ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! គន្លឹះងាយៗទប់ទល់ការឈឺចាប់ពេលមករដូវ
× ជាញឹកញយអាការៈមុនពេលមករដូវតែងបង្កផលប៉ះពាល់ដល់ស្ត្រីសឹងតែរៀងរាល់ខែពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ។ ក្នុងចំណោមអាការៈទាំងនោះរួមមានវិលមុខ ឆាប់ឆេវឆាវ ឈឺក្បាលឃ្លានខ្លាំង ចុករមួលក្នុងពោះ និងអស់កម្លាំងជាដើម។ អាការៈមុនពេលមករដូវអាចកើតឡើងមុនពេលចាប់ផ្ដើមមករដូវ ហើយក៏បាត់ទៅវិញដោយឯងឯកនៅពេលក្រោយ។ ទោះជាយ៉ាងណាអ្នកអាចសម្រាលអាការៈឈឺចាប់បានឆាប់រហ័សជាងធម្មតាជាមួយរូបមន្តបែបធម្មជាតិចំនួន។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់មុនពេលនិងកំឡុងពេលមករដូវ ៖
១. ទទួលទានបន្លែអោយច្រើនជាងមុន
ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយអាការៈមុនពេលមករដូវនោះអ្នកគួរចាប់ផ្ដើមទទួលទានបន្លែឱ្យច្រើនជាងមុន ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ កាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលជួយសម្រាលអាការៈចុករមួលក្នុងពោះ។
២. ងូតទឹកក្ដៅឧណ្ហៗ
កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! លើសពីនេះទៅទៀតការងូតទឹកក្ដៅក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលទាំងកាយនិងចិត្តផងដែរ។
៣. ទទួលទានតែខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ញីជាចំណិតតូចៗ រួចដាក់ចូលឆុងក្នុងទឹកក្តៅមួយពែងសម្រាប់រយៈពេលពីរបីនាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នកអាចទទួលទានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។
៤. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីបំបាត់អាការៈហើមពោះនិងឈឺចាប់ពេលមករដូវ។ ហើយទឹកក្ដៅឧណ្ហៗជាជម្រើសប្រសើរបំផុតក្នុងស្ថានភាពនេះដោយវានឹងជួយសម្រួលសាច់ដុំបំបាត់ការឈឺចាប់។
៥. ធ្វើលំហាត់ប្រាណ
នារីមួយចំនួនគិតថាការធ្វើលំហាត់ប្រាណកំឡុងពេលមករដូវអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការធ្វើលំហាត់ប្រាណស្រាលៗដូចជាការរត់ ការដើរ ជិះកង់ ហាត់យូហ្កា ឬសន្ធឹងខ្លួនប្រាណដៃជើង គឺចាំបាច់ណាស់ដើម្បីបង្កើនកម្រិតនៃអ័រម៉ូន endorphins ក្នុងរាងកាយដែលជួយបំបាត់ការឈឺចាប់និងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com