អន្តរជាតិ
Xinhua៖ ចិន​នឹង​លុប​ពន្ធគយ​លើ​សណ្តែកសៀង​របស់​អាមេរិក​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​
14, Sep 2019 , 2:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ប្រទេស​ចិន​បាន​និយាយថា ខ្លួន​នឹង​លុប​ពន្ធគយ​លើ​សណ្តែកសៀង​, សាច់ជ្រូក និង​ផលិត​កសិកម្ម​ស​.​រ​.​អា​.​ឯទៀត​ដែល​ដឹកជញ្ជូន​ចូលទៅ​លក់​ក្នុងប្រទេស​ចិន​ដែលជា​សញ្ញា​មួយទៀត​នៃ​ការ​បន្ធូរ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។ ការប្រកាស​នេះ​ធ្វើឡើង​នៅមុន​កិច្ចចរចា​ពាណិជ្ជកម្ម​ដែលមាន​កំណត់​នឹងធ្វើ​នៅ​ខែ​ក្រោយនេះ​។​



​សេចក្តីប្រកាស​នេះ​ដែល​បាន​ត្រូវ​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ប្រទេស​ចិន​ជា​កាយវិការ​ថ្មីៗ​បំផុត​ក្នុង​បណ្តា​ដែល​ប្រទេស​ទាំងពីរ​នេះ​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​ពិភពលោក​បានធ្វើ​ដើម្បី​កាត់បន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមានឡើង​រវាង​ប្រទេស​ទាំងពីរ​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Gao Feng អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា ប្រទេស​ចិន​ពិចារណា​អំពី​ការទិញ​ផលិតផល​កសិកម្ម​ស​.​រ​.​អា​.​ដូចជា​សាច់ជ្រូក​និង​សណ្តែកសៀង​ជាដើម​។​

​លោក Gao ក៏បាន​និយាយ​ដែរ​ថា ភាគី​ទាំងពីរ​នឹង​បន្ត​បង្កើត​ស្ថានភាព​ល្អប្រសើរ​សម្រាប់​កិច្ចចរចា​ពាណិជ្ជកម្ម​ក្នុងពេល​ខាងមុខ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​

​កាលពី​ពេលមុន​ប្រទេស​ចិន​បានដាក់​កំហិត​ពន្ធដារ​២៥​ភាគរយ​លើ​កសិផល​ស​.​រ​.​អា​. ហើយ​បាន​បញ្ជា​ដល់​ពួក​អ្នក​ដឹកជញ្ជូន​ទំនិញ​មក​លក់​ក្នុងប្រទេស​ឱ្យ​ឈប់​ទិញ​សណ្តែកសៀង​ដែលជា​ផលិតផល​ច្រើន​បំផុត​ដែល​ស​.​រ​.​អា​.​ដឹក​ទៅ​លក់​ក្នុងប្រទេស​ចិន​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនបាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទេ​ថា​តើ​នឹងមាន​ការទិញ​សណ្តែកសៀង​ជាថ្មី​ឡើងវិញ​ឬ​បែបណា​ឡើយ​។​

​ការ​ហូតពន្ធ​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​បាន​ត្រូវដាក់​កំហិត​ជាការ​ឆ្លើយតប​នឹង​ការបង្កើន​ពន្ធដារ​ដោយ​លោក​ប្រធានាធិបតី​ស​.​រ​.​អា​. ដូ​ណា​ល់ ត្រាំ លើ​ផលិតផល​ចិន​។​

​កាលពី​ថ្ងៃ​ពុធ លោក ត្រាំ បានប្រកាសថា លោក​បាន​ពន្យារពេល​ការដក​ពន្ធដារ​លើ​ទំនិញ​ចិន​មាន​ទឹកប្រាក់​២៥០​ពាន់​លាន​ដុល្លារ​ពីថ្ងៃ​ទី​១​ទៅ​ថ្ងៃទី​១៥​ខែតុលា​វិញ​។​

​លោក​បាន​និយាយ​តាម Twitter ថា លោក​ឧបនាយករដ្ឋមន្ត្រី​ចិន Liu He បាន​សុំ​ឲ្យ​មានការ​ពន្យារ​ពេលនេះ​ដោយសារ​មានការ​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៧០​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​១ ខែតុលា​៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com