ជាតិ
បាក់ឌុប
​សិស្ស​ពូកែ​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៩ ជាប់​បាក់​ឌុប​ទាំងអស់ ដោយ​១០​នាក់​បាន​និទ្ទេស A
13, Sep 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​ពូកែ​ទូទាំងប្រទេស  ជ័យលាភី​លេខ​១​ដល់​លេខ​១០ លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​, គណិតវិទ្យា និង​រូបវិទ្យា ភាគច្រើន​ទទួលបាន​និទ្ទេស A និង B​។ បើតាម​លទ្ធផល​របស់​ក្រសួង​អប់រំ ក្នុងចំណោម​សិស្ស​ពូកែ​ទូទាំងប្រទេស​ចំនួន ៣០​នាក់ មាន​និទ្ទេស A ចំនួន ១០​នាក់​, និទ្ទេស B ចំនួន ១៥​នាក់​, និទ្ទេស C ចំនួន ៤​នាក់ និង​និទ្ទេស D ចំនួន ១​នាក់​។



អត្ថបទទាក់ទង

​ជើង​ខ្លាំង​សិស្ស​ពូកែ​ជាប់​លេខ​១​ដល់​លេខ​១០​ទូទាំងប្រទេស លើ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​, គណិតវិទ្យា និង​រូបវិទ្យា ចំនួន ៣០​រូប បានទទួល​លទ្ធផល​ល្អ​ការ​ក្នុង​ប្រឡង​។ សិស្ស​ពូកែ​ដែល​មកពី​រាជធានី​ភ្នំពេញ​, កណ្ដាល​, កំពង់ធំ​, ត្បូងឃ្មុំ​, សៀមរាប​, បាត់ដំបង​, ព្រៃវែង​, ស្វាយរៀង​, រតនគិរី​, បន្ទាយមានជ័យ​, កំពត​, កំពង់ចាម និង​ក្រចេះ ទាំង​៣០​នាក់​នេះ ភាគច្រើន​ទទួលបាន​និទ្ទេស A និង B​។​



​តាម​លទ្ធផល​ផ្លូវការ​របស់​ក្រសួង​អប់រំ សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​លេខ​១ យុវតី តែ ហេង​លី មកពី​ខេត្តកណ្ដាល ជាប់​និទ្ទេស A និង​ជ័យលាភី​លេខ​២ យុវតី បាន ឧស្សាហ៍ មកពី​ខេត្តព្រៃវែង ក៏​ជាប់​និទ្ទេស A​។ ចំណែក​យុវតី ម៉េង គឹម​ឡៃ សិស្ស​ពូកែ​ខ្មែរ​លេខ ៣ មកពី​ខេត្តរតនគិរី​ដែល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ជាប់​និទ្ទេស B និង​យុវតី រិម ស្រី​និ​ច ជ័យលាភី​លេខ ៤ មកពី​ខេត្តបន្ទាយមានជ័យ ជាប់​និទ្ទេស C​។


រូបភាព​ពី​ទំព័រហ្វេសប៊ុក តែ ហេងលី

​រីឯ សិស្ស​ពូកែ​ខ្មែរ​លេខ​៥​មកពី​ខេត្តសៀមរាប យុវតី សរ ពិសី ជាប់​និទ្ទេស D និង​យុវតី ធា ស្រី​នេ ជ័យលាភី​លេខ ៦ មកពី​វិទ្យាល័យ​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ ជាប់​និទ្ទេស C​។ យុវតី ឯក ដាលីន ជ័យលាភី​លេខ ៧ មកពី​ខេត្តកំពត ជាប់​និទ្ទេស B និង​យុវជន យិ​ញ មិនា ជ័យលាភី​លេខ ៨ មកពី​ខេត្តបាត់ដំបង ជាប់​និទ្ទេស A​។ សិស្ស​ពូកែ​ខ្មែរ​ដែល​មកពី​ខេត្តកំពង់ធំ​ជាប់​លេខ​៩ និង​សៀមរាប​ជាប់​លេខ​១០ យុវជន សារ៉េត ស៊ី​ថុល និង​យុវតី ជីវី សៀវ​លិ គឺ​ជាប់​និទ្ទេស C​។​



​ដោយឡែក​សិស្ស​ពូកែ​គណិតវិទ្យា​វិញ ក៏​ទទួលបាន​និទ្ទេស A ច្រើន​ដូច​សិស្ស​ពូកែ​ខ្មែរ​ដែរ ក្នុងនោះ ជ័យលាភី​លេខ ១ យុវជន សាន គឹម​ស័ង មកពី​ខេត្តកំពង់ចាម ជាប់​និទ្ទេស A, យុវជន ប៉ែន និ​ធី ជាប់​លេខ​២ មកពី​ខេត្តកណ្ដាល ជាប់​និទ្ទេស B និង​យុវជន អន ឧសា មកពី​ខេត្តសៀមរាប ជាប់​លេខ​៣ បាន​និទ្ទេស B​។ សម្រាប់​ម្ចាស់​ជ័យលាភី​លេខ ៤ ជន ឡងឌី មកពី​ខេត្តតាកែវ គឺ​ជាប់​និទ្ទេស B និង​យុវជន មុំ ធាន​វីន ជាប់​លេខ​៥ មកពី​ភ្នំពេញ គឺ​បាន​និទ្ទេស A​។


រូបភាព​ពី​ទំព័រហ្វេសប៊ុក សាន គឹមស័ង

​ងាក​ទៅ​មើល​យុវជន​មកពី​ខេត្តបាត់ដំបង ង៉ិ​ន សម្បត្តិ ដែល​ជាប់​លេខ​៦ បាន​និទ្ទេស B និង​យុវជន ផៃ វុទ្ធី ជ័យលាភី​លេខ​៧ នៅ​ខេត្តស្វាយរៀង គឺ​បាន​និទ្ទេស A​។ យុវជន ផែ ដន មកពី​ខេត្តកណ្ដាល ដែល​ជាប់​លេខ ៨ ទទួលបាន​និទ្ទេស B, យុវជន ហួត សេង​លី ជាប់​លេខ​៩ មកពី​ខេត្ត​ភ្នំពេញ ជាប់​និទ្ទេស B និង​យុវជន ម៉ា លីវ​ណ្ណ មកពី​ខេត្តក្រចេះ ជាប់​លេខ​១០ បាន​និទ្ទេស B​។​

​ចំណែកឯ​សិស្ស​ពូកែ​រូបវិទ្យា យុវតី កុ​ច តុលា ដែល​ជាប់​លេខ​១ មកពី​ខេត្តព្រៃវែង បាន​និទ្ទេស B, យុវជន ម៉ុក យ៉ុង មកពី​ខេត្តកំពត ជាប់​លេខ​២ បាន​និទ្ទេស A និង​យុវជន សេង លាង​ហាក់ ជាប់​លេខ​៣ មកពី​ខេត្តបាត់ដំបង បាន​និទ្ទេស B​។ ម្ចាស់​ជ័យលាភី​រូបវិទ្យា​លេខ ៤ យុវជន គឹម ហេង មកពី​ភ្នំពេញ បាន​និទ្ទេស B, យុវតី លី សុវណ្ណ​ឡេង មកពី​ខេត្តបាត់ដំបង​ដែល​ជាប់​លេខ ៥ បាន​និទ្ទេស A និង​យុវជន តែង ទិ​ត្យ​វិទូ ជាប់​លេខ​៦ មកពី​រាជធានី​ភ្នំពេញ បាន​និទ្ទេស A​។ សម្រាប់​យុវជន ពៅ ខែម​រក្សា ជាប់​លេខ ៧ មកពី​ភ្នំពេញ បាន​និទ្ទេស B, យុវតី លី គឹម​ហៀក ជាប់​លេខ ៨ មកពី​ភ្នំពេញ បាន​និទ្ទេស B, យុវជន នី​ន វ៉ាន់​ទីន ជាប់​លេខ ៩ មកពី​ខេត្តព្រៃវែង បាន​និទ្ទេស B និង​យុវជន តាន់ សេង​អាន ជាប់​លេខ ១០ មកពី​ខេត្តកំពត បាន​និទ្ទេស A​។



​សូមបញ្ជាក់ថា សិស្ស​និទ្ទេស A នឹង​ទទួលបាន iPad ម្នាក់ ១​គ្រឿង ពីស​ម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ ជាមួយគ្នានេះ  ក្នុង​ឆ្នាំ​២០១៩​នេះ  សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ ក្នុងចំណោម​បេក្ខជន​ប្រឡង​ទាំង ៧៩ ០៥២​នាក់ មាន​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​៕

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com