អន្តរជាតិ
ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើន​សន្ធឹកសន្ធាប់​បន្ត​ធ្វើ​ចំណាកស្រុក​គ្រា​ដែល​សេដ្ឋកិច្ច​និង​បញ្ហា​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់
14, Sep 2019 , 8:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​លោកស្រី Michelle Bachelet ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​និង​ក្រុមប្រឆាំង​ដោះស្រាយ​ភាពខុសគ្នា​របស់​ពួកគេ​ដែល​បង្ក​ឲ្យ​មាន​ស្ថានការណ៍​សេដ្ឋកិច្ចសង្គម​កាន់តែ​អាក្រក់ និង​ការបំពាន​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ​។ លោកស្រី Michelle Bachelet បានបង្ហាញ​អំពី​ស្ថានការណ៍​ថ្មី ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅឯ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។



​អង្គការសហប្រជាជាតិ​រាយការណ៍​ថា ជនភៀសខ្លួន និង​ជន​ចំណាកស្រុក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាង​៤​លាន ៣​សែន​នាក់ បាន​ភៀសខ្លួន​ពី​ប្រទេស​របស់​ពួកគេ​។ ពួកគេ​ភាគច្រើន​បាន​ទៅ​ប្រទេស​ក្បែរ​ខាង​។ លោកស្រី Michelle Bachelet ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ក្នុង​ចំនួន​ច្រើនសន្ធឹក​សន្ធាប់​ដូចនេះ នឹង​បន្ត​មាន​ទៀត បើសិនណា​ស្ថានការណ៍​សេដ្ឋកិច្ចសង្គម និង​ការបំពាន​សិទ្ធិមនុស្ស មិន​ស្រកស្រុត​ទេនោះ​។ នេះ ជា​ពាក្យសម្តី​របស់លោក​ស្រី Michelle Bachelet តាមរយៈ​អ្នកបកប្រែ​។​

​លោកស្រី Michelle Bachelet ថ្លែងថា​៖

«​ការិយាល័យ​របស់ខ្ញុំ បាន​កត់ត្រា​ករណី​ធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្ត​ដ៏​អាក្រក់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដល់​អ្នក​ដែល​ត្រូវបាន​ឃុំឃាំង ពី​សំណាក់​មនុស្ស​មានអំណាច ជាពិសេស​ពី​សំណាក់​សមាជិក​យោធា​។ ស្ថានការណ៍​នៃ​ការឃុំខ្លួន មិន​ដល់​កំរិត​អប្បបរមា​នៃ​បទដ្ឋាន​អន្តរជាតិ​ទេ និង​ជន​ទាំងឡាយ​ដែល​ត្រូវបាន​ឃុំខ្លួន មិនអាច​ទទួល​ការថែទាំ​សុខភាព​ឲ្យ​បាន​សមរម្យ​ទេ​។ ខ្ញុំ សូម​អំពាវនាវ​ដល់​អាជ្ញាធរ ឲ្យ​ចាត់វិធានការ ដើម្បី​កែប្រែ​ការអនុវត្ត​ទាំងនេះ អនុញ្ញាត​ឲ្យ​មានការ​ថែទាំ​សុខភាព និង​ស៊ើបអង្កេត​ការបំពាន​ផ្នែក​សិទ្ធិមនុស្ស​»​។​

​លោកស្រី Bachelet បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាលពី​ខែមិថុនា ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្កើត​ការិយាល័យ​របស់លោក​ស្រី​ឡើងវិញ​នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស​។ លោកស្រី Bachelet ថ្លែងថា ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​របស់លោក Nicolas Maduro បាន​ដោះលែង​មនុស្ស​៨៣ នាក់ ដែល​ត្រូវបាន​ឃុំខ្លួន ហើយ​អ្នកទោស​ក្នុង​ពន្ធនាគារ​បានទទួល​ការថែទាំ​សុខភាព​ច្រើនជាង​មុន​។​

​ក៏ប៉ុន្តែ លោកស្រី​ក៏បាន​ថ្លែង​ផងដែរ​ថា ភាពប្រសើរឡើង​នេះ គឺ​តិចតួច​ណាស់​បើ​ប្រៀប​ទៅនឹង​ទុក្ខលំបាក​វេទនា​របស់​ម​នុស្ស​រាប់លាន​នាក់​ដែល​គ្មាន​ជម្រក ដែល​បណ្តាលមកពី​អតិផរណា​ដ៏​ខ្លាំងក្លា ការខ្វះ​ម្ហូបអាហារ ថ្នាំពេទ្យ និង​ទំនិញ​និង​សេវាកម្ម​សំខាន់ៗ​ដទៃទៀត​។ នេះ ជា​ពាក្យសម្តី​របស់លោក​ស្រី Michelle Bachelet តាមរយៈ​អ្នកបកប្រែ​។​

​លោកស្រី Michelle Bachelet ថ្លែងថា​៖

«​នៅក្នុង​បរិបទ​នេះ កាលពី​ថ្ងៃទី​៨​ខែសីហា ខ្ញុំ​បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្ញុំ ទាក់ទង​នឹង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដែល​អាច​កើតមានឡើង ទៅលើ​ផ្នែក​សិទ្ធិមនុស្ស ដោយសារតែ​ការដាក់ទណ្ឌកម្ម​ថ្មី​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ថ្វីបើ​មាន​ករណី​លើកលែង​ខ្លះ​នៅក្នុង​ការដាក់ទណ្ឌកម្ម​ថ្មីៗ​នេះ សម្រាប់​ចំណាយ​ទៅលើ​ផ្នែក​ជំនួយ​មនុស្សធម៌ ការអនុលោម​ទៅតាម​វិស័យ​ហិរញ្ញវត្ថុ​ហួសហេតុ ការថយចុះ​ប្រាក់ចំណូល​សម្រាប់​សាធារណៈ និង​ការធ្លាក់ចុះ​ប្រាក់ចំណូល​ពី​ការលក់​ប្រេង មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាស្រេច​ទៅហើយ​ទៅលើ​កម្មវិធី​សង្គម និង​ប្រជាពលរដ្ឋ​ទូទៅ​»​។​

​លោកស្រី Bachelet ព្រមាន​ថា ជនភៀសខ្លួន និង​ជន​ចំណាកស្រុក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ធ្វើ​ឲ្យ​មាន​អស្ថេរភាព​នៅក្នុង​តំបន់​។ លោកស្រី​បង្ហាញ​ការព្រួយបារម្ភ​អំពី​សេចក្តីរាយការណ៍​អំពី ការកើតមាន​នូវ​ការ​ស្អប់ខ្ពើម​ជនបរទេស នៅក្នុង​ប្រទេស​ដែល​ទទួល​ជន​ចំណាកស្រុក និង​ជនភៀសខ្លួន និង​គ្រោះថ្នាក់​ដែល​កាន់តែ​កើនឡើង​ចំពោះ​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយទៅជា​ជនរងគ្រោះ ជាច្រើន​ទម្រង់​ដូចជា អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការជួញដូរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com