អន្តរជាតិ
បង់ក្លាដែសបន្ទោសមីយ៉ាន់ម៉ារឿងបរាជ័យនាំជនជាតិរ៉ូហ៊ីងយ៉ាត្រលប់ទៅវិញ នាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina ។ រូបភាព AFP
×
ដោយ៖ ងួន សុភាវត្តី
នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានបន្ទោសមីយ៉ាន់ម៉ាចំៗពីរឿងបរាជ័យនាំយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រលប់ទៅមីយ៉ាន់ម៉ាវិញ។ មេដឹកនាំបង់ក្លាដែស និយាយថា មីយ៉ាន់ម៉ាមិនបានព្យាយាមគ្រប់គ្រាន់ដើម្បីអោយជនជាតិរ៉ូហ៊ីងយ៉ាជឿជាក់និងត្រលប់ទៅភូមិខ្លួនវិញ។
បរាជ័យមិនអាចឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញបាន ជាកំហុសរបស់មីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina មាននិយាយបែបនេះ ៣សប្តាហ៍បន្ទាប់ពីមីយ៉ាន់ម៉ាបានបរាជ័យម្តងទៀតក្នុងការនាំយកជនជាតិភាគតិចនេះទៅវិញ។
ជនជាតិរ៉ូហ៊ីងយ៉ាជាង៧៤ម៉ឺននាក់បានភៀសខ្លួនចេញពីភូមិរបស់ខ្លួនក្នុងរដ្ឋRakhineនៅឆ្នាំ២០១៧ បន្ទាប់ការវាយប្រហារពីយោធាមីយ៉ាន់ម៉ា។ ប្រជាជនរ៉ូហ៊ីងយ៉ាជិត២សែននាក់បាននឹងកំពុងរស់នៅក្នុងជំរុំនៅភាគខាងត្បូងនៃប្រទេសបង់ក្លាដេស។
ក្នុងកិច្ចប្រជុំសភានៅថ្ងៃទី១១ខែកញ្ញា លោកស្រី Hasina និយាយថា បង់ក្លាដែសមើលឃើញថា មីយ៉ាន់ម៉ាមិនអាចធ្វើអោយជនជាតិរ៉ូហ៊ីងយ៉ាជឿជាក់ និងវិលត្រលប់ទៅដោយសុវត្ថិភាពវិញបានទេ។ លោកស្រីក៏បានបន្តថា៖ « ពួកយើងបានរៀបចំរួចហើយ ប៉ុន្តែការធ្វើមាតុភូមិនិវត្តន៍នៅតែមិនទាន់កើតមាន។ យើងនៅតែមិនទាន់ឃើញមានភាពជឿជាក់ថា ពួកគេអាចត្រលប់ទៅកាន់កាប់ផ្ទះ ដី និងទ្រព្យសម្បត្តិរបស់ពួកគេនៅឡើយ»។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រមុខរដ្ឋាភិបាលបង់ក្លាដែសអះអាងថា បានទាក់ទងទៅប្រទេសក្នុងតំបន់អាស៊ីមួយចំនួនដើម្បីជួយដោះស្រាយ រួមមាន ចិន ឥណ្ឌា និងជប៉ុនជាដើម។
ការអធិប្បាយរបស់លោកស្រី Hasina បានបង្ហាញពីភាពមិនសប្បាយចិត្តរបស់បង់ក្លាដែសចំពោះកង្វះខាតដំណោះស្រាយរបស់មីយ៉ាន់ម៉ាក្នុងការនាំយកជនជាតិរ៉ូហ៊ីងយ៉ាត្រលប់ទៅវិញ។ ស្របគ្នានេះ អាជ្ញាធរបង់ក្លាដែស ក៏ចាប់ផ្ដើមបង្ក្រាបសកម្មភាពខុសច្បាប់ដែលលេចរូបរាងក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
សំណើដែលបានដាក់អោយជនជាតិរ៉ូហ៊ីងយ៉ាត្រលប់ទៅវិញត្រូវបានច្រានចោលច្រើនលើក មេដឹកនាំរ៉ូហ៊ីងយ៉ាបាននិយាយម្តងទៀតថា ពួកគេនឹងមិនត្រលប់ទៅស្រុកកំណើតខ្លួនវិញទេ លុះត្រាតែមានការធានាសុវត្ថិភាពខ្លួន ផ្តល់សិទ្ធិ សញ្ជាតិ និងអនុញ្ញាតអោយពួកគេរស់នៅភូមិខ្លួនវិញ។ មកទល់ពេលនេះជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ជាជនជាតិភាគតិចស្របច្បាប់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com