ជាតិ
ពីនេះ ពីនោះ
ត្រីអណ្តាតពីរ មិនអាចរស់នៅក្នុងស្រះ ត្រពាំង ឬកន្លែងដែលមានទឹកដក់បានឡើយ ត្រីអណ្តាតពីរ។ រូបភាព៖ Bounthob Praxaysombath / ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាបមានរស់នៅក្នុងទន្លេធំៗ និងមធ្យម ស្ទឹង បឹងទន្លេសាប និងទន្លេមេគង្គ។
ត្រីអណ្តាពីរ មានឈ្មោះវិទ្យាសាស្ត្រ (Barbichthys laevis) និងឈ្មោះជាភាសាអង់គ្លេស Sucker barb មានប្រវែងដងខ្លួនអតិបរមា ៣០ ស.ម ជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី។ វាចូលទៅតំបន់ទំនាបលិចទឹក និងព្រៃលិចទឹកក្នុងរដូវវស្សា ហើយត្រឡប់ចូលទៅកន្លែងដើមវិញ នារដូវទឹកសម្រកចាប់ពីខែតុលា ដល់ខែធ្នូ។ ត្រីប្រភេទនេះ វាមិនអាចរស់នៅក្នុងស្រះ ថ្លុក ត្រពាំង ឬកន្លែងដែលមានទឹកដក់ បន្ទាប់ទឹកស្រកអស់ក្នុងរដូវប្រាំងបានទេ។
លក្ខណៈសម្គាល់៖ ព្រុយខ្នងមានទ្រនុងទន់ចំនួន៨, ឆ្អឹងថ្គាមរីកធំ, នៅគែមព្រុយកន្ទុយទាំងលើទាំងក្រោម មានឆ្នូតខ្មៅ និងឆ្នូតបណ្តោយដងខ្លួនឆ្លងកាត់ខ្នង។ ត្រីអណ្តាពីរ វាស៊ីវារិជាតិ, ផ្លង់តុងរុក្ខជាតិ, ត្រី និងសិប្បីជាតិ «ពពួក ខ្យង ខ្ចៅ កំពឹស ក្តាម» ជាដើម ជាអាហារ។
ត្រីអណ្តាពីរ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១០ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ។ ទោះយ៉ាងណា សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិ ឲ្យបានគង់វង្ស និងជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឲ្យមច្ឆជាតិក្នុងប្រទេសយើងសម្បូរឡើងវិញ និងសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយ។
© រក្សាសិទ្ធិដោយ thmeythmey.com