អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ការបញ្ឈប់អាជីវកម្មល្បែងអនឡាញ អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យដែរឬទេ?
× ការសម្រេចរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ក្នុងការបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងតាមអ៊ិនធឺណិត បានធ្វើឲ្យមានការព្យាករ ដល់ការប៉ះពាល់ដល់លំហូរដើមទុនវិនិយោគ និងភ្ញៀវមកពីប្រទេសចិន ហើយប៉ះពាល់តដល់វិស័យអចលនទ្រព្យ។
ទោះយ៉ាងណា អ្នកនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ការសម្រេចនេះ នឹងជួយបង្កើនគុណភាពនៃការវិនិយោគនៅកម្ពុជា ហើយផលប៉ះពាល់នឹងអាចកើតមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
អាជីវកម្មល្បែងនៅក្នុងប្រទេសកម្ពុជា អាចជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យមានកំណើនការវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុងព្រះសីហនុ នៅភាគខាងត្បូង និងប៉ោយប៉ែតជាប់ព្រំដែនជាមួយថៃ ហាក់ដូចជាចំណុចស្នូលនៃកំណើននេះ។ ទីក្រុងទាំងពីរ មានឧស្សាហកម្មកាស៊ីណូ ដែលបានបង្កើតឡើងយ៉ាងលឿន។
អ្វីៗនៅដំណើរការដូចធម្មតារហូតដល់ពាក់កណ្តាលខែមុន។ នោះគឺជាពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីណែនាំមួយ ដែលបានបញ្ឈប់ការចេញលិខិតអនុញ្ញាតឲ្យលេងល្បែងតាមអ៊ីនធឺណិត ក្នុងគោលដៅលុបបំបាត់ការជំរិតទារប្រាក់តាមអ៊ិនធឺណិត។ អាជ្ញាប័ណ្ណដែលបានផ្តល់រួចហើយ មានសពុលភាពត្រឹមដំណាច់ឆ្នាំនេះប៉ុណ្ណោះ។
ប្រភពព័ត៌មានក្នុងស្រុកកំពុងរាយការណ៍ថា កន្លែងលេងល្បែងជាច្រើនបានបិទទ្វាររួចជាស្រេច ហើយជនជាតិចិនរាប់ពាន់នាក់ បានចាកចេញពីក្រុងព្រះសីហនុ។
គ្រាន់តែមួយសប្តាហ៍ បន្ទាប់ពីសេចក្តីសម្រេចថ្ងៃទី១៨ ខែសីហា ក្រសួងមហាផ្ទៃ បានបណ្តេញជនជាតិចិនចំនួន ១៥០ នាក់ ពាក់ព័ន្ធនឹងការឆបោកល្បែងស៊ីសងតាមអ៊ីនធឺណិត ដែលកំពុងដំណើរការចេញពីក្រុងព្រះសីហនុ និងក្រុងបាវិត។
ការធ្លាក់ចុះតម្រូវការនៅក្រុងព្រះសីហនុ
អ្នកនៅក្នុងខេត្តព្រះសីហនុបាននិយាយថា តម្រូវការបន្ទប់ស្នាក់នៅ ទាំងនៅសណ្ឋាគារ និងផ្ទះសំណាក់នៅ បានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីខែមុន។
លោក នួន រិទ្ធី ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Khmer Appraisal Foundation បានលើកឡើងថា ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុ គឺជាទេសចរមកលេងល្បែងស៊ីសង ដែលមិនមែនជាអ្នកវិនិយោគទេ។
ជាលទ្ធផលនេះ បានបណ្តាលឱ្យមានការធ្លាក់ចុះ នៃតម្រូវការកន្លែងស្នាក់នៅ អាហារ និងសេវាកម្មផ្សេងៗ។
យ៉ាងណាក៏ដោយ លោក រិទ្ធី បានអះអាងថា វិស័យវិនិយោគផ្សេងទៀត នៅក្នុងប្រទេស ដូចជាអចលនទ្រព្យ សំណង់ ទេសចរណ៍ និងវាយនភណ្ឌ គឺនៅបន្តខ្លាំងដដែល។ លោកលើកឡើងថា៖«ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសង គឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះយកវិនិយោគិនល្អ…ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង»។
លោកបន្តថា៖«ខ្ញុំជឿជាក់ថាការសម្រេចចិត្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែង ហើយខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅល្អបំផុត សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។
ក្រុងព្រះសីហនុ ក្រុងបាវិត និងក្រុងប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលសំខាន់នៃឧស្សាហកម្មល្បែងតាមអ៊ិនធឺណិតរបស់ប្រទេសកម្ពុជា។ តំបន់ទាំងបីនេះ ត្រូវបានគេរាយការណ៍ថា បានឃើញជនជាតិចិន ចាកចេញយ៉ាងគំហុក បន្ទាប់ពីមានការសម្រេចបញ្ឈប់អាជីវកម្មល្បែងអនឡាញ។
លោក គីម ហ៊ាង នាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានអះអាងថា ការហាមឃាត់អាជីវកម្មល្បែងស៊ីសងតាមអ៊ីនធឺណិតនៅកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃដីធ្លី នៅក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។
ទោះយ៉ាងណា លោកបានបន្ថែមថា វាគ្រាន់តែជាផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ហើយនឹងផ្តល់ផលល្អសម្រាប់កំណើនរយៈពេលវែង។
ដីនៅក្រុងព្រះសីហនុ ដែលត្រូវបានដាក់លក់ក្នុងតម្លៃតែ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េកាលពី ៣ ឆ្នាំមុន ត្រូវបានកើនដល់តម្លៃប្រហែល ៣,០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នា ពេលនេះ ដោយសារកំណើនជនជាតិចិន។
ដូច្នេះការចាកចេញយ៉ាងគំហុកភ្លាមៗ អាចធ្វើឲ្យប៉ះពាល់ក្នុងកម្រិតណាមួយ។
លោក គីម ហ៊ាង បានលើកឡើងថា៖«ក្នុងរយៈពេលវែងការសម្រេចចិត្តនេះ នឹងផ្តល់នូវគុណសម្បត្តិធំៗ សម្រាប់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយការបន្តអាជ្ញាប័ណ្ណប្រតិបត្តិការបច្ចុប្បន្នសម្រាប់រយៈពេលមួយឆ្នាំទៀត គឺជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ទាំងអស់គ្នា»៕
(ប្រភព៖ https://www.realestate.com.kh/km/news/will-gambling-ban-hit-cambodia-real-estate/)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com