ជាតិ
ពីនេះ ពីនោះ
ត្រូវ​ដឹង​៖«​សម្ដី​សរជាតិ មារយាទ​សរ​ពូជ​!»
21, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យោងតាម​វប្បធម៌​និង​អរិយធម៌​ខ្មែរ បាន​បង្ហាញថា សង្គម​ខ្មែរ​គឺជា​សង្គម​មួយ​ប្រកបដោយ​សីលធម៌​និង​សេចក្ដីថ្លៃថ្នូរ​។ ប្រជាជន​ខ្មែរ​ភាគច្រើន​មាន​ចរិត​ស្លូតបូត ស្មោះត្រង់ និង​ប្រកាន់យក​សីលគុណ​ធម៌​សម្រាប់​ដឹកនាំ​ជីវិត​។ អ្វីៗ​ដែល​បាន​ស្ដែងចេញ​ឱ្យឃើញ​នៅក្នុង​ឥរិយាបថ​របស់​សមាជិក​នៃ​សង្គម​មួយ វា​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការអប់រំ​សីលធម៌ និង​ទស្សនវិជ្ជា​នៃ​សង្គម​នោះ​ផងដែរ​។ ហេតុនេះហើយ​បានជា​មាន​សុភាសិត​ខ្មែរ​មួយ​លើកឡើងថា​«​សម្ដី​សរជាតិ មារយាទ​សរ​ពូជ​»​។ តើ​សុភាសិត​នេះ​មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​គោលបំណង​អប់រំ​យ៉ាងណាដែរ​?



​មុននឹង​បកស្រាយ​សុភាសិត​នេះ យើង​គួរ​គប្បី​យល់ដឹង​នូវ​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ «​សម្ដី​»  មានន័យថា ពាក្យ​ដែល​គេ​ស្ដី ពាក្យ​ដែល​គេ​និយាយ ភាសា​ដែល​គេ​និយាយ ជាដើម ឧទាហរណ៍ សម្ដីពីរោះ សម្ដី​ទន់ភ្លន់​។ «​សរ​» មានន័យថា បង្ហាញឱ្យឃើញ​។ «​ជាតិ​» មានន័យថា  កំណើត ព​ន្ធុ មនុស្ស​ដែលមាន​សញ្ជាតិ​ផ្សេងគ្នា ឧទាហរណ៍ ជាតិខ្មែរ ជាតិចិន ។​ល​។ «​មារយាទ​» មានន័យថា សណ្ដាប់ធ្នាប់ របៀបរបប ឫកពា ឧទ​ហា​រណ៍ មារយាទថោក មារយាទថ្លៃ មានមារយាទ ឥត​មារយាទ​...​។ «​ពូជ​» មានន័យថា អម្បូរ វង្ស​ត្រកូល ឧទាហរណ៍ ជូន​ខ្មែរ ពូជចិន ជាដើម​។​

​សុភាសិត «​សម្ដី​សរជាតិ មារយាទ​សរ​ពូជ​» ចែកចេញជា​ចំណែក ទីមួយ «​សម្ដី​សរជាតិ​» មានន័យថា គេ​អាច​ស្គាល់​ជាតិ​មួយ សាសន៍​មួយ ឬ​សញ្ជាតិ​មួយ​ដោយសារ​សម្ដី ពាក្យ ឬ​ភាសា​ដែល​ប្រជាជាតិ​នោះ​និយាយ​។ ក្នុងន័យនេះ គេ​អាច​ដឹងថា​ប្រជាជាតិ​មួយ​ថ្លៃថ្នូរ​ឬ​មិន​ថ្លៃថ្នូរ ទន់ភ្លន់​ឬ​មិន​ទន់ភ្លន់ ស្លូត​ឬ​កាច មានគុណ​ធម៌​ឬ​អត់​គុណធម៌ មាន​សីលធម៌​ឬ​អសីលធម៌ មានចំណេះដឹង​ឬ​អវិជ្ជា មានការ​គិត​សម​ហេតុផល​ឬ​មិន​សម​ហេតុផល ជាដើម តាមរយៈ​ពាក្យ សម្ដី ឬ​ភាសា​ដែល​ប្រជាជាតិ​នោះ​និយាយ​ទាក់ទង​គ្នា​នៅក្នុង​គ្រួសារ កន្លែងធ្វើការ ទីសាធារណៈ ក្នុងការ​ថ្លែង​សុន្ទរកថា ការសរសេរ​អត្ថបទ​នៅក្នុង​សៀវភៅ ឬ​ឯកសារ​ផ្សេងៗ និង​ក្នុង​ការជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ណាមួយ ជាដើម​។​

​ទី​ពីរ «​មារយាទ​សរ​ពូជ​» មានន័យថា គេ​អាច​ស្គាល់​ពូជ អម្បូរ ឬ​វង្ស​ត្រកូល​ណាមួយ​តាមរយៈ​ការពិនិត្យ​ចរិតលក្ខណៈ មារយាទ សណ្ដាប់ធ្នាប់ របៀបរបប ឫកពា ឬ​ការប្រព្រឹត្តិ​របស់​ពូជ អម្បូរ ឬ​វង្ស​ត្រកូល​នោះ​។

​ជារួម យើង​អាច​និយាយបានថា សម្ដី​ល្អ​ឬ​អាក្រក់​ក៏ដោយ ក៏​ជះឥទ្ធិពល​ដល់​ជាតិ សាសន៍ ឬ​សញ្ជាតិ​របស់​យើង​ដែរ​។ ដូច្នេះ បើ​ចង់​រក្សា​តម្លៃ សេចក្ដីថ្លៃថ្នូ ឬ​កិត្តិយស​របស់​ជាតិ​យើង យើង​ត្រូវតែ​ចេះ​ប្រើ​ពាក្យពេចន៍​ឱ្យ​ពីរោះ ច្បាស់លាស់ ប្រកបដោយ​ភាពសមហេតុ​ផល សីលធម៌ និង​គុណធម៌​។ បើ​មិន​ដូច្នេះ​ទេ ជាតិ​យើង​អាច​នឹង​បាត់បង់​តម្លៃ​ដោយសារ​សម្ដី​មិន​ត្រឹមត្រូវ​របស់​យើង​។​

​ម្យ៉ាងទៀត មារយាទ ចរិតលក្ខណៈ ឬ​ការប្រព្រឹត្តិ​ល្អ​ឬ​អាក្រក់​ក៏ដោយ ក៏​ជះឥទ្ធិពល​ដល់​ពូជ អម្បូរ ឬ​វង្ស​ត្រកូល​របស់​យើង​ដែរ​។ ហេតុនេះ ប្រសិនបើ​យើង​ចង់​រក្សា​តម្លៃ កិត្តិយស និង​កិត្យានុភាព​របស់​ពូជ អម្បូរ ឬ​វង្ស​ត្រកូល​របស់​យើង យើង​ត្រូវតែ​កសាង​និង​ប្រកាន់យក​មារយាទ​ល្អ ចរិតលក្ខណៈ ឬ​ការប្រព្រឹត្ត​ត្រឹមត្រូវ​ប្រកបដោយ​បញ្ញា គតិបណ្ឌិត ទេពកោសល្យ គុណធម៌ និង​សីលធម៌​។ បើ​មិន​ដូច្នេះ​ទេ ពូជ អម្បូរ ឬ​វង្ស​ត្រកូល​របស់​យើង​អាច​នឹង​ធ្លាក់ចុះ​អាប់​ឱ្យ​ដោយសារតែ​មារយាទ​មិនល្អ​របស់​យើង​។​

​ការលើកឡើង​នូវ​សុភាសិត​«​សម្ដី​សរជាតិ មារយាទ​សរ​ពូជ​»​នេះ បុព្វបុរស​ខ្មែរ​មានបំណង​បណ្ដុះ​គំនិត​អប់រំ​កូនចៅ​របស់ខ្លួន​ឱ្យ​ចេះ​ថែរក្សា​កិត្តិយស ស​ចេ​ក្ដី​ថ្លៃថ្នូ និង​តម្លៃ​វប្បធម៌​របស់​ជាតិ និង​ពូជ​អម្បូរ​របស់​ខ្មែរ តាមរយៈ​ការរៀន​និង​ការប្រើប្រាស់​ពាក្យសម្ដី​ឱ្យ​ពីរោះ ទន់ភ្លន់ ច្បាស់លាស់ ប្រកបដោយ​ភាពសមហេតុ​ផល សីលធម៌ និង​គុណធម៌​។ ចំពោះ​ការប្រព្រឹត្តិ ឥរិយាបថ ឬ​មារយាទ​វិញ ក៏​ត្រូវតែ​អនុលោម​ទៅតាម​សីលធម៌ គុណធម៌ និង​ច្បាប់​រដ្ឋ​ផងដែរ​។

​ហេតុនេះ ប្រជាជន​ខ្មែរ​ទូទៅ អ្នកនយោបាយ ពាណិជ្ជករ អ្នកការទូត​។​ល​។ ជាពិសេស យុវជន​ខ្មែរ​បច្ចុប្បន្ន ត្រូវតែ​រៀន​ប្រើប្រាស់​ពាក្យសម្ដី និង​ឥរិយាបថ​ឱ្យបាន​ត្រឹម​ដូចដែល​បានលើកឡើង​ខាងលើ ដើម្បី​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​និង​ការលើកកម្ពស់​តម្លៃ​វប្បធម៌​ខ្មែរ​ផង និង​ដើម្បី​រក្សា​កេរ្ដិ៍ឈ្មោះ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​នៃ​ប្រជាជាតិ និង​ពូជ​អម្បូរ​របស់​ខ្មែរ​ផងដែរ​៕ 
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង​
   


Tag:
 សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com