ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ ទោស​នយោបាយ គឺជា​កិត្តិយស ,​ទោស​កាន់តែច្រើន គឺ​កាន់តែ​ល្អ​សម្រាប់​អន្តរជាតិ​
14, Sep 2019 , 2:27 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
​ភ្នំពេញ​៖ លោក សម រង្ស៊ី នៅតែ​ខ្វល់​ពី​រឿង​ទោសទណ្ឌ ខណៈដែល​លោក​កំពុង​ហ៊ុម​ព័ន្ធ​ទៅដោយ​រឿងក្តី​។ សម្រាប់​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ការ​ជាប់ទោស​នយោបាយ គឺជា​កិត្តិយស​អ្នកតស៊ូ​ប៉ុណ្ណោះ​។​



​ទោះ​មាន​ដីកាចាប់ខ្លួន​ពី​រដ្ឋាភិបាល​បញ្ចូនទៅ​បណ្ដា​ប្រទេស​អាស៊ាន​ក្តី ក៏​លោក សម រង្ស៊ី នៅតែ​ប្រកាសថា ខ្លួន​នឹង​ចូល​ស្រុក​នៅ​ថ្ងៃទី​៩ វិច្ឆិកា តាម​កំណត់​ដែរ​។ លោក សម រង្ស៊ី អះអាងថា លោក​នឹង​ប្រើ​លិខិតឆ្លងដែន​បារាំង ដើម្បី​ធ្វើដំណើរ​មក​កម្ពុជា ដូច្នេះ​គ្មាន​រដ្ឋាភិបាល​ប្រទេស​ណា​អាច​ខ្លួន​លោក ក្រៅពី​រដ្ឋាភិបាល​បារាំង​ឡើយ​។​

​និយាយ​បែបនេះហើយ លោក សម រង្ស៊ី ក៏​បកស្រាយ​ពី​ទោសទណ្ឌ​វិញ​ម្ដង ដោយ​លោក​អះអាងថា ទោស​របស់លោក កើតចេញពី​ការ​ប្រឌិត​របស់​មេដឹកនាំ​កម្ពុជា​ប៉ុណ្ណោះ​។ តែ​យ៉ាងណា​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ចាត់ទុក​ទោស​ទាំងនោះ​ថា ជា​កិត្តិយស​របស់ខ្លួន​ទៅវិញ​។​

​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១២ កញ្ញា លោក សម រង្ស៊ី បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​ខ្ញុំ​ប្រើ​លិខិតឆ្លងដែន​បារាំង គឺ​មានតែ​រដ្ឋាភិបាល​បារាំង​ទេ ដែលមាន​សមត្ថកិច្ច​មើល​ការខុសត្រូវ​ចំពោះ​សមត្ថភាព​របស់ខ្ញុំ ។ ហើយ​គេ​យល់ច្បាស់​ថា ខ្ញុំ​គ្មាន​ទោស​អ្វី​នោះទេ គឺ ហ៊ុន សែន ទេ ដែល​បាន​ប្រឌិត​ទោស ហើយ​ទោស​នយោបាយ គឺជា​កិត្តិយស​អ្នក​ដែល​តស៊ូ ដើម្បី​ប្រជាធិបតេយ្យ ការពារ​សិទ្ធិសេរីភាព​ប្រជារាស្ត្រ​ខ្មែរ គឺជា​កិត្តិយស​ទេ​។ អ្នកណា​ដែល​មានទោស​កាន់តែច្រើន គឺ​កាន់តែ​ល្អ​សម្រាប់​សហគមន៍​អន្តរជាតិ​»​។​

​គិត​មកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង ដែល​កំពុង​និរទេស​ក្រៅប្រទេស បាន​រង​បណ្តឹង​ពីស​ម្ដេច ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល មិនតិចជាង​១០​នោះទេ ដោយ​ក្នុងនោះ បណ្តឹង​៨ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ខណៈ​បណ្តឹង​២​ទៀត កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។ បណ្ដឹង​ទាំង​៨ ដែល​តុលាការ​កាត់ទោស​រួចហើយ​នោះ តម្រូវ​ឲ្យ​លោក សម រង្ស៊ី ជាប់គុក​ប្រមាណ​១៣​ឆ្នាំ និង​បង់ប្រាក់​ជាង​១​លាន​ដុល្លារ​។​

អត្ថបទទាក់ទង


​ទាក់ទង​នឹង​រឿងក្តី​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​១២ កញ្ញា​ថា រដ្ឋាភិបាល​ឡាវ និង រដ្ឋាភិបាល​ថៃ បានទទួល​រួចហើយ​នូវ​ដីកា​ចាប់​លោក សម រង្ស៊ី ហើយ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្តថា កម្ពុជា នឹង​បញ្ជូន​ដីកា​នេះ ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់​អាស៊ាន​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​លោក សម រង្ស៊ី ចូល​ស្រុក​នៅពេលណា​នោះ សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់​ភ្លាមៗ​តាម​គ្រប់​រូបភាព​៕


Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com