កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូថៃស្នើក្លិបក្នុងស្រុកដាក់ខ្សែប្រយុទ្ធថៃលេងឲ្យបានច្រើន ដើម្បីពង្រឹងជម្រើសជាតិ
× លោក Akira Nishino គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ បានស្នើសុំទៅកាន់ក្លិបបាល់ទាត់នៃលីគក្នុងស្រុកទាំងអស់ ផ្តល់ពេលវេលាលេងឲ្យកាន់តែច្រើនជាងមុនដល់ខ្សែប្រយុទ្ធថៃ។ ការលើកឡើងបែបនេះ ព្រោះក្នុងការប្រកួតជម្រុះ World Cup 2022 ក្រោមការដឹកនាំដំបូង លោក Nishino មើលឃើញថាថៃមានការខ្វះខាតខ្សែប្រយុទ្ធ។
ក្រុមរហស្សនាមសង្គ្រាមដំរី មានបញ្ហាក្នុងការស្វែងរកអ្នកបញ្ចប់សំណាញ់ទីគូប្រកួត ក្រោយអវត្តមានដោយសារតែរបួសរបស់ខ្សែប្រយុទ្ធជើងចាស់ Teerasil Dangda និងដៃគូប្រយុទ្ធរបស់គេ Adisak Kraisorn របស់ក្លិប SCG Muang Thong United សម្រាប់ការប្រកួតជម្រុះ World Cup តំបន់អាស៊ីជុំទី២។
ថៃបានចាប់ផ្តើមយុទ្ធនាការជម្រុះពូល G របស់ពួកគេដោយទទួលបានត្រឹមលទ្ធផលសូន្យស្មើក្នុងដីខ្លួនឯងទល់នឹងវៀតណាមកាលពីថ្ងៃទី៥ ខែកញ្ញា។ រហូតដល់ជំនួបទី២ នៅ៥ថ្ងៃបន្ទាប់ ទើបថៃអាចយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ីដោយលទ្ធផល ៣-០ ដែល៣គ្រាប់សម្រេចបានដោយខ្សែបម្រើ Supachok Sarachat របស់ Buriram United ចំនួន២គ្រាប់ និងខ្សែការពារ Theerathorn Bunmathan ១គ្រាប់។
លោក Nishino បានប្រឈមនឹងកំហឹងរបស់អ្នកគាំទ្រថៃ ដ្បិតគ្រូជនជាតិជប៉ុនរូបនេះបានជ្រើសយក Supachai Chaided ជាខ្សែប្រយុទ្ធជំនាញតែម្នាក់គត់ក្នុងចំណោមសមាសភាពកីឡាករ ២៣នាក់ ដែលធ្វើក្រុមលោកគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាជាមួយវៀតណាម។
អតីតគ្រូជម្រើសជាតិជប៉ុន វ័យ៦៤ឆ្នាំ នៅថ្ងៃទី១២ ខែកញ្ញាបានរៀបរាប់ពីការសម្រេចចិត្តរបស់លោកបែបនេះ ក៏ដោយសារថៃសព្វថ្ងៃមិនសូវមានកីឡាករជាខ្សែប្រយុទ្ធដែលមានគុណភាពច្រើននោះទេ។ យ៉ាងណាក៏ដោយ លោក Nishino នៅតែមានដំណោះស្រាយ ហើយវាអាស្រ័យលើការចូលរួមពីក្លិបក្នុងស្រុកផងដែរ។
គ្រូបង្វឹកដែលនាំជប៉ុនឡើងទៅវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ បានស្នើដោយទទូចថា៖«ក្លិបក្នុងស្រុកគួរផ្តល់ពេលវេលាឲ្យខ្សែប្រយុទ្ធថៃលេងឲ្យបានច្រើន។ ប្រសិនអនុវត្តន៍បែបនេះ នោះអាចនឹងមានខ្សែប្រយុទ្ធល្អសម្រាប់ក្រុមថៃមិនខាន។ ខ្ញុំចង់ឲ្យ ខ្សែប្រយុទ្ធថៃចាប់ផ្តើមប្រឹងប្រែងដណ្តើមទីតាំងក្នុងក្រុមរៀងៗខ្លួន ហើយក៏ត្រូវបើកចំហរដើម្បីផ្តល់ឱកាសដល់ពួកគេដូចគ្នាដែរ»។
ឆ្លងកាត់ការប្រកួត២លើក ថៃរកបាន៤ពិន្ទុ ឈរកំពូលតារាងពូល G តាមពីក្រោយដោយអេមីរ៉ាតអារ៉ាប់រួមដែលមាន៣ពិន្ទុ ពីការប្រកួត១លើក។ ម៉េឡេស៊ីនៅលេខ៣ មាន៣ពិន្ទុក្រោយប្រកួត២លើក ខណៈវៀតណាមដែលទើបលេង១ប្រកួតឈរលេខ៤មានមួយពិន្ទុ ហើយឥណ្ឌូណេស៊ីនៅបាតតារាងមានសូន្យពិន្ទុ។
ជំនួបបន្ទាប់ទៀត ថៃត្រូវស្វាគមន៍អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩៕
Tag:
World Cup
ថៃ
ជម្រើសជាតិ
Akira Nishino
© រក្សាសិទ្ធិដោយ thmeythmey.com