ជាតិ
សេដ្ឋកិច្ច
លោក សុណ្ណារិទ្ធ យក«ម្អមផ្អែម»ពីប្រេស៊ីល មកដាំនៅស្ទឹងត្រែង
× ភ្នំពេញ៖ លោក ឡៅ សុណ្ណារិទ្ធ បានយកពូជ ម្អមផ្អែម (stevia) មកពីប្រទេសប្រេស៊ីល ដាំដុះលើផ្ទៃដី 0.៧ ហិកតារបស់ខ្លួន ដែលស្ថិតនៅក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកសុណ្ណារិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ក្រៅពីអាចធ្វើជាគ្រឿងទេសជំនួសស្ករនៅក្នុងម្ហូប អាហារ ម្អមផ្អែមនេះ ក៏អាចចម្រាញ់ធ្វើជាស្ករសុខភាពសម្រាប់ទទួលប្រចាំថ្ងៃ អាចចូលរួមក្នុងការផលិតភេសជ្ជៈ និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។ សារធាតុស្ករចេញពីម្អមនេះ គឺស័ក្តសមបំផុតចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម និងអ្នកចង់បញ្ចុះទម្ងន់។ នេះជាការបន្ថែមរបស់លោក ឡៅ សុណ្ណារិទ្ធ។
កសិកររូបនេះបានបន្តប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ពូជម្អមផ្អែមនេះ លោកទទួលបានពីមិត្តភក្តិជនជាតិសិង្ហបុរី ដែលយកពូជពីប្រទេសប្រេស៊ីល កាលពី២ឆ្នាំមុន។ ពីពេលនោះ មកលោក សុវណ្ណារិទ្ធ បានដាំដុះម្អមផ្អែមនេះ នៅលើផ្ទៃដីរបស់ខ្លួនសម្រាប់ទុកធ្វើពូជដាំដុះបន្ត និងចែកជូនមិត្តភក្តិក្នុង-ក្រៅប្រទេស។ លោក សុណ្ណារិទ្ធ ឲ្យដឹងទៀតថា ម្អមផ្អែមនេះ មានដាំច្រើននៅប្រទេសថៃ សិង្ហបុរី ប្រេស៊ីល ចិន និងជប៉ុនជាដើម។
ម្អមផ្អែមនេះ អាចធ្វើជាគ្រឿងទេសជំនួសស្ករនៅក្នុងម្ហូបអាហារ និងអាចចម្រាញ់ធ្វើជាស្ករសុខភាពសម្រាប់ទទួលប្រចាំថ្ងៃផងដែរ។ ក្រៅពីនេះ វាក៏អាចចូលរួមក្នុងការផលិតភេសជ្ជៈ និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។ លោក សុណ្ណារិទ្ធ ពន្យល់បន្ថែម៖«ថ្វីដ្បិតម្អមនេះ អាចចម្រាញ់ទៅជាស្ករបានក៏ពិតមែន ប៉ុន្តែសារជាតិផ្អែមដែលចេញពីម្អមនេះ មិនផ្ទុកជាតិស្ករដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ ម្អមផ្អែមនេះ អាចហាលឱ្យស្ងួត យកធ្វើជាតែសម្រកទម្ងន់ និងជួយដល់កោសិកាស្បែកផងដែរ»។
រយៈពេល ២ឆ្នាំមកនេះ លោក ក៏បានយល់ដឹងកាន់តែច្បាស់ពីការដាំដុះម្អមផ្អែមនេះ នៅក្នុងទឹកដីកម្ពុជាផងដែរ។ បើតាមលោក សុវណ្ណារិទ្ធ ម្អមផ្អែមនេះ មានរូបរាងស្រដៀងនឹងម្អមស្រែត្រង់វាមានឬស ស្លឹក ផ្កាដូចគ្នា ប៉ុន្តែម្អមផ្អែម គ្មានក្លិនប្រហើរ ឬឈ្ងុយដូចម្អមស្រែឡើយ។ ការដាំដុះម្អមផ្អែមនេះ លើកដំបូងមានរយៈពេល៤០ថ្ងៃ ទើបអាចកាត់ឬច្រូតបាន ហើយរយៈពេល២០ថ្ងៃក្រោយ អាចច្រូត ឬកាត់ បានជាលើកទី២។ នេះបើតាម លោក ឡៅ សុណ្ណារិទ្ធ ដោយលោិបានរៀបរាប់បន្តថា៖«អាកាសធាតុក្នុងទឹកដីយើង គឺស័ក្តសមក្នុងការដាំម្អមផ្អែមនេះ ព្រោះវាងាយស្រួលដាំ មិនរើសដី និងមិនមានការរំខានពីសត្វល្អិតចង្រៃទៀតផង។ ការដាំដុះម្អម គឺទាមទារឱ្យដីស្រែសើមរហូត ប៉ុន្តែមិនជាំទឹក ដូចការដាំម្អមស្រែយើងធម្មតានោះទេ។ ម្អមផ្អែមនេះ អាចដាំបានទាំងរដូវវស្សា និងរដូវប្រាំង ក្នុងសីតុណ្ហភាព៣៨-៤០អង្សាសេ»។
លោកបានបញ្ជាក់ថា ម្អមផ្អែមនេះ មានទីផ្សារខ្លាំងនៅក្រៅប្រទេស ពិសេសនៅប្រទេសចិន ហើយកសិកររូបនេះ ក៏គ្រោងពង្រីកការដាំដុះសម្រាប់នាំចេញទៅទីផ្សារប្រទេសចិនដែរ៕
Tag:
កសិកម្ម
ម្អម
ស្ករ
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com