ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​ជាប់ ឬ​ធ្លាក់ សិស្ស​មួយចំនួន​សម្រេចចិត្ត​រៀន​បន្ត​
14, Sep 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩​សីហា ឆ្នាំ​២០១៩ បានប្រកាស​លទ្ធផល​ហើយ កាលពី​ថ្ងៃទី​៩​ខែកញ្ញា​កន្លងទៅ ដោយ​សិស្ស​ជាប់​សរុប​នៅ​ទូទាំងប្រទេស​មាន​ចំនួន ៧៩,០៥២ នាក់​ត្រូវជា​៦៨.៦២​ភាគរយ​។ ទោះ​ជាប់ ឬ​មិន​ជាប់​បាក់​ឌុប ក៏​សិស្ស​មួយចំនួន បាន​តម្រង់​ទិសដៅ​របស់ខ្លួន​រួចជាស្រេច ថា​នឹង​រៀន​បន្តទៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ឬ​រៀន​ថ្នាក់​ទី​១២​ឡើងវិញ​។



​តទៅ​នេះ​សូម​ស្ដាប់​ពី​ការតាំង​ចិត្ត​របស់​សិស្ស​មួយចំនួន ក្នុង​ការបន្ត​ការសិក្សា​របស់ខ្លួន ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ ខណៈពេល​ពួកគេ​កំពុង​រង់ចាំ​ស្ដាប់​លទ្ធផល នៅក្នុង​មណ្ឌល​ប្រឡង​របស់ខ្លួន​។

សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖





​នា​ម៉ោង​៣​រសៀល​នៅក្នុង​បរិវេណ​សាលា​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ ក៏ដូចជា​សាលាដ​ទៃទៀត នៅ​រាជធានី​ភ្នំពេញ នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩​។ សិស្ស​ទាំងស្រី និង​ប្រុស រួមទាំង​សាច់ញាតិ មាន​ម្ដាយ​ឪពុក បងស្រី​ប្រុស ខ្លះ​ឈរ ខ្លះ​អង្គុយ ត្រៀបត្រា រាយ​តាំងពី​កន្លែងផ្ញើម៉ូតូ ក្នុង​បរិវេណ​សាលា នៅ​សួនច្បារ នៅមុខ​បន្ទប់រៀន ក្រោម​ដើមឈើ និង​នៅលើ​បង់​អង្គុយ​ក្នុង​សាលា​ជាដើម​។

​សំឡេង​បុរស​ម្នាក់ កំពុង​ប្រកាស​ឈ្មោះ​សិស្ស​ដែល​ប្រឡង​ជាប់ តាម​ឧ​គ្ឃោ​សន​សព្ទ​របស់​សាលា ដែល​ដាក់​នៅ​កន្លែង​ផ្សេងគ្នា ដើម្បីឱ្យ​សិស្ស​ងាយ​ស្រួយ​ស្ដាប់​ឈ្មោះ​របស់ខ្លួន​។ សំឡេង​ហ៊ោកញ្ជ្រៀវ រួមជាមួយ​កាយវិការ​លោត​ចុះ​លោត​ឡើង​យ៉ាង សប្បាយរីករាយ សិស្ស​ខ្លះ រត់​ទៅ​ឱប​មិត្ត​ដែល​នៅក្បែរ ព្រោះ​គេ​បានឮ​ឈ្មោះ​របស់ខ្លួន​ប្រឡង​ជាប់​។ អ្នក​ទាំងនោះ ក៏​ប្រញាប់ប្រញាល់​លើក​ទូរស័ព្ទ​ឡើង ដើម្បី​ហៅ​ទៅប្រាប់​សមាជិកគ្រួសារ និង​អ្នក​ស្តាប់​ពី​ដំណឹង​ល្អ​នេះ ដោយ​អ្នកខ្លះ​ញញឹម​រីករាយ​លាយ​ដោយ​ទឹកភ្នែក​ខ្លះ​ផង​ព្រោះ​ក្ដីរំភើប​។ ប៉ុន្តែ​ក៏មាន​សិស្ស​ខ្លះ​ត្រូវ​យំសោក ព្រោះតែ​មិនបាន​ឮឈ្មោះ​របស់គេ ចេញពី​ឧ​គ្ឃោ​សន​សព្ទ ដែល​មានន័យថា គេ​ប្រឡង​មិន​ជាប់​នោះ​។​

​ដើរ​ចេញពី​ក្រុមសិស្ស​ដូចគ្នា នារី​វ័យ​១៧​ឆ្នាំ​ម្នាក់ បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ឱប​ឪពុក​របស់ខ្លួន​ដែល​កំពុង​ឈរ​រង់ចាំ​នៅ​កន្លែងផ្ញើម៉ូតូ ក្បែរ​សួនច្បារ​ទាំង​រលីងរលោង​ទឹកភ្នែក​។ មាន​សំដី​នឹងធឹង​បន្តិច​កញ្ញា អ៊ុន ណា​លី​ស ថា​នាង​ពិតជា​សប្បាយចិត្ត​ពេល​បានឮ​គេ​ប្រកាសថា​ឈ្មោះ​របស់​នាង​ជាប់​និទ្ទេស​B​។ នារី​វ័យក្មេង​រូបនេះ បាន​តាំងចិត្ត​ជាស្រេច​ថា​ខ្លួន នឹង​រៀន​បន្ត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន តាម​ចំណង់​ចំណូលចិត្ត​របស់​នាង​។ កញ្ញា​បញ្ជាក់​៖«​ចេញ​លទ្ធផល​ល្អ​ខ្ញុំ​សប្បាយចិត្ត​ណាស់​។ ខ្ញុំ​នឹង​រៀន​បន្ត​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​(IT) ព្រោះ​ខ្ញុំ​ស្រឡាញ់​ខាង​ហ្នឹង​»​។



​ចំណែក​កញ្ញា ហែម ចន្ទ​មិនា វ័យ​១៧​ឆ្នាំ​វិញ កំពុង​អង្គុយ​ក្រោម​ដើមឈើ​ជាមួយ​បងស្រី រង់ចាំ​ស្ដាប់​លទ្ធផល​របស់​មិត្តភក្ដិ​រួម​ថ្នាក់ ក្រោយពី​នាង​បានដឹងថា ខ្លួន​បានជា​ប់​និទ្ទេស​D ហើយ​នោះ​។ ក្នុងចំណោម​សិស្ស​ជាច្រើន ចន្ទ​មិនា បាន​ប្រាប់​ពី​ជំនាញ​ដែល​នាង​នឹង​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​។ «​ខ្ញុំ​គិតថា សមត្ថភាព​របស់ខ្ញុំ សម​នឹង​បាន​និទ្ទេស​D​នេះ​។ ខ្ញុំ​នឹង​ទៅ​រៀន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​»​។



​ខ្ញុំ​បាន​ដើរ​ស្វែងរក​សិស្ស​ដែល​កំពុង​រង់ចាំ​លទ្ធផល​របស់ខ្លួន ដើម្បី​ចង់ដឹង​ពី​ការប្ដេជ្ញាចិត្ត​របស់គេ​មុន​ដឹង​លទ្ធផល​។ ខ្ញុំ​បានមក​ជួប​សិស្ស​ប្រុស​ម្នាក់ ដែល​កំពុង​អង្គុយ​នៅមុខ​បន្ទប់រៀន​។ លោក អេង បញ្ញាវុធ វ័យ​១៨​ឆ្នាំ ក្នុង​ទឹកមុខ​ញញឹមញញែម​ហាក់​មិន​បារម្ភ​អ្វី​ទាំងអស់​។ ខណៈ​នេះ​យុវជន​សម្បុរ​ស​ញញឹម​ស្រស់ បញ្ញាវុធ មិនទាន់​ដឹងថា ខ្លួន​ជាប់​ឬ​ធ្លាក់​ឡើយ ស្រប​ពេលដែល​សិស្ស​មួយចំនួន​បានដឹង​លទ្ធផល​ហើយ​។ មិន​ភ័យ ព្រោះ​គេ​មាន​ជំនឿ​លើ​ខ្លួនឯង ប៉ុន្តែ​ទោះជា​យ៉ាងណា​លទ្ធផល​មិនទាន់​ចេញ យុវជន​ដែលមាន​ស្រុកកំណើត​នៅ​ភ្នំពេញ​រូបនេះ ថាបើ​ទោះជា​ធ្លាក់​បាក់​ឌុប​ក៏​គេ​នឹង​រៀន​ថ្នាក់​ទី​១២​ឡើងវិញ​ដែរ​។ «​សម្រាប់​ខ្ញុំ​មាន​អារម្មណ៍​ធម្មតា ព្រោះ​ខ្ញុំ​ធ្វើបាន​គ្រាន់បើ​ដែរ​។ អាច​ជាប់​! ខ្ញុំ​នឹង​រៀន​ផ្នែក​ផ្សព្វផ្សាយ និង​គមនាគមន៍​។ បើសិនជា​មិនជា​ប់ ខ្ញុំ​នឹង​រៀន​ថ្នាក់​ទី​១២​ម្ដងទៀត ហើយ​ឆ្នាំក្រោយ ខ្ញុំ​ខំ​ឱ្យ​ជាប់​ដើម្បី​ប្រឡង​ចូល​សកល​»​។

​អង្គុយ​ក្បែរ​មិត្ត​ម្នាក់ទៀត បញ្ញាវុធ បញ្ជាក់​ពី​មូលហេតុ ដែល​គាត់​មិន​រៀន​ថ្នាក់​បរិញ្ញាបត្ររង​។ «​សម្រាប់​ខ្ញុំ​បរិញ្ញាបត្ររង គឺ​មិន​មានន័យ​។ បើ​ខ្ញុំ​ជាប់​ទី​១២ យ៉ាង​យោ​ចណាស់ វា​បាន​បញ្ជាក់ថា​ខ្ញុំ​បាន​ខំប្រឹងប្រែង​ខ្លះ​។ ដូច្នេះ ចូលរៀន​បរិញ្ញាបត្រ​តែម្ដង សម្រាប់​ខ្ញុំ គឺ​វា​មានន័យ​។ គ្រួសារ​របស់ខ្ញុំ មិន​ដាក់​គំនាប​ក្នុងការ​ជ្រើស​រើសមុខ​វិទ្យា​ទេ គាត់​ឱ្យ​សិទ្ធិ​ខ្ញុំ​រើស​ខ្លួនឯង​»​។



​ងាក​ចេញពី​សិស្ស​យើង​មក​ចាប់អារម្មណ៍​អាណាព្យាបាល​របស់​សិស្ស​វិញ​ម្ដង​។ ស្ត្រី​សម្បុរ​ស្រអែម​មុខ​មូល​សក់វែង សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បង្ហាញឱ្យឃើញ​ពី​ទឹកមុខ​ព្រួយបារម្ភ​នោះ កំពុង​រង់ចាំ​ស្ដាប់​លទ្ធផល​ប្រឡង​របស់​កូន នៅក្បែរ​កូនស្រី​របស់ខ្លួន​។ ក្នុងពេល​មិនទាន់​ដឹង​ពី​លទ្ធផល ស្ត្រី​វ័យ​ប្រមាណ​ជា​៤០​ឆ្នាំ​រូបនេះ​ថា ទោះបីជា​កូន​របស់ខ្លួន​ប្រឡង​មិនជា​ប់ ក៏​អ្នកស្រី​នៅតែ​ជំរុញ​ឱ្យ​កូន​រៀន​បន្ត​ដែរ​។ «​ខ្ញុំ​នឹង​ឱ្យ​កូន​រៀន ទោះបី​គេ​ជាប់ ឬក៏​ធ្លាក់ ក៏ដោយ ព្រោះ​ខ្ញុំ​ល្ងង់ ខ្ញុំ​មិន​ចង់ឱ្យ​កូន​ដូច​ខ្ញុំ​ទេ​»​។​

​ចំណែក​អ្នកស្រី ង៉ែត សី​បទុម ជា​អាណាព្យាបាល​សិស្ស​មួយរូប​ដែរ កំពុង​អង្គុយ​នៅ​ជិត​សួនច្បារ​សាលារៀន ដែល​តែងតែ​ញញឹម និង​សើច​សប្បាយរីករាយ​ជាមួយ​សិស្ស​ដទៃ ពេល​ពួកគេ​បានឮ​ឈ្មោះ​ប្រឡង​ជាប់​នោះ​។ អ្នក​ម្ដាយ​មានកូន​៣​នាក់ ដែល​ឆ្លៀតពេល​សម្រាក​ពី​ការងារ​មក​ស្ដាប់​លទ្ធផល​ប្រឡង​របស់​កូន​រូបនេះ បាន​ផ្ដាំ​ទៅ​ម្ដាយ​ឪពុក​ដទៃ​ទៀតថា សូមកុំ​បន្ទោស​កូន នៅពេលដែល​ពួកគេ​ប្រឡង​ធ្លាក់​។ ប៉ុន្តែ​ត្រូវតែ​លើកទឹកចិត្ត​ឱ្យគេ ខំរៀន​បន្តទៀត​។ «​កូន​ណា​ក៏​ចង់​ជាប់​ដែរ​។ គាត់​ប្រឹង​ដែរ តែ​ធ្វើ​ម៉េច​បើ​មិន​ជាប់​។ គាត់​ប្រឡង​មិន​ជាប់ កុំ​បន្ទោស​គាត់​។ ត្រូវឱ្យ​គាត់​រៀន​ទៀត ឆ្នាំក្រោយ​គាត់​ខំរៀន គាត់​នឹង​ប្រឡង​ជាប់​»​។



​ចំណែក​សិស្ស​ជាប់​និទ្ទេស​D ចន្ទ​មិនា បាន​លើកទឹកចិត្ត​ដល់​សិស្ស​រួម​ជំនាន់​របស់គេ​ថា​៖«​បើ​ពួកគាត់​ជាប់​សុំឱ្យ​គាត់​ខំ​ប្រឹងរៀន​បន្តទៀត​។ តែបើ​មិន​ជាប់​គាត់​គួរតែ​ជ្រើសរើស​ផ្លូវ​ល្អ​ដែល​ខ្លួន​ចង់​ដើរ កុំ​គិត​ខ្លី ឬ​ចង់​ឈប់រៀន​គួរតែ​រៀន​បន្ត​។ ខ្ញុំ​នឹង​កាន់តែ​ខំរៀន​ឱ្យ​ខ្លាំង ជាង​នៅ​ថ្នាក់​ទី​១២ នៅពេល​ចូល​សកល​វិទ្យាល័យ​»​។​

​ដូចគ្នា​ដែរ​កញ្ញា ណា​លី​ស ក៏​ណែនាំ​ដល់​សិស្ស​ដទៃទៀត មិនឱ្យ​បាក់​ទឹកចិត្ត​ដែរ​៖«​អ្នក​ជាប់​ហើយ​មិនមាន​លទ្ធភាព​រៀន​តែ​គាត់​រៀន​ពូកែ គឺមាន​អាហារូបករណ៍​ច្រើន​សម្រាប់​នៅ​សកល​វិទ្យាល័យ​ផ្សេងៗ​។ សម្រាប់​អ្នកធ្លាក់​អាច​រៀន​មួយឆ្នាំ​ទៀត ឬ​រក​ជំនាញ​ខាងក្រៅ​រៀន សូមកុំ​បាក់​ទឹកចិត្ត​»​។​

​ចំណែក​លោកគ្រូ នាង បូ បានផ្ដល់​យោបល់​ដល់​សិស្ស​ដែល​ប្រឡង​ជាប់ ឱ្យ​ចាប់​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ភ្ជាប់​ជាមួយ​ភាព​ឆ្លាត​វ័យ ក្នុងការ​ប្រមើលមើល​ទីផ្សារការងារ​ទៅ​អនាគត នៅ​៤​ឬ​៥​ឆ្នាំ​ខាងមុខ ពេលដែល​ពួកគេ​រៀន​ចប់​។ ទោះជា​យ៉ាងណា គ្រូ​គណិតវិទ្យា​រូបនេះ ក៏បាន​ណែនាំ​សិស្ស​ដែល​ប្រឡង​ធ្លាក់ ឱ្យ​រៀន​ថ្នាក់​ទី​១២​ឡើងវិញ ជាជាង​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្ររង ហើយ​ត្រូវ​ត្រឡប់មក​ប្រឡង​ថ្នាក់​ទី ១២​ម្ដងទៀត​។



​លោក​បញ្ជាក់​៖«​ចរន្ត​ទីផ្សារ​បច្ចុប្បន្ន​មិន​ទៀងទាត់ ហើយ​៤​ទៅ​៥​ឆ្នាំ​ខាងមុខ មិនដឹងថា​ចរន្ត​នោះ​ទៅណា​ទៀត​ទេ​។ ដូច្នេះ​សិស្ស​ទាំងឡាយ ត្រូវ​រើស​តាម​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត ព្រោះ​វា​មាន​ប្រសិទ្ធភាព​ជាង​។ ពួកគាត់ ក៏ត្រូវ​ចេះ​សង្កេតមើល​ទីផ្សារ​ទៅ ៥​ឆ្នាំ​ខាងមុខ​ដែរ ថា​ជំនាញ ដែល​គាត់​ស្រឡាញ់ អាច​ត្រូវ​ចរន្ត​ទីផ្សារការងារ ឬក៏​អត់​។ សិស្ស​ដែល​ប្រឡង​ធ្លាក់ តាម​យោបល់​របស់ខ្ញុំ គាត់​គួរតែ​រៀន​ថ្នាក់​ទី​១២​ឡើងវិញ ព្រោះ​បើ​គាត់​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្ររង ក៏​គាត់​នៅតែ​មក​ប្រឡង​យក​សញ្ញាបត្រ​ថ្នាក់​ទី​១២​ដដែល​ហ្នឹង​។ ដូច្នេះ បើ​គាត់​ខំប្រឹង​រៀន​ថ្នាក់​ទី​១២​តែម្ដង​ទៀត នោះ​សង្ឃឹម​ជាប់​ច្រើន​»​។

​លោក​បន្ថែម​៖«​គួរឱ្យ​ស្ដាយ​ណាស់ ដែល​រៀន​មកដល់​នេះហើយ ត្រូវ​បោះបង់ចោល​ការសិក្សា​។ ម្ដាយ​ឪពុក​គួរតែ​អប់រំ​កូន​ថា បើ​កូន​ឈប់រៀន​ព្រោះតែ​ខ្ជិល ឬក៏​ព្រោះតែ​ក្រ​។ នោះ​កូន​នឹង​ក្រ​ព្រោះតែ​ការឈប់​រៀន​»​។



​សូមបញ្ជាក់ថា លទ្ធផល​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩ សីហា ឆ្នាំ​២០១៩ មាន​ចំនួន ៧៩,០៥២ នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ សិស្ស​ជាប់​និទ្ទេស​A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន​២,៤៣០​នាក់​។ និទ្ទេស C មាន​ចំនួន ៥,៨៤៧​នាក់  ហើយ​និទ្ទេស D មាន​ចំនួន ១៤,១០០​នាក់ និង​និទ្ទេស​E​មាន​ចំនួន ៥៦,២៣២ នាក់​។ បើ​ធៀប​ទៅ​ឆ្នាំ​២០១៨ អ្នក​ជាប់​បាក់​ឌុប​មាន​ចំនួន ៧៦,០៣៤​នាក់ ត្រូវជា ៦៧.០៧ ភាគរយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com