ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនខ្មែរលោក ឃួន ចំរើន ឈរឈ្មោះជាតំណាងរាស្រ្តឲ្យបក្សធំលំដាប់ទីបីនៅកាណាដា
14, Sep 2019 , 12:25 pm        
រូបភាព
លោក ឃួន ចំរើន និង ភរិយា
លោក ឃួន ចំរើន និង ភរិយា
ភ្នំពេញ៖ នៅថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ខាងមុខនេះ ប្រទេសកាណាដានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួន។ លោក ឃួន ចំរើន សញ្ជាតិ កាណាដា ដើមកំណើតខ្មែរ បានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនតំណាង រាស្រ្ត ប្រចាំខេត្ត កេបិច (Québec) នៃប្រទេសកាណាដា សម្រាប់គណបក្សធំលំដាប់លេខរៀងទី៣នៅក្នុងប្រទេសកាណាដាដែលមានឈ្មោះថា៖«គណបក្សប្រជាធិបតេយ្យថ្មីនៃកាដាណា» (Le Nouveau Parti Démocratique du Canada)។ ហេតុផលនៃការហក់ចូលក្នុងឆាកនយោបាយនៅពេលនេះ គឺដោយសារលោក ចំរើន មានបំណងចង់កសាងពិភពលោកមួយដែលប្រសើរជាងមុន មានសមភាពជាងមុនសម្រាប់មនុស្សទាំងអស់គ្នា និងចូលរួមថែទាំ អភិរក្សភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ។



តាមពិត លោក ឃួន ចំរើន គឺជាទន្តវេជ្ជសាស្រ្ត (Dentist) ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកទន្ទសាស្រ្តនៅក្នុងប្រទេសកាណាដាកាលពីឆ្នាំ២០០០ ហើយលោកក៏គ្មានបទពិសោធន៍ផ្នែកនយោបាយដែរ។ តែលោកបានសម្រេចចិត្តហក់ចោលក្នុងវិស័យនយោបាយនៅពេលនេះ សម្រាប់ការបោះឆ្នោតនៅខែតុលាឆ្នាំ២០១៩ខាងមុខនេះ។

តាមរយៈបទសម្ភាសតាមសារអេឡិចត្រូនិកជាភាសាបារាំងជាមួយអ្នកសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com លោក ឃួន ចំរើន បាននិយាយថា៖«ខ្ញុំសម្រេចចិត្តឈរឈ្មោះជាតំណាងរាស្រ្តប្រចាំខេត្ត កេបិច សម្រាប់គណបក្សប្រជាធិបតេយ្យថ្មីនៃកាដាណា (Le Nouveau Parti Démocratique du Canada) ពីព្រោះ ខ្ញុំចង់ចូលរួមបង្កើតពិភពលោកមួយដែលប្រសើរជាងមុន សមភាពជាងមុនសម្រាប់មនុស្សគ្រប់រូប និងអភិរក្សភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ»។



សម្រាប់ការបោះឆ្នោតនៅខែតុលាឆ្នាំ២០១៩ខាងមុខនេះ គណបក្សចំនួន១៥បានចុះបញ្ជីដើម្បីចូលរួមការប្រកួតប្រជែងដណ្តើមកៅអីតំណាងរាស្រ្តចំនួន៣៣៨អាសនៈ។ កើតនៅឆ្នាំ១៩៧៥, លោក ឃួន ចំរើន ដែលបានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅក្នុងប្រទេសកាណាដាកាលពីឆ្នាំ ១៩៨២ ទទួលបានសញ្ជាតិកាណាដានៅឆ្នាំ១៩៨៥ ហើយនៅឆ្នាំ២០០០ លោកទទួលបានសញ្ញាបត្របណ្ឌិតផ្នែកទន្ទសាស្រ្តពីសកលវិទ្យាល័យ Laval នៅក្នុងប្រទេសកាណាដា។

នៅឆ្នាំ២០១៩នេះ អាជីពនយោបាយហាក់ចេះតែទាក់ទាញអារម្មណ៍របស់លោក បើទោះបីជាលោកមិនសូវចង់ឈរឈ្មោះក៏ដោយ។ លោក ចំរើន សារភាពប្រាប់ថា លោកគ្មានបទពិសោធនផ្នែកនយោបាយ ហើយលោកក៏មិនមែនជាអ្នកមានថ្វីមាត់ល្អដែរ តែលោក ជឿជាក់លើ«ទឹកចិត្តបរិសុទ្ធ»របស់គាត់ដើម្បីរួមចំណែកធ្វើឲ្យសង្គមមួយល្អជាងមុនសម្រាប់ក្មេងៗជំនាន់ក្រោយ។

គណបក្សប្រជាធិបតេយ្យថ្មីនៃកាដាណាដែលលោក ឃួន ចំរើន ឈរឈ្មោះធ្វើជាតំណាងរាស្រ្ត គឺដឹកនាំដោយប្រធានបក្សលោក Jagmeet Singh ជនជាតិកាណាដាដើមកំណើត ឥណ្ឌា។ លោក Jagmeet Singh កើតនៅក្នុងប្រទេសកាណាដា។ គណបក្សប្រជាធិបតេយ្យថ្មីនៃកាដាណា គឺជាគណបក្សធំលំដាប់លេខរៀងទី៣បន្ទាប់ពីគណបក្សកាន់អំណាចសេរីនិយមរបស់លោក ចាស្ទីន ទ្រូដូ (Justing Trudeau) និងគណបក្ស ប្រឆាំងអភិរក្សនិយម (បក្សប្រឆាំង)៕

Tag:
 តំណាងរាស្រ្តកាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com