អន្តរជាតិ
លោក ឌូ​ទើ​តេ រង​ការរិះគន់​ពី​អនុ​ប្រធានាធិបតី​ខ្លួន រឿង​ចង់​ទុកចោល​ជម្លោះ​សមុទ្រ​ខាងត្បូង​ជាមួយ​ចិន​
13, Sep 2019 , 10:59 pm        
រូបភាព
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី លេនី រ៉ូប្រេដូ (ឆ្វេង) និងលោក ឌូទើតេ
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី លេនី រ៉ូប្រេដូ (ឆ្វេង) និងលោក ឌូទើតេ
ដោយ:
​អនុ​ប្រធានាធិបតី​ហ្វីលីពីន លោកស្រី លេ​នី រ៉ូ​ប្រេ​ដូ (Leni Robredo) បាន​ពន្លះ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ថា ខ្វះ​ការពិចារណា បន្ទាប់ពី​លោក​ចង់​ពិចារណា​ទុកចោល​សាល​ក្រមម​ជ្ឈ​ត្ត​កម្ម​ឆ្នាំ​២០១៦ ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ហើយ​បែរ​ទៅ​ចាប់ដៃ​រុករក​ធនធានធម្មជាតិ​ជាមួយ​ចិន នៅ​សមុទ្រ​ជម្លោះ​នេះ​វិញ​។​



​ជា​មេដឹកនាំ​បក្សប្រឆាំង​នៅ​ហ្វីលីពីន​ផង​នោះ លោកស្រី លេ​នី រ៉ូ​ប្រេ​ដូ បានចាត់ទុក​សកម្មភាព​រត់​ឱប​ចិន​ដោយ​បើកចំហ​របស់លោក ឌូ​ទើ​តេ និង​ការយល់ព្រម​អភិវឌ្ឍ​ធនធាន​ឧស្ម័ន​រួមគ្នា​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង «​ជា​ទង្វើ​ខ្វះ​ទំនួល​ខុសត្រូវ​ខ្លាំង​បំផុត​» ។ កាលពី​ឆ្នាំ​២០១៦ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍ (PCA) បាន​កាត់ក្តី​ឲ្យ​ក្រុង​ម៉ានីល​មាន​សិទ្ធិ​រុករក​នៅ​ទីនោះ ដែល​ពួកគេ​ហៅថា សមុទ្រ​ហ្វីលីពីន​ខាងលិច​។

​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១២ ខែកញ្ញា លោកស្រី រ៉ូ​ប្រេ​ដូ សង្កត់ធ្ងន់ថា ការបង្កើត​កិច្ច​ព្រម​ព្រៀម​ណាមួយ ពុំគួរ​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​របស់​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​

«​ការធានា​ឲ្យ​បាន​នូវ​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​កូនៗ​របស់​យើង ប្រហែលជា​ទំនួល​ខុសត្រូវ​ដ៏​សំខាន់ និង​លំបាក​បំផុត​មួយ​របស់​រដ្ឋបាល​គ្រប់​ជំនាន់​ទាំងអស់​»​។ អនុ​ប្រធានាធិបតី​រូបនេះ បញ្ជាក់​បែបនេះ​ដោយ​បន្ថែមថា ការលក់​អនាគត​ពួកគេ​សម្រាប់​កិច្ចព្រមព្រៀង​ឧស្ម័ន​មួយ​ជាមួយ​ចិន គឺជា​វិធី​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត​នៃ​ការបោះបង់ចោល​ទំនួល​ខុសត្រូវ​នោះ​។​

​សូមបញ្ជាក់ថា ការរិះគន់​របស់លោក​ស្រី រ៉ូ​ប្រេ​ដូ នេះ ធ្វើឡើង​២​ថ្ងៃ​ប៉ុ​ណ្ណោ​ក្រោយពី​លោក ឌូ​ទើ​តេ និយាយថា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ប្រាប់​លោក​អំឡុងពេល​ទស្ស​កិច្ច​នៅ​ប៉េកាំង​ថ្មីៗ​ថា ក្រុង​ប៉េកាំង ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ក្លាយជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​ថាមពល​រួមគ្នា នៅ​តំបន់ Reed Bank ប៉ុន្តែ​ហ្វីលីពីន ត្រូវ​ទុកចោល​មួយអន្លើ​នូវ​សាលក្រម​ឆ្នាំ​២០១៦ ដែល​ចិន​ពុំ​ទទួលស្គាល់​។

​សាលក្រម​ដដែល​នេះ ក៏បាន​កាត់ក្តី​ថា ការទាមទារ​ភាគច្រើន​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ តាមច្បាប់​សមុទ្រ​របស់​អង្គការ​សហរដ្ឋអាមេរិក​ឡើយ​។ វា​ជា​អ្វីដែល​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បា​ជាខ្លាំង​៕

Tag:
 ហ្វីលីពីន​
  ចិន​
  ឌូ​ទើ​តេ​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com