សង្គមអន្តរជាតិ​
អន្តរជាតិ
​រំជួលចិត្ត​! ឆ្កែ​មួយ​ក្បាល​ព្យាយាម​សង្គ្រោះ​កូន​ៗខ្លួន​ពី​គំនរ​បាក់បែក​
14, Sep 2019 , 4:06 pm        
រូបភាព
ដោយ: ធីតា
វីដេអូ​ដ៏​រំជួលចិត្ត​មួយ​ដែលមាន​រយៈពេល​ប្រមាណ​៤​នាទី បានបង្ហាញ​ឲ្យ​ឃើញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​សត្វ​សុនខ​ចំពោះ​កូនៗ​របស់ខ្លួន​។ រឿងរ៉ាវ​នេះ កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ឆ្កែ​ញី​មួយ​ក្បាល បាន​ស្រែកហៅ​ជំនួញ​ដើម្បី​សង្គ្រោះ​កូនៗ​របស់ខ្លួន​ពី​គំនរ​បាក់បែក​។​



​បង្ហោះ​កាលពី​ថ្ងៃទី​២៨ ខែសីហា វីដេអូ​នៅក្នុង​គណនី Youtube របស់​ក្រុម​សង្គ្រោះ​សត្វ Animal Aid Unlimited (AAU) នៅ​ឥណ្ឌា មាន​ការចូល​ទស្សនា​ជាង​៧​លាន​ដង [​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា​]​។ ភ្នាក់ងារ​សង្គ្រោះ​របស់ AAU បានឮ​សម្រែក​របស់​សុនខ​ញី​។ ពួកគេ​បាន​ទៅដល់​ទីតាំង​របស់​សុន​ខ​នោះ ដែល​កំពុង​អន្ទះអន្ទែង​យ៉ាងខ្លាំង​។​

​ពេល​ភ្នាក់ងារ​សង្គ្រោះ​ព្យាយាម​កាយ​ថ្ម​ចេញពី​គំនរ​ផ្ទះ​ដែល​រលំ ឆ្កែ​ញី​នោះ នៅ​មិន​ស្ងៀម​ឡើយ ដោយ​វា​ប្រឹង​សំដៅ​ទៅមុខ​រន្ធ​នៃ​កំណាយ​ក្នុងន័យ​ឲ្យ​អ្នក​សង្គ្រោះ​បង្កើនល្បឿន​របស់ខ្លួន​។ អ្នក​សង្គ្រោះ​កាយ​ឃើញ​កូន​ទីមួយ​ដែល​នៅរស់​នៅឡើយ ហើយ​សុនខ​នោះ រង់​ចាំមើល​ដំណឹង​នៃ​កូន​ទី​ពីរ​ទៀត​។​



ទីបំផុត​កូនៗ​ពីរ​ក្បាល​នៅ​រស់រៀនមានជីវិត​នៅឡើយ ហើយ​អ្នក​សង្គ្រោះបាន​នាំ​សុនខ​ញី ទៅ​កន្លែង​ដែល​ឆ្ងាយ​ពី​គំនរ​បាក់បែក​ដើម្បី​បំបៅកូន​។

​ក្រោយ​ការ​បង្ហោះ​វីដេអូ​នោះ មនុស្ស​ជាច្រើន​បាន​បញ្ចេញ​មតិយោបល់ ជាមួយ​សារ​ដ៏​រំភើប​រីករាយ​ចំពោះ​សកម្មភាព​របស់​សុនខ ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង​ចំពោះ​កូនៗ​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com