អន្តរជាតិ
លោក មហា​ធៀ ប្រាប់​សមាជិក​បក្ស​ឲ្យ​រៀន​ពី​កំហុស​របស់​អតីត​បក្ស​កាន់អំណាច​
13, Sep 2019 , 10:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់, រូបភាព(MalayMail)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់, រូបភាព(MalayMail)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ មហាម៉ាត់ បាន​ប្រាប់​សមាជិក​បក្ស​របស់​លោក​ឲ្យ​រៀន​ពី​កំហុស​របស់​អតីត​បក្ស​កាន់អំណាច​គណបក្ស​ជាតិ​រួបរួម​ម៉ា​ឡេ​(UMNO) ដែល​ចាញ់ឆ្នោត​កាលពី​ឆ្នាំមុន​។ លោក មហា​ធៀ ព្រមាន​ថា ការដើរតាម​គន្លង​អតីត​បក្ស​កាន់អំណាច​នឹង​នាំ​ឲ្យ​បាត់បង់​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​។

 

និយាយ​នៅក្នុង​ពិធី​គម្រប់​ខួប​លើក​ទី​៣ នៃ​ការបង្កើត​បក្ស​ជនជាតិដើម​រួបរួម​ម៉ាឡេស៊ី (MUIP) នា​ថ្ងៃទី​១២ ខែកញ្ញា លោក​ប្រមុខ​ដឹកនាំ​បក្ស មហា​ធៀ មហាម៉ាត់ បាន​លើកឡើងថា កិច្ចខិតខំ​របស់​សមា​ជិ​ក​បក្ស​ទាំងអស់ មិនមែនជា​អំណាច ឬ​លុយ​នោះឡើយ ប្រសិនបើ​ចង់​មាន​តំណែង​ក្នុង​រដ្ឋាភិបាល​។ 

​ក្នុងន័យ​កុំ​ឲ្យ​សមាជិក​បក្ស​គិតតែ​ពី​រឿង​លុយ​ពេក លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩៤​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖ « នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​លើក​ទី​១៤ អតីត​គណបក្សកាន់អំណាច​បាន​សន្យាថា​ដំឡើង​ប្រាក់ខែ ដំឡើង​លុយ​ឲ្យ​ប្រជាជន ដោយសារ​ពួកគេ​ជឿថា​ប្រជាជន​នឹង​គាំទ្រ​ពួកគេ ប៉ុន្តែ​អ្វី​ទាំងនោះ​ត្រូវបាន​ប្រជាជន​បដិសេធ​ទៅវិញ​»​។
​ក្នុងន័យនេះ​លោក​មហា​ធៀ ចង់​ឲ្យ​សមាជិក​បក្ស​របស់លោក​ធ្វើការ​ដោយ​ផ្អែកលើ​មនសិការ និង​ជាតិនិយម​ជាជាង​យកលុយ​ទៅ​ទិញ​ទឹកចិត្ត ឬ​ការគាំទ្រ​ពី​ប្រជាជន​។ លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​គណបក្ស​ជនជាតិដើម​រួបរួម​ម៉ាឡេស៊ី​ប្រើ​លុយ​ជា​ឧបករណ៍​នយោបាយ​ដូច​គណបក្ស​ជាតិ​រួបរួម​ម៉ា​ឡេ​នោះ យើង​នឹង​ចាញ់​ដូច​ពួកគេ​ដែរ​។​» នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Bernama ។

​យ៉ាងណាក៏ដោយ ក្នុង​សប្តាហ៍​នេះ​គណបក្ស​ជាតិ​រួបរួម​ម៉ា​ឡេ ដែល​កំពុងតែ​បាត់បង់​ការគាំទ្រ​របស់​ខ្លួន​នោះ នឹង​បង្កើត​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ផ្សេងទៀត​ដូចជា គណបក្ស​មូលដ្ឋាន​ម៉ា​ឡេ​និង​គណបក្ស​ឥស្លាម​ម៉ាឡេស៊ី​។

​នៅក្នុង​ពិធី​គំរប់​ខួប​លើក​ទី​៣​ដដែល លោក​មហា​ធៀ ក៏បាន​និយាយ​បញ្ជាក់​ពី​មូលហេតុ​ក្នុង​ការទទួល​ជ័យជម្នះ​លើ​អតីត​គណបក្សកាន់អំណាច​ផងដែរ​។ តាមពិតទៅ គណបក្ស​ជនជាតិដើម​រួបរួម​ម៉ាឡេស៊ី មិនមាន​កម្លាំង​អ្វី​ទេ ប៉ុន្តែ​ដោយសារ​ភាព​ខ្សោយ​របស់​គូប្រជែង​ដែល​ប្រជាជន​មួយចំនួនធំ​មិន​គាំទ្រ​។

​នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ ធ្លាប់បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម្តង​ហើយ​ចាប់ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ មុនពេល​គាត់​ចូលនិវត្តន៍​នៅ​អាយុ​៧៨​ឆ្នាំ​។ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ លោក​មហា​ធៀ​បានរួម​គ្នា​ជាមួយ​ដៃគូ​ប្រជែង ដើម្បី​ទម្លាក់​គណបក្ស​ជាតិ​រួបរួម​ម៉ា​ឡេ​៕


Tag:
 មហា​ធៀ​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com