ជាតិ
កម្ពុ​ជាមាន​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ចំនួន ១២​រូប​
15, Sep 2019 , 8:59 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានចេញ​សេចក្ដីសម្រេច​មួយ ស្ដីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​ចុះ​ថ្ងៃទី​១០​ខែកញ្ញា​។ សេចក្ដីសម្រេច​នេះ​ធ្វើឡើង ក្រោយ​ពេលដែល​លោក ញឹម វណ្ណដា ត្រូវបាន​ដកចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ជំនួស​វិញ​ដោយ​លោក គន់ គីម ។​



​ក្រៅពី​កំណត់​បែងចែក​ភារកិច្ច​របស់​នាយករ​ដ្ឋ​មន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី សេចក្ដីសម្រេច​នេះ​ក៏មាន​រាយ​នាម​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ទាំង​១២​រូប ដោយ​ភ្ជាប់​ជាមួយនឹង​តួនាទី​ភារកិច្ច​។​

​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ពិសេស​ទាំង​១២​រូប រួមមាន​៖ ១. លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​ប​ញ្ចូ​ន​កម្លាំង​កម្ពុជា​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ២. លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អតីតយុទ្ធជន និង​ជនពិការ​, ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ៣. លោក មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ការងារ​វិស្វកម្ម​កង​យោធពលខេមរភូមិន្ទ ៤. លោក ឱម យ៊ិ​ន​ទៀង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

៥. លោក អៀង ម៉ូ​លី ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ៦. លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ៧. លោក យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ៨. លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ៩. លោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ១០. លោក ឃុន ហាំង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​អនុប្រធាន​ប្រចាំការ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ១១. លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​និង​ជា​អនុប្រធាន​ទី​១​នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​១២. លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​ចលនា​មូស្លីម​។​

​ប្រការ​៨​នៃ​សេចក្ដីសម្រេច​នេះ ចែងថា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ទទួល​អនុវត្ត​នូវ​ការងារ​ផ្សេងទៀត​ដែល​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​។ ប្រការ​៩ បន្ថែមថា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​១​រូបៗ​មាន​ជំនួយការ​ចំនួន​៥​រូប ក្នុងនោះ​២​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក ១​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង​២​រូប​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​៕










Tag:
 ទេសរដ្ឋមន្ត្រី​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com