ ចំណែកយុវតី ម៉េង គឹមឡៃ សិស្សពូកែខ្មែរលេខ ៣ មកពីខេត្តរតនគិរីដែលប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម ជាប់និទ្ទេស B និងយុវតី រិម ស្រីនិច ជ័យលាភីលេខ ៤ មកពីខេត្តបន្ទាយមានជ័យ ជាប់និទ្ទេស C។
រូបភាពពីទំព័រហ្វេសប៊ុក តែ ហេងលី
រីឯ សិស្សពូកែខ្មែរលេខ៥មកពីខេត្តសៀមរាប យុវតី សរ ពិសី ជាប់និទ្ទេស D និងយុវតី ធា ស្រីនេ ជ័យលាភីលេខ ៦ មកពីវិទ្យាល័យក្រូចឆ្មារខេត្តត្បូងឃ្មុំ ជាប់និទ្ទេស C។ យុវតី ឯក ដាលីន ជ័យលាភីលេខ ៧ មកពីខេត្តកំពត ជាប់និទ្ទេស B និងយុវជន យិញ មិនា ជ័យលាភីលេខ ៨ មកពីខេត្តបាត់ដំបង ជាប់និទ្ទេស A។ សិស្សពូកែខ្មែរដែលមកពីខេត្តកំពង់ធំជាប់លេខ៩ និងសៀមរាបជាប់លេខ១០ យុវជន សារ៉េត ស៊ីថុល និងយុវតី ជីវី សៀវលិ គឺជាប់និទ្ទេស C។
ដោយឡែកសិស្សពូកែគណិតវិទ្យាវិញ ក៏ទទួលបាននិទ្ទេស A ច្រើនដូចសិស្សពូកែខ្មែរដែរ ក្នុងនោះ ជ័យលាភីលេខ ១ យុវជន សាន គឹមស័ង មកពីខេត្តកំពង់ចាម ជាប់និទ្ទេស A, យុវជន ប៉ែន និធី ជាប់លេខ២ មកពីខេត្តកណ្ដាល ជាប់និទ្ទេស B និងយុវជន អន ឧសា មកពីខេត្តសៀមរាប ជាប់លេខ៣ បាននិទ្ទេស B។ សម្រាប់ម្ចាស់ជ័យលាភីលេខ ៤ ជន ឡងឌី មកពីខេត្តតាកែវ គឺជាប់និទ្ទេស B និងយុវជន មុំ ធានវីន ជាប់លេខ៥ មកពីភ្នំពេញ គឺបាននិទ្ទេស A។
រូបភាពពីទំព័រហ្វេសប៊ុក សាន គឹមស័ង
ងាកទៅមើលយុវជនមកពីខេត្តបាត់ដំបង ង៉ិន សម្បត្តិ ដែលជាប់លេខ៦ បាននិទ្ទេស B និងយុវជន ផៃ វុទ្ធី ជ័យលាភីលេខ៧ នៅខេត្តស្វាយរៀង គឺបាននិទ្ទេស A។ យុវជន ផែ ដន មកពីខេត្តកណ្ដាល ដែលជាប់លេខ ៨ ទទួលបាននិទ្ទេស B, យុវជន ហួត សេងលី ជាប់លេខ៩ មកពីខេត្តភ្នំពេញ ជាប់និទ្ទេស B និងយុវជន ម៉ា លីវណ្ណ មកពីខេត្តក្រចេះ ជាប់លេខ១០ បាននិទ្ទេស B។
ចំណែកឯសិស្សពូកែរូបវិទ្យា យុវតី កុច តុលា ដែលជាប់លេខ១ មកពីខេត្តព្រៃវែង បាននិទ្ទេស B, យុវជន ម៉ុក យ៉ុង មកពីខេត្តកំពត ជាប់លេខ២ បាននិទ្ទេស A និងយុវជន សេង លាងហាក់ ជាប់លេខ៣ មកពីខេត្តបាត់ដំបង បាននិទ្ទេស B។ ម្ចាស់ជ័យលាភីរូបវិទ្យាលេខ ៤ យុវជន គឹម ហេង មកពីភ្នំពេញ បាននិទ្ទេស B, យុវតី លី សុវណ្ណឡេង មកពីខេត្តបាត់ដំបងដែលជាប់លេខ ៥ បាននិទ្ទេស A និងយុវជន តែង ទិត្យវិទូ ជាប់លេខ៦ មកពីរាជធានីភ្នំពេញ បាននិទ្ទេស A។ សម្រាប់យុវជន ពៅ ខែមរក្សា ជាប់លេខ ៧ មកពីភ្នំពេញ បាននិទ្ទេស B, យុវតី លី គឹមហៀក ជាប់លេខ ៨ មកពីភ្នំពេញ បាននិទ្ទេស B, យុវជន នីន វ៉ាន់ទីន ជាប់លេខ ៩ មកពីខេត្តព្រៃវែង បាននិទ្ទេស B និងយុវជន តាន់ សេងអាន ជាប់លេខ ១០ មកពីខេត្តកំពត បាននិទ្ទេស A។
សូមបញ្ជាក់ថា សិស្សនិទ្ទេស A នឹងទទួលបាន iPad ម្នាក់ ១គ្រឿង ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩នេះ សិស្សដែលប្រឡងជាប់មានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ។ ក្នុងចំណោមបេក្ខជនប្រឡងទាំង ៧៩ ០៥២នាក់ មានបេក្ខជនជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានចំនួន ២ ៤៣០នាក់ និទ្ទេស C មានចំនួន ៥ ៨៤៧នាក់។ ចំណែកឯនិទ្ទេស D មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦ ២៣២ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com