កីឡាជាតិ
ជាតិ
លី​គ​កំពូល​ត្រឡប់​មកវិញហើយ​! វិសាខា​ប៉ះ​ទ័ព ក្រោយ​ការប្រកួត​ពីរ​គូ​ទៀត​
14, Sep 2019 , 11:42 am        
រូបភាព
ដោយ:
​ក្រោយ​សម្រាក​ពីរ​សប្តាហ៍​ដើម្បី​ទុកពេល​ឲ្យ​ក្រុម​ជម្រើសជាតិ​បំពេញបេសកកម្ម​ក្នុង​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២ ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ បាន​ត្រឡប់​មកវិញហើយ​។ នៅ​ថ្ងៃទី​សៅរ៍​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​នៅ​ទីលាន​ផ្សេងៗ​គ្នា ក្នុងនោះ វិសាខា​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ក្រសួងការពារជាតិ​(​ទ័ព​) ដើម្បី​ជម្រះបញ្ជី​ចាស់​។ មុន​ការប្រកួត​នេះ​មកដល់ ក៏មាន​ការប្រកួត​ពីរ​ផ្សេងទៀត​ផងដែរ​។​



​វិសាខា​ត្រូវការ​ឈ្នះ​ក្រសួងការពារជាតិ​នៅ​ល្ងាច​នេះ ដើម្បី​ទទួលបាន​៣​បន្ថែម សម្រាប់​ពង្រឹង​ទីតាំង​លេខ​២ ដែល​ខ្លួន​កំពុង​ឈរ​មាន​៤៧​ពិន្ទុ​។ វា​ក៏​ជា​ឱកាស​សម្រាប់​ពួកគេ ដើម្បី​ជម្រះបញ្ជី​ចាស់ ដែល​ទ័ព​ធ្វើ​ឲ្យ​ខ្លួន​ខកចិត្ត​ជាមួយ​បរាជ័យ ១-០ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​នៅ​ជើង​ទី​១​ផងដែរ​។ ក្រុម​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់លោក Tunji Ayoyinka Akeeb មួយ​នេះ​មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ​ទេ​សម្រាប់​១០​ប្រកួត​ចុងក្រោយ ដែល​ទាមទារ​ឲ្យ​ពួកគេ​ត្រូវតែ​យកឈ្នះ ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​១១​ប្រកួត​។

​ចំណែក​ក្រុម​ក្រសួងការពារជាតិ​ទោះបី​អស់​ឱកាស​ប្រជែង​ដណ្តើមពាន តែ​ពួកគេ ក៏ត្រូវ​ការ​ឈ្នះ ដើម្បី​បន្ត​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​២​។ ប៉ុន្តែ​បើ​ចាញ់​ក្នុង​ការប្រកួត​នេះ ពួកគេ​នឹង​អស់​ឱកាស​ទាំង​ប្រជែង​ចំណាត់ថ្នាក់​លេខ​២​។ នា​ការប្រកួត​ក្នុង​សប្តាហ៍​ទី​២១ ក្រុម​នេះ​បាន​រង​បរាជ័យ ២-១ ក្រោម​ថ្វី​ជើង​គីរីវង់​សុខ​សែន​ជ័យ នៅលើ​ទឹកដី​ខ្លួន​។ ការ​រវាង​ក្រុម​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច​នា​កីឡដ្ឋាន​វិសាខា​។

​មុន​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ​មកដល់ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រើ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ស្វាគមន៍​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។ ជ័យជម្នះ​វា​ជា​រឿង​ចាំបាច់​សម្រាប់​អង្គរ ដ្បិត​ពួកគេ​ត្រូវការ​៣​ពិន្ទុ​ជា​ចាំបាច់ ដើម្បី​ឡើងឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន ក៏ដូចជា​បន្ត​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​។ ប៉ុន្តែ​បើ​ចាញ់​ក្នុង​ការប្រកួត​នេះ ពួកគេ​នឹង​ក្លាយជា​ក្រុមទី​១១ ដែល​អស់​ឱកាស​ប្រជែង​ពាន​។ បច្ចុប្បន្ន​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​៤២​ពិន្ទុ ដោយមាន​គម្លាត​ពី​ក្រុម​កំពូល​តារាង​១៣​ពិន្ទុ​។

​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រុម​សូល​ទី​ឡូ​អង្គរ​ប៉ះ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ នេះ​ជាការ​ប្រកួត​បង្គ្រប់កិច្ច ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​អស់​ឱកាស​ដូចគ្នា​។ ទោះបី​យ៉ាងនេះ​ក្តី អគ្គិសនី​កម្ពុជា​ត្រូវការ​នៅថ្ងៃនេះ ដើម្បី​សងសឹក​ដែល​សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​ខ្លួន ៤-២ នៅ​ជើង​ទី​១​លើ​ទឹកដី​ខ្លួន​៕ 


Tag:
 Cambodia League 2019
  វិសាខា​
  ក្រសួងការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com