ជាតិ
សាលារៀន​មួយ​នៅ​ឧ​ត្ត​រ​មានជ័យ ទីចាត់ការ​និង​បន្ទប់រៀន​នៅ​ជាមួយគ្នា​ព្រោះ​ខ្វះ​បន្ទប់
14, Sep 2019 , 4:59 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ សាលាបឋមសិក្សា​ក្រសាំង ដែល​ស្ថិត​ក្នុងភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មានការ​ខ្វះខាត​បន្ទប់​សិក្សា​។ ទីចាត់ការ បណ្ណាល័យ និង​បន្ទប់​សម្រាប់​សិស្ស​រៀន គឺ​នៅ​ជាមួយគ្នា​។ ពេល​សាលា​មានការ​ប្រជុំ គឺ​តម្រូវឱ្យ​សិស្ស​ចេញ​ក្រៅ​បន្ទប់​សិន​ទើប​អាច​ប្រជុំបាន​។ គ្រូ​នាយ​កនៅ​សាលា​ខាងលើ មានការ​ព្រួយបារម្ភ​អំពី​រឿងនេះ និង​ព្យាយាម​សុំ​ជំនួយ​ដើម្បី​សាងសង់​បន្ទប់​ឱ្យ​គ្រប់​ចំនួន​។​



​បច្ចុប្បន្ន​សាលាបឋមសិក្សា​ក្រសាំង ដែល​ស្ថិតក្នុង​សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​បន្ទប់​ធ្វើ​ពី​ថ្ម​តែ​៣​ប៉ុណ្ណោះ​សម្រាប់​ឱ្យ​សិស្ស​រៀន​។ ចំណែក​៣​បន្ទប់​ផ្សេងទៀត​ធ្វើ​ពី​ឈើ កំពុងមាន​សភាព​បាក់​បែក​។ សាលាបឋមសិក្សា​ក្រសាំង បង្រៀន​ពី​ថ្នាក់​ទី​១​ដល់ទី​៦​មាន​សិស្ស​ចំនួន​១៣៦​នាក់ និង​គ្រូ​៦​នាក់​ស្រី​៣​ប្រុស​៣​។​

​នាយក​សាលា​ក្រសាំង​លោក ស៊ិន ស៊ីថា  ថា​ព្រោះតែ​សាលា​ខ្វះខាត​បន្ទប់​ឱ្យ​សិស្ស​រៀន ទើបបានជា​លោក​ត្រូវយក​បន្ទប់​មួយ​ធ្វើ​បណ្ណាល័យ​ផង ទីចាត់ការ​ផង និង​សម្រាប់​សិស្ស​រៀន​ផង​។ នាយក​សាលា​រូបនេះ បញ្ជាក់ថា​តាំងពី​បង្កើត​ដំបូង សាលា​មាន​បន្ទប់​ថ្ម​តែ​៣​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​គណៈ​គ្រប់គ្រង​សាលា​បាន​សាងសង់​បន្ទប់​ធ្វើ​ពី​ឈើ​ចំនួន​៣​ទៀត ដើម្បី​ដោះ​ស្រាវ​បញ្ហា​ចំ​នោះ​មុខ​។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​បន្ទប់​ឈើ​ទាំង​នោះបាន​បាក់បែក ទើប​ធ្វើឱ្យ​សាលា​ជួប​បញ្ហា​ជាថ្មី​។ ជា​រៀងរាល់ឆ្នាំ​គណៈ​គ្រប់គ្រង​សាលា​បានដាក់​លិខិតស្នើ​ទៅ​រដ្ឋាភិបាល​សុំ​អគារ​ថ្ម​៥​បន្ទប់ និង​បានបញ្ជាក់​ពី​បញ្ហា​ខាងលើ​ដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់មាន​ការឆ្លើយតប​ណាស់​មួយ​នៅឡើយ​។​



​លោក​បញ្ជាក់​ដូច្នេះ​៖«​សាលា​បានដាក់​លិខិតស្នើ​ទៅ​ថ្នាក់លើ​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​ឡើយ​។ បាន​ក៏​មិន​ឆ្លើយ​មិនបាន​ក៏​មិន​ឆ្លើយ​។ ប្រហែលជា​ថ្នាក់លើ​គាត់​រវល់​ខ្លាំងពេក​។ សាលា​ឈើ​បាក់បែក​នោះ ពិបាក​ឱ្យ​សិស្ស​រៀន​ណាស់ ព្រោះ​ពេល​មាន​ខ្យល់ ដី​ហុយ​ខ្លាំង ហើយ​បើ​មាន​ភ្លៀង​រៀន​មិនកើត​តែម្ដង​»​។​

​ដោយ​មើលឃើញ​សិស្ស​ភាគច្រើន​នៅ​ជាមួយ​ជីដូន​ជីតា ហើយ​ម្ដាយ​ឪពុក​របស់​ពួកគេ​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ព្រោះតែ​ជីវភាព​ខ្វះខាត សាលាបឋមសិក្សា​ក្រសាំង​បានផ្ដល់​អាហារ​ពេលព្រឹក​ឱ្យ​សិស្ស​មួយពេល ដែល​ផ្ដល់ឱ្យ​ដោយ​អង្គការ​អាហារ​ពិភពលោក​។ តាំងពី​បង្កើត​សាលា​នៅ​ឆ្នាំ​២០០០​រហូតដល់​បច្ចុប្បន្ន ការផ្ដល់​អាហារ​ពេលព្រឹក​ឱ្យ​សិស្ស​នៅតែ​បន្ត​។ ការខ្វះខាត​បន្ទប់រៀន ធ្វើឱ្យ​សាលា​ត្រូវ​បែងចែក​ឱ្យ​សិស្ស​រៀន​ព្រឹក​និង​ល្ងាច ឆ្លាស់គ្នា​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​អាហារ​ពេលព្រឹក​គ្រប់គ្នា​។

​ប៉ុន្តែ​លោកនាយ​កថា ធ្វើបែបនេះ​មានការ​លំបាក​សម្រាប់​សិស្ស​ដែល​រៀន​វេន​ថ្ងៃ​។ លោក​ពន្យល់​៖«​សិស្ស​ដែលមាន​ផ្ទះ​ឆ្ងាយ​ជាងគេ​ចម្ងាយ​ប្រហែល​៥​គីឡូ ដូច្នេះ​បើ​គាត់​រៀន​ពេល​ថ្ងៃ ពេលខ្លះ​គាត់​មិន​បានមក​រៀន​ទេ​។ សិស្ស​ខ្លះទៅ​ធ្វើ​ចម្ការ​ឆ្ងាយ​ផ្ទះ ហើយ​ពេល​ល្ងាច​មាន​ភ្លៀង​ទៀត គាត់​រិត​តែ​ខក​រៀន​។ សិស្ស​ដែល​រៀន​វេន​ថ្ងៃ​គាត់​មិនសូវ​បានមក​រៀន​ទេ​។ ខ្ញុំ​ចង់ឱ្យ​សិស្ស​មក​រៀន​ពេលព្រឹក​ទាំងអស់ ដើម្បីឱ្យ​គាត់​បាន​ហូប​អាហារ​ពេលព្រឹក​ទាំងអស់គ្នា​។ ម្យ៉ាង​អត្រា​សិស្ស​មក​រៀន​ក៏​កើនឡើង​ដែរ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​គឺ​មិនមាន​បន្ទប់​ឱ្យ​គាត់​រៀន​»​។​



​កត្តា​ទាំងអស់​ខាងលើ​បាន​ជំរុញ​ចិត្ត​នាយក​សាលា​លោក ស៊ិន ស៊ីថា សំណូមពរ​ដល់​សប្បុរ​សជន ជួយឧបត្ថម្ភ​បន្ទប់​សិក្សា​ធ្វើ​ពី​ថ្ម​ចំនួន​៥​បន្ទប់​។ ក្នុងនោះ​១​បន្ទប់​សម្រាប់ធ្វើ​ទីចាត់ការ ហើយ​១​បន្ទប់​សម្រាប់​បណ្ណាល័យ និង​៣​បន្ទប់​ទៀត​សម្រាប់​សិស្ស​រៀន​។

​សូមបញ្ជាក់ថា សាលាបឋមសិក្សា​ក្រសាំង​ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​២០០០ ដោយ​អង្គការ​សូ​អា​មាន​៣​បន្ទប់ និង​ជា​សាលា​រដ្ឋ​៕



Tag:
 ឧ​ត្ត​រ​មានជ័យ​
  សាលា​
  សិស្ស​
  អប់រំ​
  ម៉ុ​ន ហៃ​
  ស៊ិន ស៊ីថា
© រក្សាសិទ្ធិដោយ thmeythmey.com